លោក សម រង្ស៊ី បញ្ជាក់ថា​ការគាបសង្កត់​លើ​គណបក្សជំទាស់​បង្ហាញ​ថា​គណបក្សកាន់អំណាច​កំពុងតែ​ភ័យខ្លាច​

​ក្នុងពេលដែល​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងតែ​មាន​ភាព​តានតឹង​នៅឡើយ​ដោយសារតែ​រដ្ឋាភិបាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​គាបសង្កត់ និង​យាយី​តាមច្រើន​រូបភាព​លើ​គណបក្សជំទាស់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ម្សិលមិញ​បានបញ្ជាក់​ថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានធ្វើការ​គាបសង្កត់​ម​កលើ​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សជំទាស់ គឺ​បានបង្ហាញ​ច្បាស់​ថា​ពួកគេ​កំពុងតែ​ភ័យខ្លាច គឺ​ខ្លាច​ចាញ់​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា កត្តា​ពីរ​សំខាន់​ដែល​ធ្វើ​ឲ្យ​គណបក្សនយោបាយ​មួយ​អាចមាន​លទ្ធភាព​ឈ្នះ​ការបោះឆ្នោត គឺ​៖​ទី​១-​ត្រូវមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ហោចណាស់​ឲ្យ​បាន​ច្រើន​លើសពី​ចំនួន​៥០​ភាគរយ​បូក​១​នៅក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២៣​នៅក្នុង​សភា ឬ​អាច​ច្រើនជាង​ចំនួន​នេះ​កាន់តែ​ប្រសើរ​។ ទី​២-​ត្រូវមាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែលមាន​ភាព​ឯករាជ្យ​ពិតប្រាកដ ដើម្បី​ធានា​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​ស្របតាម​លទ្ធិប្រជាធិបតេយ្យ ចៀសវាង​ការលួចបន្លំ​សន្លឹកឆ្នោត​ជាដើម​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់ថា គណបក្សកាន់អំណាច​ស​ព្វ​ថ្ងៃនេះ ពួកគេ​កំពុងតែ​ភ័យខ្លាច​ដូចនេះ​បានជា​ពួកគេ​បង្កបញ្ហា​មិនចេះចប់ ដើម្បី​បង្ក​ការរំខាន​ដល់​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ការកើនឡើង​ចំនួន​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅក្នុង​រដ្ឋសភា និង​ការកែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បានធ្វើ​ឲ្យ​រដ្ឋាភិបាល​សព្វថ្ងៃ​យល់ឃើញថា​ពួកគេ​នឹង​ចាញ់​ការបោះឆ្នោត ព្រោះ​សន្ទុះ​នៃ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​កាន់​ខ្លាំង​ឡើង ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏បាន​ធ្វើការ​កំណែទម្រង់​ដែល​ការ​កំណែទម្រង់​នេះ គឺ​កើតចេញពី​ការតស៊ូ​របស់​ប្រជាពលរដ្ឋ និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ភាពយុត្តិធម៌ ហើយ​ការពារ​មិន​ឲ្យ​មាន​ភាពមិនប្រក្រតី​ក្នុង​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក ប៉ុល ហំ​ម មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្មីៗ​នេះ​ក៏បាន​បញ្ជាក់ដែរថា​អ្នកនយោបាយ​ខ្មែរ​មិនគួរ​ដោយសារតែ​ចង់​កាន់អំណាច ឬ​ល្មោភ​អំណាច​ហួសហេតុ​ពេក ហើយ​ទៅធ្វើ​អំពើ​មិន​ត្រឹមត្រូវ និង​រំលោភបំពាន​ច្បាប់ ដែល​បញ្ហា​នឹងធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​ខាតបង់ និង​ធ្វើ​ឲ្យ​អ្នករងគ្រោះ​ពី​ការគាបសង្កត់​តស៊ូ​រហូត​ទទួលបាន​យុត្តិធម៌​៕​

13435445_1127790207277711_8984840099108424392_n13512183_1127789680611097_6836602423506082566_n 13495238_1127789543944444_3550918988273889924_n