​​​ប្រាក់ ​សុវណ្ណារ៉ា​៖ បើ​ស្វាយ​រៀង​ចង់​​លើក​ពាន​​ Hun Sen Cup ត្រូវ​​រំលង​បឹង​កេត​សិន

​លោក ប្រាក់ សុវណ្ណារ៉ា ​​គ្រូ​បង្វឹក​ក្លឹប​បឹង​កេត​អង្គរ បាន​លើក​ឡើង​កាល​ពី​​​ពេល​ថ្មី​ៗ​​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ថា ក្រុម​ព្រះខ័នរាជ​ស្វាយរៀង បើ​ចង់​ការ​ពារ​​តំណែង​ជើង​ឯក​​ Hun Sen Cup ត្រូវ​រំលង​​ក្រុម​របស់​ខ្លួន​ជា​មុន​សិន។

 

​​​ប្រាក់ ​សុវណ្ណារ៉ា​៖ បើ​ស្វាយ​រៀង​ចង់​​លើក​ពាន​​ Hun Sen Cup ត្រូវ​​រំលង​បឹង​កេត​សិនលោក ប្រាក់ សុវណ្ណារ៉ា

 

​ការ​​​លើក​ឡើង​របស់​លោក ប្រាក់ សុវណ្ណារ៉ា ​បែប​នេះ ​បន្ទាប់​​​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ធ្លាប់​​បាន​​តាំង​ចិត្ត​យ៉ាង​មុតមាំ​ថា ​ពួក​គេ​នឹង​អាច​លើក​ពាន Hun Sen Cup 2016 ​ម្ដង​ទៀត​ បន្ទាប់​ពី​​ក្រុម​នេះ​​ក្លាយ​ជា​ជើង​ឯក​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ។

 

​លោក​ ប្រាក់ សុវណ្ណារ៉ា បាន​បន្ថែម​ថា ​ការ​​ពិត​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​សំបូរ​ទៅ​​ដោយ​កីឡាករ​ដែល​ជា​​​ថ្នាល​យុវជន ហើយ​សុទ្ធសឹងតែ​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ។ ​ប៉ុន្តែ​បឹង​កេត​​​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា អាច​យក​ឈ្នះ​​ព្រះខ័ន​រាជ​ស្វាយ​រៀង​បាន នឹង​អាច​បន្ត​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៀត​ផង។

 

​អតីត​គ្រូ​បង្វឹក​របស់​ណាហ្គាវើល​រូប​នេះ​ បាន​និយាយ​ពី​ចំណុច​ខ្លាំង​របស់​​ព្រះខ័ន​រាជ​ស្វាយ​រៀង​ថា ​ក្រុម​របស់​លោក​ សំ វ៉ាន់ដេត ​​មាន​​របៀប​លេង​ជា​ក្រុម​ ។ ​ទន្ទឹម​នឹង​នោះ​គ្រប់​កីឡាករ​របស់​​ព្រះខ័ន​រាជ​ស្វាយ​រៀង ភាគ​ច្រើន​រស់​នៅ​ជា​មួយ​គ្នា​ច្រើន​ឆ្នាំ ​ដែល​ធ្វើ​ឲ្យ​​ពួក​គេ​​​យល់​ចិត្ត​​គ្នា​ ពិសេស​គឺ​ការ​លេង​បាល់​តែ​ម្ដង​។

 

​​​​ជំនួប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​បឹង​កេត​អង្គរ​នៅ​ថ្ងៃ​ពុធ​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣:៣០​ នាទី​រសៀល ​នា​កីឡដ្ឋាន​ស្ដាត​ចាស់៕

 

-ចុច​អាន ៖ សំ វ៉ាន់ដេត ​គិត​ថា​ប៉ះ​បឹង​កេត​ថ្ងៃ​ពុធ​នេះ ​នឹង​ពិបាក​បំផុត

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​