លេចឮ​រឿង​មាន​អ្នករត់​ការដោះលែង​ឈ្មួញ​ឈ្មោះ ជឿ​ង ថេ​ង ដែល​ដឹកឈើ​បំផ្លាញ​ស្ពាន​នៅ​ស្រុក​ឈូក ខេត្តកំពត

​ប្រភពពី​មន្ត្រី​យោធា​យោធភូមិភាគ​៣ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឈ្មោះ ជឿ​ង ថេ​ង ជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​៤ ជំនួយ​ការិយាល័យ​ទី​២​នៃ​បញ្ជាការដ្ឋាន​យោធភូមិភាគ​៣ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​ហាង​គុយទាវ​មួយកន្លែង​នៅ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ការចាប់ខ្លួន​មន្ត្រី​យោធា​ឈ្មោះ ជឿ​ង ថេ​ង ដែលជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប្រើ​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់​ធ្វើ​ឲ្យ​បាក់​ស្ពាន​បា​ឡេ​មួយកន្លែង​នៅ​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ជាពិសេស​ក្រោយពេល​ចាប់ខ្លួន​ឈ្មួញ​ឈើ​រូបនេះ មាន​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា​មាន​អ្នក​ចេញមុខ​រត់ការ​ជួយ​ឲ្យ​រួចខ្លួន​ផងដែរ ប៉ុន្តែ​មិនទាន់​បានដឹង​ពី​លទ្ធផល​យ៉ាងណា​នោះទេ​។

ប្រភពពី​មន្ត្រី​យោធា​យោធភូមិភាគ​៣​បាន​ឲ្យ​ដឹង​ទៀតថា ការចាប់ខ្លួន​ឈ្មួញ​ឈើ​ឈ្មោះ ជឿ​ង ថេ​ង កំពុងតែ​ធ្វើ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​ដទៃទៀត​មានការ​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង​ព្រោះ​បើ​គ្មាន​ការឃុបឃិត​ពី​សមត្ថកិច្ច និង​មន្ត្រី​ពុករលួយ​ទេនោះ គឺ​គេ​មិនអាច​ដឹកឈើ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ចូល​ខេត្តកំពត យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់​បានឡើយ​។ ជាក់ស្ដែង​ប្រសិនបើ​រថយន្ត​យី​ឌុប​ដឹកឈើ​ចំណុះ​ជាង​៧០​តោន​មិន​ធ្វើ​ឲ្យ​បាក់​ស្ពាន​ក្នុង​ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​ទេនោះ គឺ​ឈ្មួញ​ឈើ​ឈ្មោះ ជឿ​ង ថេ​ង អាច​បន្តធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ដដែល​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ក្រោយពេល​ចាប់ខ្លួន​ឈ្មោះ ជឿ​ង ថេ​ង ភ្លាមៗ​មាន​មន្ត្រីជាន់ខ្ពស់​មួយចំនួន​បាន​រត់ការ​សម្រប​ស្រ​ម្រួ​ល​ជាមួយ​សមត្ថកិច្ច​ដើម្បី​ឲ្យ​មានការ​ដោះលែង​វិញ ប៉ុន្តែ​ប្រហែលជា​មិន​ងាយស្រួល​នោះទេ​។ គេ​សង្ស័យថា អ្នករត់​ការដោះលែង​ឈ្មួញ​ឈើ​ឈ្មោះ ជឿ​ង ថេ​ង ប្រហែលជា​អ្នក​នៅ​ពីក្រោយ​ខ្នង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​ទើប​ព្យាយាម​បិទបាំង​រឿងនេះ កុំ​ឲ្យ​វែងឆ្ងាយ​តទៅទៀត​។ មាន​សេចក្ដីរាយការណ៍​ថា ចាប់ពី​ថ្ងៃទី​១៨​ដល់​ថ្ងៃទី​១៩ ខែមិថុនា មាន​អ្នកធំ​ជួយ​រត់ការ​ដោះលែង​មន្ត្រី​យោធា​ឈ្មោះ ជឿ​ង ថេ​ង ដែលជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​លទ្ធផល​យ៉ាងណា​នោះ​នឹងត្រូវ​ដឹង​ក្នុងពេល​ឆាប់​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​សាលាដំបូង​ខេត្តកំពត ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មាន​អ្នកច្បាប់​មួយរូប​ក្នុង​ខេត្តកំពង់ស្ពឺ កំពុង​លូកដៃ​ចូលក្នុង​សំណុំរឿង​ឈ្មួញ​ឈើ​ឈ្មោះ ជឿ​ង ថេ​ង ដែល​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ចំណុះ​ជាង​៧០​តោន​បណ្ដាល​ឲ្យ​បាក់​ស្ពាន​បា​ឡេ​ក្នុង​ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នករត់​ការដោះលែង​ឈ្មួញ​ឈើ​ឈ្មោះ ជឿ​ង ថេ​ង គឺជា​មន្ត្រី​មាន​ឋានៈ​ខ្ពង់ខ្ពស់​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ហើយ​ត្រូវគេ​ស្គាល់​ថា​ជា​បងធម៌​របស់លោក​វរសេនីយ៍ត្រី ជឿ​ង ថេ​ង ដែលជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តែម្តង​។ ហេតុនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​តាមដាន​សំណុំ​រឿងនេះ​ផងដែរ ព្រោះ​ករណី​ឈ្មួញ​ដឹកឈើ​ធ្វើ​ឲ្យ​បាក់​ស្ពាន​ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវ​ទទួលទោស​តាមច្បាប់​៕

006 000006 00006 0006