មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តឧត្ដរមានជ័យ មិន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ដែល​កើតឡើង​យ៉ាង​រាលដាល​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ឈើ​ស្លាប់ ភូមិ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​អាជ្ញាធរខេត្ត មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នកមាន​លុយ អ្នកមានអំណាច​មួយចំនួន ធ្វើ​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​ពួកគេ​អាង​មាន​មន្ត្រីនគរបាល​និង​មន្ត្រី​យោធា​នៅ​ពី​ក្រោយខ្នង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឈើ​ស្លាប់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អម្ពិល អំពាវនាវ​ឲ្យ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ជាបន្ទាន់​កុំ​ឲ្យ​រាលដាល​តទៅទៀត​។

ប្រភពពី​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា អ្នកមានអំណាច អ្នកមាន​លុយ កំពុង​បំផ្លាញ​ព្រៃ​សហគមន៍ ហើយ​បាន​គំរាមកំហែង​សម្លាប់​ប្រជា​សហគមន៍​យ៉ាង​កំរោល ដែល​បញ្ហា​នេះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តឧត្ដរមានជ័យ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ឡើយ​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែមិថុនា អ្នកមាន​លុយ​ម្នាក់​បាន​ដឹកនាំ​កម្លាំង​នគរបាល​និង​យោធា​ទៅ​បណ្ដេញ​ប្រជាពលរដ្ឋ​៣​គ្រួសារ ហើយ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​យក​ដី ប៉ុន្តែ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​ចុះទៅ​ធ្វើការ​ហាមឃាត់ ពេលនោះ​ឈ្មោះ ពី រ៉ា​មីន បាន​គំរាម​សម្លាប់​តំណាង​សហគមន៍​ព្រៃឈើ​ឈ្មោះ ត្រេ​ន ត្រៃ​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការគំរាមកំហែង​ដល់​អាយុជីវិត​ពី​សំណាក់​អ្នកមាន​លុយ ដែល​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​។

សេចក្ដីរាយការណ៍​ពី​តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងភូមិ​ឈើ​ស្លាប់ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឈ្មោះ ពី រ៉ា​មីន ព្រមទាំង​ទាហាន​នគរបាល​ពីរ​បីនាក់​តាម​ការពារ​ផង បាន​ទៅ​សម្លុត​ប្រជាពលរដ្ឋ​៣​គ្រួសារ​រស់នៅ​ក្នុងព្រៃ​សហគមន៍​ឲ្យ​ចាកចេញ ហើយក៏​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយដី​។ ពេលនោះ​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​លោក ត្រេ​ន ត្រៃ បាន​ចុះទៅ​ឃាត់​គ្រឿងចក្រ​កុំ​ឲ្យ​ធ្វើ​សកម្មភាព ស្រាប់តែ​ឈ្មោះ ពី រ៉ា​មីន គំរាម​សម្លាប់​រូបលោក​យ៉ាង​កំរោល​តែម្តង​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងភូមិ​ឈើ​ស្លាប់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អម្ពិល បាន​អំពាវនាវ​ឲ្យ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​សមត្ថកិច្ច​ខេត្ត​នេះ ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឈ្មោះ ពី រ៉ា​មីន ដែល​គំរាម​សម្លាប់​តំណាង​សហគមន៍​យ៉ាង​គឃ្លើន​។ បើ​មិន​ដូច្នេះ​ទេ​ឈ្មោះ ពី រ៉ា​មីន ដែល​អាង​មាន​មន្ត្រីនគរបាល​និង​មន្ត្រី​យោធា​នៅ​ពី​ក្រោយខ្នង​អាច​បន្តធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ជាមិនខាន​៕

0001លោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ 001