មោទនភាព​ជាតិខ្មែរ ! ក្រុង​សៀមរាប និង អង្គរវត្ត ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ី

រាជធានី​ភ្នំពេញ ៖ ជា​មោទនភាព​ដែល​ជា​តម្លៃ​ធំធេង​មួយទៀត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា និង ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល បន្ទាប់​ពី​យើង​បាន​ទទួល​ជ័យ​លា​ភី​ពានរង្វាន់​ថ្មី​ៗ​ពី​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើ​ដំណើរ ទេសចរណ៍ (TripAdvisor) ដែល​ទីក្រុង​សៀមរាប​បាន​ឈ្នះ​ជា «​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​ក្នុង​អាស៊ី​សម្រាប់​ឆ្នាំ​២០១៦ Siem Reap as the Best Destination in Asia 2016» និង​ប្រាសាទអង្គរវត្ត បាន​ឈ្នះ​ជា «​ប្រាសាទ​ល្អ​បំផុត​ក្នុង​អាស៊ី​សម្រាប់​ឆ្នាំ​២០១៦ Angkor Wat as the Best Landmarks in Asia 2016» ។

ផ្តើម​ពី​នោះ ហើយ​កាន់តែ​មោទនភាព​ថែម​ទៀត​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​នឹង​ត្រូវ​ទទួល​នូវ​ជ័យ​លា​ភី​ពានរង្វាន់ «​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៦ Cambodia – the World Best Tourist Destination for 2016» ដែល​នឹង​ត្រូវ​ប្រគល់​ដោយ ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប ហើយ​ពិធី​ប្រគល់​នេះ​នឹង​រៀបចំ​ជា​ផ្លូវការ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ នេះ ។

សូម​ជម្រាប​ថា ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងទេសចរណ៍ បាន​អញ្ជើញ​គណៈប្រតិភូ​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប ចំនួន​៥​រូប ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត​សាស្ត្រាចារ្យ Mr. Anton Caragea ប្រធាន​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម នៃ​សហភាព​អឺរ៉ុប មក​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​ផ្តល់​ជ័យ​លា​ភី​ពានរង្វាន់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា «​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០១៦ Cambodia – the World Best Tourist Destination for 2016» ព្រមទាំង​ប្រកាស «​កម្ពុជា ជា​គោលដៅ​វប្បធម៌​ពេញ​និយម​សម្រាប់​ឆ្នាំ​២០១៦ The Favorite Cultural Destination for 2016» ថែម​ទៀត ។

មន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៥ ដោយ​មាន​សមាជិក​មក​ពី​ប្រទេស​ទាំង​២៧​ក្នុង​សហគមន៍​អឺរ៉ុប ។ ក្រុមប្រឹក្សា​នេះ​គឺជា​ស្ថាប័ន​ចាស់​ជាងគេ និង មាន​សារៈសំខាន់​ក្នុង​សហគមន៍​អឺរ៉ុប ដែល​មាន​ជំនាញ​លើ​វិស័យ​ស្រាវជ្រាវ និង ផ្សព្វផ្សាយ​ទេសចរណ៍ ដោយ​មាន​ទីផ្សារ​អតិថិជន​រហូត​ដល់​៨០០​លាន​នាក់​ក្នុង​ទូ​ទាំង​សហគមន៍​អឺរ៉ុប ៕