ខ្មាស​​សង្សារ​! ខ្មាស​​អ្នក​​ភូមិ! លែង​ហ៊ាន​ប្រឈម​​​មាន​​តែ​​បញ្ចប់

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​ទិញ​សាំង​៣​លី​ត្រមក​ចាក់​ស្រោច​លើ​ខ្លួនឆេះ​ស្លាប់​​យ៉ាង​អាណោច​​អាធ័ម ដែល​ហេតុការណ៍​នេះកើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ មិថុនា ២០១៦ ស្ថិត​នៅ​ភូមិ​បឹង​អណ្តែង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

​ប្រភព​ឱ្យ​ដឹងថា ជន​រង​គ្រោះ​ចាក់​សាំង​ដុត​ខ្លួនឯង​នេះ ឈ្មោះ​ដ​ន អាយុ​២៨​ឆ្នាំ ជា​អ្នក​រត់​រ៉ឺ​ម៉ក់​កង់​បី មាន​ទីលំនៅ​កន្លែង​កើត​ហេតុ​ខាង​លើ ។

ប្រភព​បន្ត​ថា ចំពោះ​មូលហេតុ​ត្រូវ​គេ​ដឹង​​ថា គឺ​ដោយ​សារតែ​​ជន​រង​គ្រោះ​តូចចិត្ត​ខ្មាស​សង្សារ ​ខ្មាស​អ្នក​ភូមិ ព្រោះ​​ម្តាយ​​បាន​​​ជំពាក់​​លុយ​​ធនាគារ និង​ជំពាក់​អ្នកស្រុក​អ្នក​ភូមិ​ច្រើន​ពេក រក​ដោះបំណុល​មិន​​រួច ។ ជនរងគ្រោះ​មិន​ដឹងថា ម្តាយខ្លួនហេតុអ្វី​​ចេះ​​តែ​​បន្ត​ដើរ​​ចង​.​ការ​ប្រាក់​​គេ មិនដឹង​ជា​យក​ប្រាក់​​​ទៅ​ធ្វើ​អ្វី? កត្តា​នេះ​​ហើយ ទើប​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ខ្មាស​​សង្សារ និង​ខ្មាស​អ្នក​ភូមិ ក៏​សម្រេច​ចិត្ត​យក​សាំង​មក​ចាក់​​លើ​គំនរ​ខោអាវ រួច​ចាក់​សាំង​ស្រោច​លើ​ខ្លួន​ដុត​ឆេះ​យ៉ាង​​សន្ធោសន្ធៅ បណ្តាល​ឱ្យ​ឆេះ​ខ្លោច​ខ្លួន​ស្លាប់​នៅ​ក្នុង​ភ្នក់ភ្លើង ។

គួរបញ្ជាក់ថា ជន​រង​គ្រោះ​ធ្លាប់​បាន​​ព្យាយាម​ចង​.​ក​សម្លាប់​ខ្លួន​ជា​ច្រើន​លើក ប៉ុន្តែ​ត្រូវ​បងប្អូន​ជួយ​សង្គ្រោះ​ទាន់​ពេល ។ តែ​លើក​នេះ ស្រាប់តែ​យក​សាំង​មក​ដុត​ខ្លួនឯង​ស្លាប់​យ៉ាង​វេទនា​បំផុត ។