លោក អេង ឆៃអ៊ាង ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សួរសុខទុក្ខ​សកម្មជន​គណបក្ស ​ដែល​កំពុង​ជាប់ពន្ធនាគារ​

លោក អេង ឆៃអ៊ាង ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សួរសុខទុក្ខ​សកម្មជន​គណបក្ស ​ដែល​កំពុង​ជាប់ពន្ធនាគារ​



ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​៥០ នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ​ លោក​អេង ឆៃង​អ៊ាង មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​ប្រតិភូ​តំណាងរាស្ត្រ​គណបក្ស​មួយ​ក្រុម​ទៅ​សួរសុខទុក្ខ​សមាជិក​គណបក្ស ដែល​កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

យោង​តាម​លិខិត​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក ចាន់ គីម​សេង នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦ ដែល​បាន​ផ្ញើ​ទៅកាន់​លោក គង់ សភា អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា បាន​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​ចូល​ជួប​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ចំនួន​១៥ រូប នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ នៅ​ថ្ងៃទី​២១ ខែមិថុនា ប៉ុន្តែ​ក្នុង​លិខិត​មិនបាន​អនុញ្ញាត​ឲ្យ​ចូល​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ ៣ រូប​ទៀត រួមមាន លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា លោក អ៊ុំ សំអាន សមាជិក​រដ្ឋសភា និង​លោក ស៊ា​ង ចែត មេឃុំ​ស្រក នៃ​គណបក្ស សម រង្ស៊ី នោះទេ ពីព្រោះ​អ្នក​ទាំងបី​ស្ថិតក្នុង​ដំណាក់កាល​ស៊ើបសួរ​របស់​តុលាការ ដោយ​តម្រូវ​ឲ្យ​ស្នើសុំ​ការអនុញ្ញាត​ពី​តុលាការ​ជាមុន។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៦ ខែមិថុនា អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​នាយកដ្ឋាន​ពន្ធនាគារ ដើម្បី​ចូល​ជួប​សួរសុខទុក្ខ​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​សកម្មជន​គណបក្ស ​ដែល​កំពុង​ជាប់ឃុំ​ចំនួន​១៨​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០១៥ មក៕