កុងត្រូលជជុះ​របស់​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ លើផ្លូវ​ជាតិ​លេខ​៥​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

​កុងត្រូលជជុះ​របស់​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុចដើម​ចាន់គិរី ភូមិ​គោក​ទន្លាប់ ឃុំ​អូរ​ស្ងួត ស្រុក​មង្គលបុរី គឺជា​ទីតាំង​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​តាមរបៀប​ពុករលួយ​គួរ​ឲ្យ​ស្អប់ខ្ពើម​។ ប្រការ​នេះហើយ​ដែល​ឈ្មួញ​និង​អាជីវករ​ក៏ដូចជា​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រកស៊ី​ដឹកទំនិញ​បន្តិចបន្តួច​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​អំពាវនាវ​ឲ្យ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ពិនិត្យមើល​ឡើងវិញ​ខ្លះ​ផង​។ ដោយហេតុថា​កុងត្រូលជជុះ​នៅ​ចំណុច​ភូមិ​គោក​ទន្លាប់​នោះ មិន​បង្ក្រាប​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ដែល​ឈ្មួញ​នាំចូល​ឡើយ​គឺ​ពួកគេ​គិតតែ​រឿង​រាប់​ក្បាល​រថយន្ត​យកលុយ​យ៉ាង​សុខ​ស្រួល​។

​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ​ក៏ដូចជា​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​បាន​ឲ្យ​ដឹងថា កុងត្រូលជជុះ​របស់​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ឈរជើង​ត្រង់​ចំណុចដើម​ចាន់គិរី គឺជា​កុងត្រូលជជុះ​សម្រាប់​កាក់​រថយន្ត​ដឹកទំនិញ​ឲ្យ​ចូល​បង់លុយ​តាម​ការកំណត់​មិនអាច​តវ៉ា​បានឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​កុងត្រូលជជុះ​នេះ ពួកគេ​ឈរជើង​ធ្វើ​ការងារ​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​ពួកគេ​មាន​ជំនាញ​ខាង​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​ឲ្យ​បង់ប្រាក់ ទោះបី​ដឹកទំនិញ​ស្របច្បាប់​ឬ​ទំនិញ​ខុសច្បាប់​យ៉ាងណាក៏ដោយ​។ ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៅ​កុងត្រូលជជុះ​នេះ មាន​រថយន្ត​កាមរី​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល​2A-3238 ទុក​សម្រាប់​ប្រដេញ​រថយន្ត​ដឹកទំនិញ​ទាំងឡាយណា​ដែល​មិន​ចូល​បង់លុយ​តាម​ការកំណត់​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​រិះគន់ថា​ការដែល​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ដាក់​កុងត្រូលជជុះ​នៅ​ចំណុចដើម​ចាន់គិរី ភូមិ​គោក​ទន្លាប់ ឃុំ​អូរ​ស្ងួត ស្រុក​មង្គលបុរី គឺជា​ការបំពាន​លើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​គឃ្លើន​តែម្តង​។ បញ្ហា​នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ គួរពិនិត្យមើល​និង​ចាត់វិធានការ​លុបបំបាត់​ជាបន្ទាន់ ព្រោះ​កុងត្រូលជជុះ​នោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការប្រកប​របរ​ទទួល​ទាន​របស់​ឈ្មួញ អាជីវករ អ្នករត់​តាក់ស៊ី និង​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​កុងត្រូលជជុះ​នេះ​។ មន្ត្រី​តូចតាច​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សង្ស័យថា​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួលបាន​ផលប្រយោជន៍​ពី​កុងត្រូលជជុះ​នៅក្នុង​ភូមិ​គោក​ទន្លាប់ ឃុំ​អូរ​ស្ងួត ស្រុក​មង្គលបុរី ទើប​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​៕

002លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ 00002 0002