តំបន់​រមណីយដ្ឋាន​ដីដុះ​កំពុង​ទទួល​រង​មហន្តរាយ

តំបន់​រមណីយដ្ឋាន​ដីដុះ​កំពុង​ទទួល​រង​មហន្តរាយ



ខេត្តឧត្ដរមានជ័យ ៖ តំបន់​ទេសចរណ៍​រលួស​ធំ ឬ​ហៅ​ថា រមណីយដ្ឋាន​ដីដុះ នៅ​ជាប់ជើង​ភ្នំ​ដងរែក មាន​ទីតាំង​ជាប់​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន ជា​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ក្នុង​សង្កាត់​បន្សាយ​រាក់ ក្នុង​ក្រុង​សំរោង កំពុង​ប្រឈម​នឹង​ការ​បាត់បង់​បន្តិច​ម្ដង​ៗ​បើសិនជា​អាជ្ញាធរ និង​មន្ទីរ​ទេសចរណ៍​ខេត្ត មិន​យកចិត្តទុកដាក់​រក្សា​ការពារ ព្រោះ​ផ្ទៃដី​តំបន់​ទេសចរណ៍​ខាងលើ កំពុង​រង​ការ​ទន្ទ្រាន​យក ពី​មនុស្ស​លោភលន់​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​ពី​សំណាក់​អ្នកមាន​អំណាច​ក្បាល​ខ្មៅ​មួយ​ចំនួន ។

តំបន់​ទេសចរណ៍​រលួស​ធំ​ដីដុះ ជា​កន្លែង​ទេសចរណ៍​ដ៏​សំខាន់​មួយ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ ក្រៅពី​រមណីយដ្ឋាន​ប្រាសាទ​បូរាណ ដូច​ជា​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី រមណីយដ្ឋាន ប្រវត្តិសាស្ត្រ បឹង​តា​ម៉ុ​ក ផ្ទះ​តា​ម៉ុ​ក ផ្ទះ​ប៉ុ​ល​ពត និង​ទីតាំង​កប់​សព​ប៉ុ​ល​ពត​ជាដើម ក៏​មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដីដុះ​អច្ឆរិយ​មួយ​នេះ​ដែរ ។ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​តំបន់​ទេសចរណ៍​ដីដុះ​ដ៏​ចម្លែក​អស្ចារ្យ​នេះ កំពុង​តែ​មាន​ប្រជាពលរដ្ឋ​សាងសង់​លំនៅ​ដ្ឋា​ន និង​លួច​ចូល​ទន្ទ្រាន​កាប់​ព្រៃ​ក្នុង​តំបន់​នោះ ដើម្បី​យក​ដី​សម្រាប់់​អាស្រ័យ​ផល​ធ្វើស្រែ​ចំការ ។ ជា​ពិសេស សកម្មភាព​គ្រឿងចក្រ​ជីក​កាយ​យក​អាចម៍ដី​លក់  ពី​សំណាក់​ឈ្មួញ​ទុច្ចរិត​ក្បាលខូច​មាន​អំណាច ដែល​រកស៊ី​ដឹក​ដី​លក់ ។

អ្វី​ដែល​មានការ​ពាក់ព័ន្ធ គេ​សង្កេត​ឃើញ​មាន​សកម្មភាព​កំពុង​តែ​ធ្វើ​ផ្ទះ នៅ​ក្នុង​ទីតាំង​តំបន់​ទេសចរណ៍​មួយ​នេះ យ៉ាង​អនាធិបតេយ្យ ដែល​តាម​ការ​លើក​ឡើង​ពី​ប្រជាពលរដ្ឋ​ថា គឺ​អាជ្ញាធរ ភូមិ សង្កាត់ បាន​ឃុ​ប​ឃឹ​ត​លក់​ដី​ក្បែរផ្លូវ​ទៅ​ឱ្យ​ឯកជន​អស់​មួយ​ចំនួន ។ ហើយ​មួយ​ចំនួន​ទៀត ក៏​គេ​សង្កេត​ឃើញ​មាន​សកម្មភាព​កាប់​ព្រៃ និង​សកម្មភាព​ឈូស​ឆាយដី​ព្រៃ ដែល​ជា​គំរប​ព្រៃឈើ​ដ៏​សំខាន់ រនាំង​ការពារ​ទឹកភ្លៀង​ហូរ​ច្រោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រូបរាង​ដីដុះ ត្រូវ​បាត់បង់​ធាតុ​ដើម​ជា​បន្តបន្ទាប់ ។

