បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ជា​ប្រភព​ចំណូល​របស់​ក្រុមមន្ត្រី​ពុករលួយ​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​ឈ្មួញ​នៅតែ​ធ្វើ​សកម្មភាព​ដឹកឈើ​មូល ឈើ​អារ​រួច ជាពិសេស​ឈើក្រហម តាម​រថយន្ត​នីសា​ន់ រថយន្ត​កូរ៉េ និង​រថយន្ត​យី​ឌុប យកមក​ចែកចាយ​ក្នុង​ក្រុង​ពោធិ៍សាត់ និង​នៅ​ខេត្តបាត់ដំបង យ៉ាង​គគ្រឹកគគ្រេង​។ ឈើ​ភាគច្រើន​ត្រូវ​ឈ្មួញ​ដឹក​ចេញពី​ចំណុច​ដីក្រហម​លេខ​៨០ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៥ ក្នុង​ឃុំ​អន្លង់​រាប និង​ចំណុច​មួយចំនួនទៀត​ក្នុង​ឃុំ​ប្រមោយ ឃុំ​ក្រពើ​ពីរ និង​ឃុំ​អូរ​សោម កាត់​តាម​ទីរួមស្រុក​ភ្នំក្រវាញ យកមកចែក​ចាយ​ដល់​ដេប៉ូ​ក្នុង​ខេត្តពោធិ៍សាត់​តែម្តង​។ ទោះជា​យ៉ាងណា​សកម្មភាព​ឈ្មួញ​ដឹកជញ្ជូន​ឈើ​មិន​រំខាន​ដល់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​នគរបាល និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដែល​ឈរជើង​ត្រួតពិនិត្យ​តាមផ្លូវ​នោះទេ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​នៅតាម​ផ្លូវជាតិ​លេខ​៥៥ មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ជាច្រើន​កន្លែង ចាប់តាំងពី​ស្នាក់ការ​បរិស្ថាន​ភ្នំ​សំ​កុស និង​ប៉ុស្ដិ៍​ត្រួតពិនិត្យ​បរិស្ថាន​ស្រែ​ពាំង ស្នាក់ការ​ស៊ើបអង្កេត​នៅ​ទួល​គ្រួ ព្រមទាំង​មាន​ប៉ុស្ដិ៍​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង នៅ​អូរ​លាក់​មាស ក៏ដូចជា​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​ភ្នំក្រវាញ ត្រង់ចំណុច​ដំណាក់​សុ​ក្រំ​។ ក៏ប៉ុន្តែ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទាំងនេះ​មិន​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ក្រុម​ឈ្មួញ​ឡើយ គឺ​ពួកគេ​រាប់​ក្បាល​រថយន្ត​ដឹកឈើ​យកលុយ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកឈើ​ចូល​ក្រុង​ពោធិ៍សាត់ និង​ចេញទៅ​ខេត្តបាត់ដំបង យ៉ាង​រលូន​តែម្តង​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​នគរបាល សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង គិតតែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​ពួកគេ​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​។ ជាការ​ពិត​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​មួយចំនួន​បាន​ឲ្យ​ដឹងថា ពួកគាត់​ដឹកជញ្ជូន​ឈើ​រាល់ថ្ងៃ​ស្ទើរតែ​គ្មាន​សល់​លុយ​សម្រាប់​យកទៅ​ដោះស្រាយ​ជីវភាព ព្រោះ​ត្រូវ​បង់​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ហើយ​ប្រសិនបើ​មិន​បង់​តាម​ការកំណត់​ទេ ចៀស​មិន​ផុតពី​ការបង្ក្រាប​ឡើយ​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តពោធិ៍សាត់ ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ព្រៃឈើ​នៅ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។ មានការ​រិះគន់​ចំៗ​ថា នៅពេល​ប្រជាពលរដ្ឋ​ដឹកអុស​ដឹក​ធ្យូង​បន្តិចបន្តួច​ត្រូវ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​យ៉ាង​កំរោល ប៉ុន្តែ​នៅពេលដែល​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ មិនឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ ហេតុនេះហើយ​ទើប​បទល្មើស​នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​៕

003លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ 0003