ឆ្នាំនេះ ទុរេន​កំពត​ក្រ​ដល់ ​និង​ឆាប់​អស់

ឆ្នាំនេះ ទុរេន​កំពត​ក្រ​ដល់ ​និង​ឆាប់​អស់

 

កំពត​ជា​ខេត្ត​ល្បីឈ្មោះ​ខាង​ដំណាំ​ទុរេន ជា​យូរ​ឆ្នាំ​មក​ហើយ ខណៈ​​ទុរេន​កំពត​ចាប់ផ្ដើម​បង្ហាញ​វត្តមាន​លើ​ទីផ្សារ កាល​ពី​ដើម​ខែ​នេះ ហើយ​ត្រៀម​អស់​ទៅ​វិញ​នៅ​ចុង​ខែ​នេះ។

 

ឆ្នាំនេះ ទុរេន​កំពត​ក្រ​ដល់ ​និង​ឆាប់​អស់

 

អ្នកស្រី ហឿន ជា​អ្នកលក់​ទុរេន​នៅ​តាម​ផ្លូវ​ទៅ​ទឹកឈូ ខាងជើង​ស្ពាន​ស្នំ​ប្រាំពីរ​ប្រមាណ ១៥០ម៉ែត្រ បាន​ប្រាប់ Sabay ថា វា​មានពូជ​ច្រើន​ប្រភេទ​ណាស់ គឺ​ប្រហែលជា ២០ប្រភេទ​ឯណោះ។ តែ​សព្​វថ្ងៃនេះ​ទុរេន​ដែល​គេ​ពេញ​និយម​ពិសា​មានតែ​ពីរ​ប្រភេទ​ទេ គឺ​ពូជ​មុន​ថង និង​អូវខាក។

 

អ្នកស្រី​ បាន​បន្ថែម​ថា ពូជ​មុន​ថង​មាន​រសជាតិ​ផ្អែម​ខ្លាំង និង​ល្មួត រីឯ​ពូជ​អូវ​ខាក​ផ្អែម​ល្មម តែ​វា​សុទ្ធ​តែ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ដូចគ្នា។ ស្ត្រី​ចំណាស់​រូប​នេះ បាន​ប្រាប់ទៀត​ថា រដូវ​ទុរេន ឆ្នាំនេះ មក​ដល់​ហើយ ហើយ​វា​នឹង​អស់​ទៅវិញ​ប្រហែល​ចុងខែ ៦នេះ។ ចំពោះ​តម្លៃ​ទុរេន បាន​ចុះថ្លៃ​ជាង​មុន ដោយ​ពូជ​មុន​ថង ថ្លៃ ២០ ០០០៛ ក្នុង១គីឡូក្រាម ពូជ​អូវ​ខាក​ថ្លៃ១៨ ០០០។

 

ឆ្នាំនេះ ទុរេន​កំពត​ក្រ​ដល់ ​និង​ឆាប់​អស់

 

ដូចគ្នា​ដែរ​អ្នកស្រី មិនា កំពុងតែ​ដាក់​លក់​ទុរេន​​នៅ​តាម​ផ្លូវ​ទៅ​ទឹកឈូ​ដែរ ដែល​គាត់​មើល​ការ​ខុស​ត្រូវ​ដាក់​ជី​ថែ​ទាំ​ជា​រៀងរាល់ថ្ងៃ​ខ្ទង់ ១០០ដើម បាន​ប្រាប់ថា ផ្លែ​ទុរេន ដែល​គាត់​លក់​ជា​ទុរេន កំពត បើទោះ​បីជា​វា​មានឈ្មោះ​ជា​ភាសា​ថៃ​ក៏ដោយ ដែល​ពូជ ទុរេន នាំ​មកពី​ប្រទេស​ថៃ​ហើយ​ត្រូវ​បាន​គេ​ដាំ​លើ​ទឹកដី​កំពត​អស់​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​មក​ទល់នឹង​បច្ចុប្បន្ន។

 

ទុរេន​ដែល​គាត់​លក់​មាន ៣ប្រភេទ​គឺ​ពូជ​មុន​ថង អូវ​ខាក ណង​កិត (១២ ០០០៛)។ អ្នកស្រី​លើក​ឡើង​ថា ឆ្នាំនេះ ទុរេន​ក្រ​ដល់​ជាង​ឆ្នាំមុនៗ ក៏​ដោយសារតែ​ពុំ​មាន​ភ្លៀង​ធ្លាក់ ធ្វើ​ឲ្យ​ផ្លែ​យឺតយ៉ាវ និង​ទុរេន​មួយ​ចំនួន​បាន​ងាប់​ដោយសារ​គ្មាន​ទឹក​ស្រោចស្រព។

 

ឆ្នាំនេះ ទុរេន​កំពត​ក្រ​ដល់ ​និង​ឆាប់​អស់

 

អ្នកស្រី​ថា ឆ្នាំមុន​ទុរេន ផ្លែ​បណ្ដាក់​គ្នា​តាំងពី​ខែ​មិនា-មេសា ចំពោះ​ឆ្នាំនេះ ​វា​ចេញ​ផ្កា​ផ្លែ​ស្រុះគ្នា​ និង​អស់​ទៅវិញ​ឆាប់ៗនេះ​វិញ​ដែរ។ ឯ ទុរេន របស់គាត់​វិញ​ទើបតែ​ដល់​ប្រហែល ១សប្តាហ៍​ប៉ុណ្ណោះ។ អ្នកស្រី​បាន​ពន្យល់​ពី​ដំណាំ ទុរេន​នេះ​ថា វា​ត្រូវការ​ការថែទាំ​ឲ្យ​បាន​ដិតដល់​ទាំង​ទឹក និង​ជី។ បើ​ដាក់​ជី​ស្ទើរ​ក៏​វា​មិន​ផ្លែ ហើយ​វា​ឆាប់​ផ្កា​ផ្លែ​លុះត្រាតែ​នៅ​ដើម​រដូវ​សម្បូរ​ទឹកភ្លៀង ឬ​មានទឹក​គ្រប់៕

 

ឆ្នាំនេះ ទុរេន​កំពត​ក្រ​ដល់ ​និង​ឆាប់​អស់

 

អត្ថបទ៖ គីម សាយ