យុវជន​ និង​យុវតី​​កម្ពុជា​ ចាប់ផ្តើម​គាំទ្រ​បាល់​​ទាល់​​ខ្លាំង

វា​ជា​ទិដ្ឋភាព​មួយ​ដ៏​ប្លែក​​ពី​មុន នៅ​ពេល​ដែល​គេ​បានឃើញ​ទាំង​យុវជន​ និង​យុវតី​កម្ពុជា​ បាន​មក​ពេញ​ពហុ​កីឡដ្ឋាន​​ជាតិ ​ដើម្បី​មើល​ និង​គាំទ្រ​ការ​ប្រកួត​បាល់ទាត់​ ។

នេះ​ជា​ទិដ្ឋភាព​មួយ​ ដែល​មិនឃើញ​មាន​ច្រើន​ឡើយ ​កាលពី​ពេល​មុន​ ។ ការ​ចាប់ផ្តើម​ស្រឡាញ់គាំទ្រ និង​លេង​កីឡា​ ជា​សញ្ញា​ដ៏​ល្អ​​មួយ ​។

ពេល​មានការ​ប្រកួត​កីឡាបាល់ទាត់​ជម្រើសជាតិ​​កម្ពុជានៅ​ពហុ​កីឡដ្ឋាន​ជាតិអូ​ឡាំ​ពិ​កម្តង​ៗ យុវជនទាំងស្រី ទាំងប្រុស បាន​ទិញ​សំបុត្រចូល​ទស្សនា និង​ហ៊ោកញ្ជ្រាវ​គាំទ្រ​កីឡាករ​កម្ពុជាពេញ​ៗ​ស្តា​ត ​។

តារាង​បាល់ទាត់​ទំនើប​ៗ​​ជា​ច្រើន ក៏​បាន​បង្កើត​ឡើង​ច្រើន សម្រាប់​ជួល​ឱ្យ​យុវជន​លេង​បាល់ទាត់​ ។ តារាង​ទាត់​ឯកជន​ទាំងនោះ គឺ​យុវជន​អាច​លេង​បាល់​បាន​មិន​ថា ព្រឹក​ យប់ ថ្ងៃ ឬ​ក៏​មាន​ភ្លៀង​ឡើយ ព្រោះ​គេ​មាន​ធ្វើ​ដំបូល និង​ដាក់​ភ្លើង​បំភ្លឺ​ពេល​យប់​ៗ ​។ រីឯ​ហាង​លក់​សម្ភារ​​កីឡាមិន​ថា​ នៅ​តាម​ផ្សារ ឬ​ក៏​បើកហាង​តាម​ផ្លូវ តាម​ផ្ទះ​ទេ គឺ​ខោអាវ និង​ស្បែកជើង​បាល់ទាត់ ក៏​លក់ដាច់​ច្រើន​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិសេស​នៅ​ភ្នំពេញ​។

នៅ​ពេល​នេះ​ទៀត គឺ​នៅ​ពេល​មានការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​អឺរ៉ុប EURO ២០១៦ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ក៏​មាន​យុវ​ជន​យ៉ាងច្រើនបាន​បន្ត​គាំទ្រ ហើយ​បាន​ចាប់ផ្តើម​លេង​បាល់ទាត់​ថែម​ទៀត​ ។ សិស្ស​វិទ្យាល័យ និស្សិត​សាកលវិទ្យាល័យ មន្ត្រី​រាជ​ការ​តាម​ក្រសួង​ស្ថាប័នរដ្ឋ និង​បុគ្គលិក​ក្រុមហ៊ុន​នានាបាន​រួម​គ្នា បង្កើត​ក្រុមបាល់ទាត់ ដោយ​មាន​បោះពុម្ព​អាវ​ខោ តាម​ការ​ស្រឡាញ់​​ចង់បាន​របស់​ពួក​គេ​។

ក្រុម​អ្នកលេង​បាល់ទាត់​ទាំងនោះយល់​ឃើញ​ថា ស្រប​ពេល​ដែល​កីឡាបាល់ទាត់​ពេញ​និយម​ទាំង​នៅ​លើ​ពិភពលោក និង​បន្ត​ចូល​មក​ដល់​ប្រទេស​កម្ពុជា ពួក​គេរួម​នឹង​មិត្ត​ភក្តិ​ មិត្ត​រួមការ​ងារ ក៏​បាន​រួម​គ្នា​បង្កើត​ក្រុមបាល់ទាត់​ ។ បាល់ទាត់មិន​ត្រឹមតែ​គាំទ្រ​ទេ តែ​ក៏​ចូល​លេង​ថែម​ទៀត គឺ​ដើម្បី​សប្បាយ​ជួបជុំ​មិត្ត​ភក្តិ​ផង និង​ដើម្បី​សុខភាព​ផង ​។ យុវជន​បាន​ប្តូរ​ពេលវេលា​ជួបជុំ​ផឹកស៊ី​តាម​ហាងនៅ​ពេល​ល្ងាច​ៗ មក​ជា​ជួបជុំ​លេង​កីឡា ដែល​ទុកដូចជា​ការ​ហាត់ប្រាណ​។

យ៉ាងណា​ក៏​ដោយ សូម​ឲ្យ​យុវជន​ខ្មែរ ក្លាយជា​អ្នកគាំទ្រ​កីឡាបាល់ទាត់ជា​រៀង​រហូត កុំ​គាំទ្រ​តែ​មួយ​ឆាវ​ៗ​ ។ រីឯ​ការ​លេង​បាល់ទាត់ ក៏​សូម​ឲ្យ​លេង​ជា​ប្រចាំ ដើម្បី​សុខភាព និង​ដើម្បី​កាត់​បន្ថយ​ការ​ជួបជុំ​គ្នា ដើម្បី​តែ​ផឹកស៊ី ដូច​ទម្លាប់​កន្លង​មក​៕