សាហាវ! ចាក់​សម្លាប់​ស្រី​ម្នាក់​​នៅ​​ខាងលិច​​ផ្សារ​ដេប៉ូ

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​​ថា ​ស្ត្រី​ម្នាក់​​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​​ចាក់​សម្លាប់​ដោយ​​កូន​កាំបិត​​​ចុង​​ស្រួចជាច្រើន​កាំបិត​ បន្ទាប់​​ពី​ឃើញ​​ពួកគេ​ទាំង​២​នាក់ ​បាន​​ឈ្លោះប្រកែក​​គ្នា​យ៉ាង​ខ្លាំង​​មក ដែល​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០១៦ ស្ថិត​នៅ​ខាងលិច​ផ្សារ​ដេប៉ូ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។

​​​ស្ត្រី​រង​គ្រោះត្រូវបានស្គាល់​ឈ្មោះ​លី ដាវី អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​ដីអិន មានទីលំនៅ​ក្បែរកន្លែងកើតហេតុខាងលើ ​។ រីឯ​​ជន​​ដៃដល់​​មិនស្គាល់ឈ្មោះ​ទេ ។

ចំពោះ​​មូលហេតុ​​យ៉ាងណានោះ ក៏​មិន​ទាន់​ទទួល​បាន​ដែរ គ្រាន់​តែ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​កំពុង​ដើរតាមផ្លូវ​ ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់ ​និយាយ​​ជាមួយ​ស្ត្រី​​ខាងលើរួច​ ស្រាប់តែ​ជន​នោះ ​ដក​កាំបិត​មក​ចាក់​សម្លាប់​ស្ត្រី​នោះ​តែ​ម្តង រួច​គេចខ្លួន​បាត់ ។ បច្ចុប្បន្ន សាកសព​ស្ត្រី​រង​គ្រោះ​ស្ថិត​នៅ​កន្លែង​កើតហេតុ ដោយ​រង់ចាំ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ត្រួតពិនិត្យ ។