រដ្ឋាភិបាល​លើក​ឡើ​ងថា នៅ​ក្នុង​ញត្តិ​មាន​ស្នាម​មេដៃ​ជាន់​គ្នា​ចំនួន​៨៦​

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា ការសើុបអង្កេតលើស្នាមមេដៃចំនួន១៧០.០០០ដែលគណបក្សសង្គ្រោះជាតិបានប្រមូលសម្រាប់ញត្តិអំពាវនាវសុំឲ្យព្រះមហាក្សត្រជួយធ្វើអន្តរាគមន៍នៅក្នុងវិបត្តិនយោបាយនោះ បានរកឃើញករណីផ្សេងៗគ្នាចំនួន៨៦ក្នុងនោះមានស្នាមមេដៃ១ត្រូវបានផ្តិតក្បែរឈ្មោះជាច្រើន។ កាលពីខែមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យមានការសើុបអង្កេតនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី អំពាវនាវសុំឲ្យព្រះអង្គជួយបញ្ចប់ការគាបសង្កត់ផ្នែកនយោបាយជាច្រើន ដោយបច្ចុប្បន្នលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកំពុងស្នាក់នៅក្នុងទីស្នាក់ការកណ្តាលរបស់បក្សលោកដើម្បីគេចចេញពីការចាប់ខ្លួន។ មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ខ្លួនមិនជឿថា គណបក្សសង្គ្រោះជាតិអាចប្រមូលស្នាមមេដៃបានយ៉ាងច្រើនយ៉ាងឆាប់រហ័សបែបនេះឡើយ ហើយបានចោទប្រកាន់គណបក្សនេះថា អាចមានការប្រើល្បិចកលបំភាន់ភ្នែកព្រះមហាក្សត្រ។ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់គេហទំព័រព័ត៌មានFresh News កាលពី ថ្ងៃសុក្រថា ការសង្ស័យនេះទំនងជាត្រឹមត្រូវ។ លោកបានមានប្រសាសន៍ថា “ឥឡូវនេះគណៈកម្មការសើុបអង្កេតនឹងពិនិត្យស្នាមមេដៃកំពុងតែរៀបចំរបាយការណ៍ពិសេសសម្រាប់រដ្ឋាភិបាលកម្ពុជាអំពីស្នាមមេដៃដែលមានភាពមិនប្រក្រតីនៅក្នុងញត្តិរបស់គណបក្សសង្គ្រោះជាតិ”។ ដោយសំដៅដល់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រដែលយកញត្តិទៅកាន់ព្រះបរមរាជវាំងនោះ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា “តាមគំនិតខ្ញុំ ខ្ញុំសូមឲ្យលោក យ៉ែម បុញ្ញប្ញទ្ធិទទួលខុសត្រូវចំពោះភាពមិនប្រក្រតីនៅក្នុងស្នាមមេដៃទាំងនេះ”។ លោកបានបន្ថែមថា “ម្យ៉ាងវិញទៀតលោក យ៉ែម បុញ្ញប្ញទ្ធិ ដាច់ខាតត្រូវចាត់វិធានការស្វែងរកមនុស្សទាំង៨៦នាក់នេះដែលផ្តិតមេដៃជាន់គ្នា។ បើមិនដូច្នេះទេ រដ្ឋាភិបាលនឹងធ្វើរបាយការណ៍អំពីភាពមិនប្រក្រតីនេះដើម្បីថ្វាយដំណឹងដល់ព្រះមហាក្សត្រ”។ លោក យ៉ែម  បុញ្ញប្ញទ្ធិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយទាក់ទិននឹងបញ្ហានេះបានឡើយកាលពីម្សិលមិញ។ ជំនួយការរបស់លោកលើកឡើងថា លោកកំពុងជាប់រវល់នឹងកិច្ចការប្រជុំរបស់បក្ស។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា វាប្រហែលជាមានភាពងាយស្រួលសម្រាប់មនុស្សដែលមានបំណងមិនល្អក្នុងការញាត់ស្នាមមេដៃក្លែងក្លាយចូលទៅក្នុងញត្តិ ខណៈគណបក្សប្រឆាំងកំពុងប្រមូលស្នាមមេដៃ ហើយថា គណបក្សប្រជាជនកម្ពុជាកំពុងតែខ្ជះខ្ជាយពេលវេលា ហើយគួរតែងាកមកផ្តោតលើបញ្ហាដែលត្រូវបានលើកឡើងនៅក្នុងញត្តិវិញ។ លោក សុន ឆ័យ បានមានប្រសាសន៍ទាក់ទិននឹងលទ្ធភាពដែលអាចមានការក្លែងបន្លំថា “ការប្រមូលស្នាមមេដៃធ្វើឡើងយ៉ាងត្រឹមត្រូវដោយមន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិដែលជួយប្រមូលស្នាមមេដៃហើយវាប្រហែលជាមាននរណាម្នាក់ធ្វើរឿងនេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួន”។ លោកបានបន្ថែមថា “ក្នុងចំណោមស្នាមមេដៃជាង១មឺុន វាតែងតែមានកំហុសហើយ។ អ្វីដែលរដ្ឋាភិបាលគួរធ្វើ គឺយកអ្វីដែលពលរដ្ឋបានរៀបចំ ហើយបន្ទាប់មករៀបចំចម្លើយរបស់ពួកគាត់សម្រាប់ព្រះមហាក្សត្រ”។ គណបក្សសង្គ្រោះជាតិបានបើកឱកាសឲ្យមានការប្រមែប្រមូលពលរដ្ឋជាង១៧០.០០០នាក់ដែលគណបក្សនេះនិយាយថា គាំទ្រញត្តិរបស់ខ្លួន ដោយនាំពួកគាត់មករាជធានីភ្នំពេញដើម្បីបញ្ជាក់ថា ពួកគាត់គាំទ្រញត្តិេនះនៅក្នុងការតវ៉ាទ្រង់ទ្រាយធំ។ គណបក្សនេះក៏កំពុងតែប្រមូលស្នាមមេដៃបន្ថែមទៀតសម្រាប់ញត្តិថ្មីមួយដើម្បីដាក់ថ្វាយព្រះមហាក្សត្រអំពាវនាវឲ្យព្រះអង្គជួយស្តារអភ័យឯកសិទ្ធិស្របច្បាប់ដើម្បីការពារតំណាងរាស្ត្រជាប់ឆ្នោត។ […]

The post រដ្ឋាភិបាល​លើក​ឡើ​ងថា នៅ​ក្នុង​ញត្តិ​មាន​ស្នាម​មេដៃ​ជាន់​គ្នា​ចំនួន​៨៦​ appeared first on The Cambodia Daily.