លោក ហ៊ុន សែន ថា​នឹង​មិន​ចូលរួម​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា នេះ ​ប្រតិកម្ម​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ដែល​ថា កម្ពុជា​បាន​រួម​ចំណែក​បំផ្លាញ​សាមគ្គីភាព​របស់​អាស៊ាន​ក្នុង​ដំណើរ​ការ​ដោះ​ស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ចម្រូង​ចម្រាស​រវាង​ប្រទេស​ចិន និង​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន។ លោក​បន្ត​ការពារ​ជំហរ​របស់​កម្ពុជា ដែល​គាំទ្រ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​តាម​យន្តការ​ទ្វេ​ភាគី។

លោក ហ៊ុន សែន ប្រកាស​ថា កម្ពុជា​នឹង​មិន​ចូលរួម​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​អាស៊ាន​គាំទ្រ​ការ​សម្រេច​របស់​តុលាការ​ក្នុង​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចេញ​នៅ​ពេល​ឆាប់​ខាង​មុខ​នេះ ​មាន​ប្រទេស​ហ្វីលីពីន ជាដើម​បណ្ដឹង​ត​ទល់​នឹង​ប្រទេស​ចិន​ឡើយ។ ការ​ប្រកាស​ជំហរ​របស់​លោក ហ៊ុន សែន ​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​ប្រគល់​សញ្ញាប័ត្រ​ដល់​សិស្ស​មន្ត្រី​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា៖ «»។

លោក ហ៊ុន សែន ដែល​មាន​និន្នាការ​ទៅ​រក​ប្រទេស​ចិន​នេះ បញ្ជាក់​ជំហរ​របស់​លោក​ជា​ថ្មី​ថា ជម្រើស​ល្អ​បំផុត​ដើម្បី​រក្សា​ស្ថិរភាព​ក្នុង​តំបន់​ គឺ​មាន​តែ​ទុក​ឲ្យ​ប្រទេស​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​នេះ​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​ទ្វេ​ភាគី​ប៉ុណ្ណោះ។ ប៉ុន្តែ​យន្តការ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា ប្រទេស​ចិន​នឹង​មាន​ប្រៀប។

ការ​ថ្លែង​ការពារ​ជំហរ​របស់​លោក ហ៊ុន សែន ជា​ថ្មី​ម្ដង​ទៀត​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បួង​នៅ​ពេល​នេះ​ បន្ទាប់​ពី​សារព័ត៌មាន​បរទេស​រាយការណ៍​ពី​ភាព​បែកបាក់​របស់​អាស៊ាន​ ដែល​មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ក្រោយ​កិច្ច​ប្រជុំ​ពិសេស​មួយ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ចិន​ និង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នៅ​ទីក្រុង​គុនមីង (Kunming) ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា សប្ដាហ៍​មុន ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ពាក់​ព័ន្ធ​នឹង​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​បួន រួម​មាន​ ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និង​វៀតណាម តទល់​នឹង​ប្រទេស​ចិន។

ភាព​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​លើ​បញ្ហា​នេះ ត្រូវ​បាន​សារព័ត៌មាន​បរទេស​មួយ​ចំនួន​រាយការណ៍​ថា ដោយសារ​ប្រទេស​ចិន​បាន​បំបែក​សំឡេង​អាស៊ាន​តាម​រយៈ​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​ឡាវ និង​កម្ពុជា មិន​ឲ្យ​គាំទ្រ​ខ្លឹមសារ​ដើម​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ដំបូង​ឡើយ​ប្រទេស​ទាំង ១០​បាន​ព្រមព្រៀង​គ្នា​សោះ​នោះ។

ទាក់​ទង​នឹង​ភាព​ចម្រូងចម្រាស​ក្រោយ​កិច្ច​ប្រជុំ​ពិសេស​នៅ​ប្រទេស​ចិន​នោះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី បដិសេធ​មិន​ផ្ដល់​ការ​អត្ថាធិប្បាយ​នោះ​ទេ។ លោក​ថា លោក​មិន​មាន​ព័ត៌មាន​អ្វី​ដែល​លោក​អាច​បន្ថែម​ពី​លើ​ខ្លឹមសារ​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ចេញ​ផ្សាយ​ក្រោយ​កិច្ច​ប្រជុំ​នោះ​ទេ ហើយ​​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ការ​លើក​ឡើង​របស់​​លោក ហ៊ុន សែន។

ទាក់​ទង​រឿង​នេះ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ លោក គង់ ភោគ យល់​ថា អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង​មិន​មែន​ជា​រឿង​ថ្មី​ទេ។ ដើម្បី​រក្សា​ស្ថិរភាព​ក្នុង​តំបន់​ លោក​ជំរុញ​ឲ្យ​ប្រទេស​ជា​ភាគី​ជម្លោះ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ពង្រឹង​ទំនុក​ចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្ត​ការ​ចរចា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។