លោក ហ៊ុន សែន សូមអភ័យ​ទោស​ចំពោះ​ការ​បំពាន​ច្បាប់​ចរាចរណ៍ដោយមិន​បាន​ពាក់​មួក​សុវត្ថិភាព​​

បន្ទាប់ពីអ្នកលេងហ្វេសប៊ុករាប់ពាន់អ្នកបានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការមិនបានពាក់មួកសុវត្ថិភាពពេលសម្រេចបើកម៉ូតូរបស់អ្នករត់ម៉ូតូឌុបម្នាក់កាលពីចុងសប្តាហ៍នោះ លោកនាយករដ្ឋមន្ត្រីបានធ្វើការសូមអភ័យទោសកាលពីម្សិលមិញហើយបានសុខចិត្តបង់ប្រាក់ផាកពិន័យដែលពាក់ព័ន្ធ។  លោកបានមានប្រសាសន៍អំឡុងពេលថ្លែងសុន្ទរកថាក្នុងពិធីប្រគល់សញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញថា “ខ្ញុំសូមអភ័យទោសជាសាធារណៈដែលកាលពីពេលថ្មីៗនេះ ខ្ញុំបានជិះម៉ូតូនៅក្នុងខេត្តកោះកុងមិនបានពាក់មួកសុវត្ថិភាព”។ រូបភាពបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន កាលពីថ្ងៃសៅរ៍ បានបង្ហាញឲ្យឃើញថា លោកបានឌុបអ្នករត់ម៉ូតូឌុបម្នាក់ ហើយក្រោយមកឲ្យអ្នករត់ម៉ូតូឌុបនោះ ឌុបលោកវិញ ដោយមិនបានពាក់មួកសុវត្ថិភាពដែលចងភ្ជាប់នឹងចង្អើរម៉ូតូ។ ខណៈលើកឡើងថា លោកគ្រាន់តែបើកម៉ូតូតាមផ្លូវមួយត្រឹមតែ២៥០ម៉ែត្រនោះ លោកបានទទួលស្គាល់ថា លោកពិតជាមិនបានគោរពច្បាប់មែន។ លោកបានមានប្រសាសន៍ថា “សូមកុំយកគំរូអាក្រក់នេះតាមខ្ញុំ។ ខ្ញុំសុខចិត្តបង់ប្រាក់ផាកពិន័យ”។ ច្បាប់ចរាចរណ៍ថ្មីដែលចូលជាធរមានកាលពីខែមករាតម្រូវឲ្យបង់ប្រាក់ផាកពិន័យ១៥.០០០រៀលចំពោះអ្នកបើកបរម៉ូតូនិងអ្នកដំណើរណាដែលមិនពាក់មួកសុវត្ថិភាពពេលចាប់បាន។ យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ៧៣ភាគរយនៃអ្នកដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៤ គឺមានជាប់ពាក់ព័ន្ធនឹងអ្នកបើកបរម៉ូតូ ក្នុងនោះមានតែ១២ភាគរយប៉ុណ្ណោះដែលពាក់មួកសុវត្ថិភាព៕ស៊ុយឈាង © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post លោក ហ៊ុន សែន សូមអភ័យ​ទោស​ចំពោះ​ការ​បំពាន​ច្បាប់​ចរាចរណ៍ដោយមិន​បាន​ពាក់​មួក​សុវត្ថិភាព​​ appeared first on The Cambodia Daily.