បែក​ធ្លាយ​ពលរដ្ឋ​នៅ​ស្រុក​បាទី​ ​ត្រូវ​ថៅកែ​ម្នាក់​បោះ​ទន់​ឲ្យ​ផលិត​ស្ករត្នោត​ក្លែងក្លាយ

បែក​ធ្លាយ​ពលរដ្ឋ​នៅ​ស្រុក​បាទី​ ​ត្រូវ​ថៅកែ​ម្នាក់​បោះ​ទន់​ឲ្យ​ផលិត​ស្ករត្នោត​ក្លែងក្លាយ



តាកែវ ​៖ ​ការផលិត​ស្ករត្នោត​ក្លែងក្លាយ​កំពុង​កក្រើក​ក្នុង​ភូមិ​ថ្ម​សរ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ បន្ទាប់ពី​មាន​ថៅកែ​ដ៏​ល្បី​១​រូប​នៅ​ផ្សារ​ច្បារអំពៅ​ជា​អ្នក​ផ្ដល់​ទុន។

បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្ម​សរ​បាន​ប្រាប់​ថា ពួកគាត់​មាន​ជីវភាព​រីកចម្រើន​បន្ទាប់​ពី​ បាន​លោក​ថៅកែ​ម្នាក់​នៅ​ផ្សារ​ច្បារអំពៅ​បាន​​​ទុន​ឲ្យ​ពួកគាត់​ផលិត​ស្ករត្នោត​ក្លែងក្លាយ ហើយ​ថៅកែ​រូប​នោះ​មិន​ប្រាប់​ឈ្មោះ​គាត់​ជា​សាធារណៈ​នោះទេ។

យោងតាម​សេចក្ដី​រាយ​ការណ៍​បានឲ្យដឹងថា​ ការផលិត​ស្ករត្នោត​ក្លែងក្លាយ​បាន​ប្រើប្រាស់​វត្ថុធាតុដើម​រួមមាន​ស្ករស ទឹក ប្រេងសណ្ដែក អំបិល និង​វត្ថុ​ផ្សេងៗ​ជាច្រើន​ទៀត។ ពលរដ្ឋ​បន្ត​ទៀត​ថា​ ក្រោយ​ការ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទាំងនេះ​រួច​ ពួកគាត់​នាំគ្នា​យក​ស្ករ​ទាំងនោះ​ដឹក​តាម​រថយន្ត​ ឬ​រ៉ឺម៉ក​យក​ទៅ​ឲ្យ​លោក​ថៅកែ​នៅ​ផ្សារ​ច្បា​អំពៅ​ទាំងអស់ ហើយ​ការផលិត​ស្ករ​របស់​អ្នកភូមិ​ថ្ម​សរ​ក្នុង​មួយថ្ងៃ​មិន​ក្រោម​១០​តោន​នោះទេ។

ពលរដ្ឋ​បន្ត​ឲ្យ​ដឹងទៀតថា​ ការដែល​ពួកគាត់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ​បាន គឺ​មាន​ការ​ផ្ដល់​ទុន​ពី​ថៅកែ​ម្នាក់​នៅ​ច្បារអំពៅ ​ដោយ​គាត់​បាន​ដឹក​ស្ករស​យក​មក​ឲ្យ​ពួកគាត់​រាប់​តោន ​ពេល​ផលិត​ហើយ​លោក​ថៅកែ​រូប​នោះ​បាន​មក​ប្រមូល​ស្ករត្នោត​ក្លែងក្លាយ​នេះ ​ទៅ​ចូល​ឃ្លាំង​របស់​គាត់​វិញ ​ឬ​ពេលខ្លះ​ពួកគាត់​ផលិត​រួច​ដឹក​យក​ទៅ​ដោយ​ខ្លួនឯង។

ជុំវិញ​ករណី​ខាងលើ​អ្នក​យក​ព័ត៌មាន​យើង​នៅ​មិន​អាច​រក​ឈ្មោះ​លោក​ថៅកែ​នៅ​ផ្សារ​ច្បា​អំពៅ​ ដែល​ជា​អ្នក​ផ្ដល់​ទុន​ឲ្យ​មាន​ការផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​នោះ​បាន​នៅឡើយ​ទេ។ ចំណែក​លោក កេ​ត ព្រង់ ប្រធាន​មន្ទីរ​ឧស្សាហកម្ម ​និង​សិប្បកម្ម​ខេត្ត​តាកែវ​បាន​ឲ្យ​ដឹង​ថា ​លោក​នៅ​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅឡើយ​ទេ តែ​លោក​ទើបតែ​ដឹង​ក្រោយ​ពេលដែល​អ្នក​យក​ព័ត៌មាន​សាកសួរ​នេះ​ទេ​។

លោក​បន្ដទៀត​ថា ​ការផលិត​ស្ករត្នោត​ក្លែងក្លាយ​ខុស​ពី​វត្ថុធាតុដើម​គឺ​ខុសច្បាប់​ ហើយ​ការផលិត​បែបនេះ​គឺ​ខុស​ទាំងស្រុង​ព្រោះ​មិនមាន​ច្បាប់​អនុញ្ញាត​នោះ​ឡើយ។ បើទោះជា​លោក កេ​ត ព្រង់ អះអាង​បែបនេះ​ក៏ដោយ​តែ​លោ​ក​ថា​មិន​ហ៊ាន​ចុះទៅពិនិត្យ​ដោយផ្ទាល់​នោះទេ ដោយ​លោក​ចាំ​មើល​ខាង​ក្រុមមន្ត្រី​មូលដ្ឋាន​ចុះទៅ​មួយ​ជំហាន​សិន​ ចាំ​លោក​ចុះទៅពិនិត្យ​តាម​ក្រោយ៕