អាជ្ញាធរខេត្ត​បាត់ដំបង គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​អ្នកធ្វើ​សកម្មភាព​កាយ​អាង​បុរាណ​ជា​រណ្ដៅ​ដី​នៅ​ស្រុក​ឯក​ភ្នំ​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​អាង​បុរាណ​មួយកន្លែង​ជា​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ត្រូវ​អ្នកមាន​លុយ​មួយចំនួន​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​លួច​កាយ​រណ្ដៅ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ក្រអឺតក្រទម​។ ប្រការនេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​គោក​ដូង អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ ក៏ដូចជា​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​គោក​ដូង បាន​ឲ្យ​ដឹង​ទៀតថា​អាង​បុរាណ​ដែល​កំពុង​ប្រឈម​នឹង​ការទន្ទ្រាន​កាន់កាប់​នោះ មានឈ្មោះ​ថា​អាង​ភៀស ដែល​ទំហំ​រាប់ពាន់​ហិកតា​ក្នុង​តំបន់​២​ព្រៃ​លិច​ទឹក​ដែលជា​កម្មសិទ្ធិ​របស់រ​ដ្ឋ​។ ប៉ុន្តែ​មួយរយៈ​ពេល​កន្លងទៅនេះ​អ្នកមាន​លុយ អ្នកមានអំណាច​មួយចំនួន បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​អាជ្ញាធរ ហើយ​ដាក់​អេស្កាវ៉ាទ័រ​កាយ​ជា​រណ្ដៅ​ដី​ជ្រៅៗ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​មិនទាន់មាន​មន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ សូម្បីតែ​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង ក៏​មិនទាន់​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​រំលោភ​កាន់កាប់​អាង​បុរាណ​ឈ្មោះ​អាង​ភៀស​នោះដែរ ហើយ​រក្សា​ភាព​ស្ងៀមស្ងាត់​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​គោក​ដូង ឃុំ​ពាម​ឯក ក៏បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក​ផងដែរ ហើយ​អាជ្ញាធរ​ស្រុក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះទៅពិនិត្យ​ដោយផ្ទាល់​នៅ​កន្លែងកើតហេតុ ដោយ​បានឃើញ​ការពិត​ពី​រឿង​អ្នកមាន​លុយ អ្នកមានអំណាច កាយ​អាង​បុរាណ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​។ មន្ត្រី​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ បាន​ទទួលស្គាល់ថា​សក​ម្ម​ភាព​កាយ​រណ្ដៅ​ដី​នៅក្នុង​ឃុំ​គោក​ដូង​នោះ មិនមាន​ច្បាប់​អនុញ្ញាត​ទេ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ មិនទាន់​បញ្ជាក់​ពី​វិធានការ​ច្បាស់លាស់​ក្នុងការ​ទប់ស្កាត់​បទល្មើស​ឡើយ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​គោក​ដូង បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរខេត្ត​បាត់ដំបង និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុម​ជនល្មើស​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

004 00004 0004​    ​