លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ទំនងជា​មិនបាន​ដឹង​ពីបទ​ល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​ឡង់​នោះទេ​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​អ្នកមាន​លុយ អ្នកមានអំណាច​កំពុង​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ព្រៃ​ឡង់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​យ៉ាង​គឃ្លើន ហើយ​មិនទាន់​ឃើញ​មន្ត្រី​បរិស្ថាន និង​មន្ត្រី​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​។ មជ្ឈដ្ឋាន​នានា​ក៏បាន​លើកឡើង​ដែរ​ថា ក្រោយពេល​ព្រៃ​ឡង់​ត្រូវ​បានដាក់​ជា​តំបន់​ការពារ​និង​អភិរក្ស ហើយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន​រួចមក គឺ​បទល្មើស​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ និង​បទល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​។

កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ អ្នកសារព័ត៌មាន​និង​មន្ត្រី​សហគមន៍​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ពួកគេ​ឃើញ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃ​ឡង់​នៅ​ចំណុច​ស្ទឹងតូច ឃុំ​មាន​រិ​ទ្ធិ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​ឡង់​នោះ​ត្រូវគេ​យក​លេស​ថា រៀបចំ​ជា​ដី​សប្បទាន​សង្គមកិច្ច ប៉ុន្តែ​ការពិតជា​ល្បិច​របស់​អ្នកមានអំណាច អ្នកមាន​លុយ ទន្ទ្រាន​យក​ដី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ រឿង​ទាំងអស់នេះ​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ គឺជា​អ្នកដឹង​ច្បាស់​ជាងគេ​ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចេញ​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​ប្រកបដោយ​ប្រសិទ្ធភាព​។

តាម​ប្រភពពី​អភិបាលរង​ខេត្តកំពង់ធំ​មួយរូប ដែលជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សណ្ដាន់ បាន​បញ្ជាក់ថា​ការឈូសឆាយដី​ព្រៃ​ឡង់​ក្រោមលេស​ដី​សម្បទាន​សង្គម​កិច្ច គឺ​មិនមែនជា​ការពិត​ទេ​។ ដូច្នេះ​មានន័យថា​អ្នកមាន​លុយ អ្នកមានអំណាច និង​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់ ហើយ​គួរតែ​អាជ្ញាធរ​ខេត្តកំពង់ធំ ក៏ដូចជា​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ ចាត់វិធានការ​តាមច្បាប់​ទៅលើ​ពួកគេ​ដើម្បី​ជាការ​ព្រមាន​ឲ្យ​បាន​ទាន់ពេលវេលា​។ ជាពិសេស​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនត្រូវ​ព្រងើយកន្តើយ​តទៅទៀត​ទេ ព្រោះ​កន្លែង​ដែលមាន​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​នោះ ជា​តំបន់​អភិរក្ស​ការពារ​យ៉ាងច្បាស់​ក្រឡែត​។ ប្រសិនបើ​ក្រសួងបរិស្ថាន​មិន​ចាត់វិធានការ​ទៅលើ​ក្រុម​ជនល្មើស​ជាបន្ទាន់​ទេនោះ គឺ​ព្រៃ​ឡង់​នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​ឥតឈប់ឈរ បើទោះបី​ព្រៃ​ឡង់​ត្រូវបាន​ដាក់ចូល​ជា​តំបន់​ការពារ និង​អភិរក្ស​យ៉ាងណាក៏ដោយ​៕

00005 0005 005