មនុស្ស​ឯកា​យូរ​ពេក ពិបាក​យល់​ចិត្ត?

ជីវិត​មនុស្ស​តែង​ឆ្លង​កាត់​ស្នេហា និង​ការ​ស្រលាញ់​ចាក់​ស្រែះ​ក្នុង​បេះដូង​រហូត​ពេល​ខ្លះ​ស្រាយ​មិន​រួច ប៉ុន្តែ​ក៏​មាន​បុរស-នារី​មួយ​ចំនួន​ចំណាយ​ពេល​នៅ​ម្នាក់​ឯង​យ៉ាង​យូរ ព្រោះ​មិន​ចង់​រើស​គូ​ខុស​នាំ​ខូច​ចិត្ត។ ពេល​វេលា​នៅ​ម្នាក់​​ឯង​នោះ​បាន​ក្លាយ​ជា​ទម្លាប់ រហូត​មិន​ចង់​មាន​ស្នេហា និង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពិបាក​យល់​ចិត្ត។ តើ​នេះ​ជា​ការ​ពិត​ឬ​ទេ?

 

មនុស្ស​ឯកា​យូរ​ពេក ពិបាក​យល់​ចិត្ត?រូប​តំណាង

 

លោក ឈឹមលី ណារ៉ាឈុន ជា​មន្ត្រី​រាជការ​ស៊ីវិល​មួយ​រូប​ក្នុង​ខេត្ត​ក្រចេះ បាន​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់ មនុស្ស​ស្រី​ធ្លាប់​តែ​នៅ​ម្នាក់​ឯង​យូរ ពិត​ជា​ពិបាក​យល់​ចិត្ត ហើយ​មិន​ដែល​គិត​ដល់​អ្នក​ផ្សេង​ឡើយ។ លោក ណារ៉ាឈុន បាន​និយាយ​ថា៖ “ធម្មតា​ទេ តែ​គេ​ទម្លាប់​នៅ​ម្នាក់​ឯង​ហើយ មិន​ងាយ​តាម​ស្រលាញ់​ទេ… គេ​គិត​តែ​ពី​ជីវិត​សប្បាយ​សប្បាយ​របស់​គេ គ្រួសារ​គេ ហើយ​និង​រៀន​សូត្រ​អីហ្នឹង”។

 

អតីត​និស្សិត​នៅ​សាលា​ភូមិន្ទនីតិសាស្ត្រ​រូប​នេះ បាន​បន្ត​ទៀត​ថា៖ “អ្នក​ធ្លាប់​តែ​នៅ​ម្នាក់​ឯង​អីចឹង បើ​ស្រលាញ់​ហើយ​ក៏​វេទនា​តាម​ផ្គាប់​ចិត្ត​គេ​ដែរ ព្រោះ​គេ​ធ្លាប់​តែ​ធ្វើ​តាម​ចិត្ត​ខ្លួន​ឯង មាន​សេរីភាព ទៅ​ណា​មក​ណា​ម្នាក់​ឯង”។ យ៉ាង​ណា​ក្ដី លោក ណារ៉ាឈុន បាន​បញ្ជាក់​ថា រូប​លោក​ផ្ទាល់​ក៏​នៅ​ម្នាក់​ឯង​ដែរ ព្រោះ​ជា​ទម្លាប់​ទៅ​ហើយ មិន​ចង់​ឲ្យ​មាន​គេ​រំខាន។

 

មនុស្ស​ឯកា​យូរ​ពេក ពិបាក​យល់​ចិត្ត?
លោក ឈឹមលី ណារ៉ាឈុន
 

ចំណែក កញ្ញា ឆន ស្រីពៅ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯក​ជន បាន​អះអាង​ថា មិន​មែន​គ្រប់​គ្នា​សុទ្ធតែ​បែប​នេះ​ទេ អ្នក​ខ្លះ​នៅ​ឯកា​យូរ​ក៏​ចេះ​សម្រប​តាម​គេ​ដែរ នៅ​ពេល​មាន​គូ។ ស្រី​ពៅ បាន​និយាយ​ថា៖ “ដោយ​មនុស្ស​ទេ ពេល​ខ្លះ​គេ​នៅ​ម្នាក់​ឯង​យូរ​មែន តែ​គេ​យល់​ពី​អារម្មណ៍​មនុស្ស​ស្រី មិន​មែន​យល់​តែ​ពី​ចិត្ត​ខ្លួន​ឯង”។ ​

 

ស្រី​ពៅ បាន​បន្ថែម​ទៀត​ថា អ្នកខ្លះ​បើ​សិន​​បាន​ជួប​មនុស្ស​ដែល​គេ​ស្រលាញ់​ពិត​ប្រាកដ គេ​នឹង​ផ្លាស់​ប្ដូរ​មិន​ចង់​ឯកា​ទៀត​ទេ តែ​បើ​មិន​ទាន់​ចាប់​អារម្មណ៍​លើ​នរណា គេ​នៅ​តែ​ជា​មនុស្ស​ដដែល​មិន​ខ្វល់​អ្វី​ទាំង​អស់ គិត​ថា​ពិភពលោក​ធំធេង អាច​ទៅ​ណា​មក​ណា​ម្នាក់​ឯង មាន​សេរីភាព អាច​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។

 

មនុស្ស​ឯកា​យូរ​ពេក ពិបាក​យល់​ចិត្ត?
កញ្ញា ឆន ស្រីពៅ 
 

ងាក​មក កញ្ញា​ម្នាក់​ដែល​ប្រាប់​ត្រឹម​ឈ្មោះ​កាត់ រចនា ជា​និស្សិត​ឆ្នាំ​ទី៤ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​និយាយ​ថា៖ “និយាយ​តាម​ត្រង់​បង សង្សារ​ខ្ញុំ​ដូច​បង​និយាយ​ចឹង គឺ​ពី​មុន​ជា​មនុស្ស​ទម្លាប់​ដើរ​ទៅ​ណា​មក​ណា​ម្នាក់​ឯង… ពិត​ជា​ពិបាក​យល់​ចិត្ត​ណាស់ គ្រាន់​តែ​សួរ​នាំ​ច្រើន​ក៏​មិន​បាន ចាប់​ផ្ដើម​ខឹង​ភ្លាម គេ​ថា​ខ្ញុំ​ពូកែ​ជីក​ឫស​គល់ ធម្មតា​ស្រលាញ់​គ្នា​ចង់​ដឹង​ចឹង​ហើយ”។

 

​​​​ទោះ​យ៉ាង​ណា រចនា បាន​អះអាង​ថា ខ្លួន​ជា​អ្នក​ជ្រើសរើស​ស្រលាញ់ ទើប​សុខ​ចិត្ត​ទ្រាំ​ជាមួយ​កាយវិការ​ព្រងើយ​កន្តើយ​បែប​នេះ ហើយ​សង្ឃឹម​ថ្ងៃ​ណា​មួយ​គេ​នឹង​ប្ដូរ​ចិត្ត។ “សង្ឃឹម​ថា​គាត់​ប្ដូរ​ចុះ ព្រោះ​ពេល​ណា​ខ្ញុំ​អន់​ចិត្ត​ខ្លាំង គាត់​ថា​នឹង​ព្យាយាម​កែប្រែ និង​ប្រាប់​ឲ្យ​ទុក​ពេល ដោយសារ​ពី​មុន​ទម្លាប់​ចឹង​ហើយ…”។ រចនា បញ្ជាក់៕

 

ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ? ឯកា​យូរ​ពេក តិច​ពិបាក​រក​ស្នេហា​ត្រូវ​ចិត្ត!

 

អត្ថបទ៖ គង់ វិសាល