តាម​ការ​រៀបរាប់​ពី​ព្រះសង្ឃ​មួយ​អង្គ​នាម សោ បូ​រី ដែល​គង់​ប្រតិបត្តិ​ធម៌​នៅ​អាស្រម​រលួស​ធំ ស្ថិត​នៅ​ចង្កេះភ្នំ​ដងរែក ក្នុង​ទីតាំង​តំបន់​ទេសចរណ៍​រលួស​ធំ​ដីដុះ បាន​មាន​ថេរ​ដីកា​ថា ក្នុង​មួ​យស​ប្តា​ហ៍​ក្នុង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​ប្រមាណ​ជា​១០០ ទៅ ១៥០​នាក់ និង​បាន​ទៅ​ដុត​ធូប​បួងសួង​នៅ​អាស្រម​ទេសចរណ៍ ។

ប្រជាពលរដ្ឋ​ជា​ចាស់ទុំ​ម្នាក់ រស់នៅ​ភូមិ​ខ្នាច​ឬ​ស្សី សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង បាន​និយាយ​ថា តំបន់​ទេសចរណ៍​រលួស​ធំ​ដីដុះ​នោះ ជា​ច្រើន​ជំនាន់​មក​ហើយ ដែល​គាត់​ឮ​ពី​ចាស់​ៗ ព្រឹទ្ធាចារ្យ​បាន​និយាយ​ត​ៗ​គ្នា​អំពី​តំបន់​ទេសចរណ៍​មួយ​នេះ បាន​ទាក់ទាញ​មាន​ភ្ញៀវ​ទេសចរណ៍​គ្រប់​ខែ​គ្រប់​រដូវ ទាំង​នៅ​ក្នុងស្រុក ក្រៅ​ខេត្ត​ផ្សេង​ៗ បាន​មក​កម្សាន្ត​លេង​មិន​ដែល​ដាច់​មនុស្ស​ឡើយ ព្រោះ​គេ​ចង់​មក​មើល​អំពី​ទិដ្ឋភាព​រាង​ដីដុះ ដែល​ត្រូវ​ទឹកភ្លៀង​ហូរ​ច្រោះ​មាន​ក្បូរក្បាច់​ដូច​គេ​បាន​ឆ្លាក់​ទុក ហើយ​ជា​ពិសេស​ភ្ញៀវ​ទេសចរណ៍​មានការ​ងឿងឆ្ងល់ ដី​ធម្មតា​សោះ តែ​ចេញ​ជា​រូបរាង​ដីដុះ ដែល​គ្មាន​កន្លែង​ណា​ដូច ។

តាម​ការ​លើក​ឡើង​ពី​មន្ត្រី​ទេសចរណ៍​ម្នាក់​ថា ផ្ទៃដី​តំបន់​ទេសចរណ៍​រលួស​ធំ​ដីដុះ មាន​ទំហំ​៦​គីឡូម៉ែត្រ​៤​ជ្រុង ពោរពេញ​ទៅ​ដោយ​ដីដុះ​ខ្លះ​ខ្ពស់ ខ្លះ​ទាប នៅ​រកេតរ​កូ​ស​ឯណេះ​មួយ ឯណោះ​មួយ គួរ​ឱ្យ​គយគន់​ណាស់ ។ តែ​ផ្ទៃដី​តំបន់​ទេសចរណ៍​មួយ​នេះ កំពុង​តែ​បាត់បង់​ជា​បណ្តើរ​ៗ បើសិនជា​អាជ្ញាធរ និង​មន្ទីរ​ទេសចរណ៍ មិន​យកចិត្តទុកដាក់​ទប់ស្កាត់ និង​អភិរក្ស​ឡើង​វិញ​នោះ​ទេ ឬ​មិន​មាន​សមត្ថភាព​ការពារ គង់តែ​រលាយ​ឆាប់​មិន​ខាន ។

តាម​ការ​ពិនិត្យ​មើល​អា​ជ្ញ​ធរ​ខេត្ត ហាក់ដូចជា​ព្រងើយ​ណាស់ ។ បាន​ទូរស័ព្ទ​ទៅ​លោកស្រី ធិ​ន នី​មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍ តែ​ទូរស័ព្ទ​មិន​អាច​ទាក់​ទង់​បាន ៕