ពលរដ្ឋ​អាច​បង់​ថ្លៃ​សេវា​សាធារណៈ ឱ្យ​ក្រសួង​សាធារណការ កាន់​តែ​ស្រួល

ដើម្បី​​ផ្ដល់​ភាព​ងាយស្រួល​​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​បង់​ថ្លៃ​សេវា​សាធារណៈ ដូចជា​ថ្លៃ​ធ្វើ​ផ្លាក​លេខ​យានយន្ត ចុះ​បញ្ជី​រថយន្ត ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស រថយន្ត​ជាដើម​នោះ មក​កាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនដោយ​ផ្ទាល់ ថ្មីៗ​នេះ​ក្រសួងបាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ធនាគារ​ឯកទេស​វីង ដើម្បី​ឱ្យ​ពលរដ្ឋទូទាត់​ថ្លៃ​សេវាកម្ម​វីងវិញ។

 

ពលរដ្ឋ​អាច​បង់​ថ្លៃ​សេវា​សាធារណៈ ឱ្យ​ក្រសួង​សាធារណការ កាន់​តែ​ស្រួល

 

កិច្ចព្រមព្រៀង​ ដែល​មាន​ការ​ចូលរួម​របស់​​ឯកឧត្ដម តូច ចាន់កុសល រដ្ឋ​លេខាធិការ​ក្រសួងសាធារណការ និងដឹកជញ្ជូននេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បីផ្លាស់​ប្ដូរ​ការ​បង់​កម្រៃ​សេវា​សាធារណៈ ពី​ការ​បង់​ជា​សាច់ប្រាក់ មក​ជា​ការ​បង់​ប្រាក់​តាម​បច្ចេកវិទ្យា​អេឡិចត្រូនិកវិញ។

 

ក្នុង​ពិធី​ចុះកិច្ចព្រមព្រៀង​​ ​លោក ចូចូ មាឡូឡូស អគ្គនាយក​ធនាគារ​ខាងលើ បាន​និយាយ​ថា កិច្ច​សហប្រតិបត្តិការណ៍​នេះ ធនាគារ​នឹង​បង្វែរ​របៀប​នៃ​ការ​ទូទាត់​សាច់ប្រាក់​បច្ចុប្បន្ន ពី​សាច់ប្រាក់​រូបិយ ទៅ​សាច់ប្រាក់​អេឡិចត្រូនិក​សម្រាប់​ប្រជាជនកម្ពុជា ដែល​ប្រើប្រាស់​សេវា​ផ្សេងៗ​របស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន រួមមាន​សេវា​ធ្វើ​ប័ណ្ណ​បើកបរ ការពិនិត្យ​លក្ខណៈ​បច្ចេកទេស​របស់​យានយន្ត និង​​ការ​ចុះបញ្ជី​យានយន្ត​ជាដើម។

 

លោក​ថា៖ “នេះ​មិន​ត្រឹម​តែ​រហ័ស និង​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ផ្តល់​ឲ្យ​អតិថិជន​នូវ​មធ្យោបាយ​ថ្មី​សម្រាប់​ការ​ទូរទាត់​ប្រាក់​ទៀត​ផង។ វា​មាន​ន័យ​ថា អតិថិជន​ដែល​តម្រង់​ជួរ​បង់​ប្រាក់ ថ្លៃ​ធ្វើ​ប័ណ្ណបើកបរ និង​សេវាផ្សេង​ៗ អាច​បង់​ថ្លៃ​ទាំងនេះ​យ៉ាង​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ទៅ​កាន់​ភ្នាក់​ងារយើង​នៅ​​ទូទាំង​ប្រទេស”៕

 

អត្ថបទ៖ អ៊ុំ សុភក្តិ