​ឈឹម សារ៉ាត់ ​ថា​សៀមរាប​ជា​កន្លែង​កីឡា​រីក​ចម្រើន​ បន្ទាប់​ពី​ភ្នំពេញ

លោក ឈឹម សារ៉ាត់ ​គ្រូ​បង្វឹក​ក្រុម​សៀមរាប​អង្គរ ​ជឿជាក់​ថា​មាន​តែ​ខេត្ត​របស់​លោក​ហើយ ដែល​មាន​វិស័យ​កីឡា​រីក​ចម្រើន បន្ទាប់​ពី​រាជ​ធានី​ភ្នំពេញ​ទៅ ព្រោះ​គ្រាន់​តែ​ទីលាន​បាល់ទាត់​មាន​ដល់​ទៅ​ជាង​២០​កន្លែង​ផ្សេង​គ្នានៅទីរួមខេត្ត។

 

​ឈឹម សារ៉ាត់ ​ថា​សៀមរាប​ជា​កន្លែង​កីឡា​រីក​ចម្រើន​ បន្ទាប់​ពី​ភ្នំពេញលោក ឈឹម សារ៉ាត់

 

ខេត្ត​សៀម​រាប ​ជា​ខេត្ត​តែ​មួយ​គត់​ដែល​អាច​ឆ្លង​មក​លេង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Hun Sen Cup ​បាន​ជាមួយ​ក្រុម​លេង​នៅ​លីគ​កំពូល​កម្ពុជា។ ​ខណៈ​ដែល​លោក ឈឹម សារ៉ាត់ ​គ្រូ​បង្វឹក​ក្រុម​មួយ​នេះ ​បាន​បង្ហើប​ថា​កីឡាករ​ក្រុម​របស់​លោក ភាគ​ច្រើន​សុទ្ធ​តែ​អ្នក​ធ្វើ​ការ ហើយ​សិស្ស​សាលា​ក៏​សឹង​តែ​មាន​ពាក់​កណ្ដាល​សមាជិក​ក្រុម​ដែរ។

 

គ្រូ​បង្វឹក​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​៖ “ខ្ញុំ ហ៊ាន​និយាយ​ថា​បន្ទាប់​ពី​ភ្នំពេញ​ទៅ មាន​តែ​សៀមរាប​ហើយ​ដែល​មាន​វិស័យ​កីឡា​រីក​ចម្រើន។ គ្រាន់​តែ​ទីលាន​បាល់ទាត់​នៅ​ទី​រួម​ខេត្ត​មាន​ដល់​២០​ទីលាន​ជាង​ទៅ​ហើយ ដោយ​មិន​បាច់​រាប់​នៅ​តាម​ស្រុក​ទេ។ ​សៀម​រាប​មិនមែន​មាន​តែ​បាល់ទាត់​ដែល​លេចធ្លោ​ កីឡា​ផ្សេង​ៗ​ក៏​មិន​អន់​ដែរ”។

 

នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Hun Sen Cup ​នា​ថ្ងៃ​ស្អែក​នេះ ​ក្រុម​សៀមរាប​អង្គរ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន ​នា​វេលា​ម៉ោង​៣:៣០​នាទី​ល្ងាច ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ចាំ​មើល​ក្រុម​មក​ពី​ខេត្ត​មួយ​នេះ ​អាច​ធ្វើ​អ្វី​ក្រុម​ភ្នំពេញ​ក្រោន​បាន​អត់?

 

អត្ថបទ៖ មុន្នី រម្យ