សម្ដេច​ក្រឡាហោម ទៅ​ទស្សនកិច្ច​ប្រទេស​ស្វីស​៦​ថ្ងៃ​ ដើម្បី ផ្លាស់ប្ដូរ​បទពិសោធន៍​ជុំវិញ​កំណែ ទម្រង់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​

សម្ដេច​ក្រឡាហោម ទៅ​ទស្សនកិច្ច​ប្រទេស​ស្វីស​៦​ថ្ងៃ​ ដើម្បី ផ្លាស់ប្ដូរ​បទពិសោធន៍​ជុំវិញ​កំណែ ទម្រង់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​



ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់ក្រោម​ជាតិ​ហៅ​កាត់​ថា គ​.​ជ​.​អ​.​ប កាលពី ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់ ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ស្វីស​ រយៈពេល​៦​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​២០​ដល់​២៥ ខែមិថុនា ឆ្នាំ​២០១៦​ខាងមុខនេះ​ដើម្បី ផ្លាស់ប្ដូរ​បទពិសោធន៍​ជុំវិញ​កំណែទម្រង់​ ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សន​កិច្ចការ​ងារ​កម្រិត​ខ្ពស់​ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ មាន​គោលបំណង​រឹតចំណង​ទំនាក់ទំនង ​និង​ភាពជា​ដៃគូ​រវាង​ប្រទេស​ស្វី​ស ​និង ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ​ជាពិសេស​ជុំវិញ​កិច្ច​សហប្រតិបត្តិការ​កំណែទម្រង់​ការ​អភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។ កំណែទម្រង់​នេះ ពង្រឹង​គណនេយ្យភាព​ប្រជាធិប​តេយ្យ ពង្រឹងសមត្ថភាព​និង​ប្រព័ន្ធ​រដ្ឋាភិបាល​នៅ​ថ្នាក់ក្រោម​ជាតិ​។ ការពង្រឹង​សមត្ថភាព​នៅ​ថ្នាក់​ស្រុក ក្រុង និង​ឃុំ​និង​នាំ​ឲ្យ​ការ​ផ្តល់​សេវា​សាធារណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ក៏ដូចជា​ជំរុញ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ និង​ការ​គោរព​សិទ្ធិមនុស្ស។

ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ដោយសារតែ​កំណែទម្រង់​នេះ​មាន​សារៈសំខាន់​សម្រាប់​ការ​លើកកម្ពស់​សុខ​សន្តិភាព និង​បរិយាប័ន្នភាព​ក្នុង​សង្គម​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌​ក្នុង​ប្រទេស​កម្ពុជា​ប្រទេស​ស្វី​ស​តាមរយៈ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​សហប្រតិបត្តិការ​ (​ដែល​ហៅ​កាត់​ថា ​SDC) ​រួមគ្នា​ជាមួយ​សហភាព​អឺរ៉ុប ​និង​ប្រទេស​ស៊ុយអែត​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ការងារ​អភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ ដែល​ជា​កំណែទម្រង់​អភិបាលកិច្ច​ស្នូល​មួយ​របស់​រដ្ឋាភិបាល​តាំងតែ​ពី​ឆ្នាំ​២០១៣​មក។

ក្នុង ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្តល់​នូវ​ការ​យល់ដឹង​ស៊ីជម្រៅ ​ពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពី​ថ្នាក់​មូលដ្ឋាន ​និង​ប្រព័ន្ធ​អភិបាលកិច្ច​តាម​បែប​វិមជ្ឈការ​របស់ប្រទេស​នេះ​។ គណៈប្រតិភូ​និង​មាន​ឪ​កាស​មើល​ឃើញ​ផ្ទាល់​ភ្នែក​ នូវ​ការអនុវត្ត​កិច្ចការ​នយោបាយ​ និង​រដ្ឋបាល​ក្នុង​ប្រទេស​ស្វីស ​ក៏ដូចជា​ប្រព័ន្ធ​សភា​ និង​ប្រព័ន្ធ​បោះឆ្នោត​របស់​ប្រទេស​នេះ​។

គណៈប្រតិភូ​និង​ស្វែងយល់​ផង​ដែរ​ពី​លក្ខណៈ​ នៃលទ្ធិប្រជាធិបតេយ្យ​បែប​កុងសង់ស៊ីស ​របស់​ប្រទេស​ស្វី​ស​ជាពិសេស ការ​ចែករំលែក​អំណាច​នយោបាយ​ក៏ដូចជា​នឹង​ជួប​ជា​មួយនឹង​ តំណាង​មកពី​រដ្ឋាភិបាល​ទាំង​បី​កម្រិត ​របស់​ប្រទេស​ស្វី​ស​ផង​ដែរ ពោល​គឺ​កម្រិត​ក្រុង កម្រិតខេត្ត​និង​កម្រិត​សហព័ន្ធ​។

ក្នុងនោះក៏មានការ​លើក​ស្នើ​ឲ្យ​មានការ​រៀបចំ​ ការ​ពិភាក្សា​ពិសេស​ផ្តោត​លើ​វិមជ្ឈការ ការងារ​អប់រំ​ និង​មជ្ឈការ​សារពើពន្ធ​ ក្នុង​គោលបំណង​ផ្តល់​ជា​ធាតុ​ចូល​សំខាន់ៗ ​ដែល​ជា​ប្រយោជន៍​សម្រាប់​គម្រោង​ផែន​ការ​ ធ្វើ​វិមជ្ឈការសេវាសាធារណៈ​របស់​ប្រទេស​កម្ពុជា​ ដែល​ជា​សមាសភាគ​សំខាន់​មួយ​ នៃ​កំណែទម្រង់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់ក្រោម​ជាតិ​របស់​ប្រទេស​នេះ៕
សម្ដេច​ក្រឡាហោម ទៅ​ទស្សនកិច្ច​ប្រទេស​ស្វីស​៦​ថ្ងៃ​ ដើម្បី ផ្លាស់ប្ដូរ​បទពិសោធន៍​ជុំវិញ​កំណែ ទម្រង់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​

សម្ដេច​ក្រឡាហោម ទៅ​ទស្សនកិច្ច​ប្រទេស​ស្វីស​៦​ថ្ងៃ​ ដើម្បី ផ្លាស់ប្ដូរ​បទពិសោធន៍​ជុំវិញ​កំណែ ទម្រង់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​