លោក កឹម សុខា បញ្ជាក់ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ​កិច្ចការ​៣​ទន្ទឹមគ្នា​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា ថ្នាក់ ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាំបាច់​ត្រូវ​សហការគ្នា​ឲ្យ​បានល្អ​ធ្វើ​កិច្ចការ​បី​សំខាន់ៗ​ទន្ទឹមគ្នា​តែម្តង​។ លោក កឹម សុខា បាន​បញ្ជាក់ថា កិច្ចការ​សំខាន់ៗ​៣​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ គឺ​វា​ឆ្លើយតប​នឹង​ស្ថានការណ៍​នយោបាយ​ប​ច្ចុ​ប្ប​នេះ​។​

​ក្នុងនាម​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ម្សិលមិញ បាន​លើក​ទិសដៅ​ការងារ​ចំពោះមុខ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវធ្វើ​កិច្ចការ​៣​ទន្ទឹមគ្នា​ដែល​ក្នុងនោះ​រួមមាន​៖ ទី​១-​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ​ទំនាក់ទំនង​ឲ្យ​បានល្អ និង​រក្សា​សាមគ្គីភាព​រវាង​កម្លាំង​សកម្មជន និង​ប្រជាពលរដ្ឋ ទី​២-​តាមដាន​ភាគី​ពាក់ព័ន្ធ​មាន​គណបក្សនយោបាយ និង​សង្គម​ស៊ីវិល​ជាដើម និង​ទី​៣-​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សហគមន៍​អន្ដរជាតិ​។​

​គួរ​បញ្ជាក់ថា រយៈពេល​ជិត​មួយខែ​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ជួប​ថ្នាក់ដឹកនាំ​តាម​មូលដ្ឋាន សកម្មជន អ្នកគាំទ្រ​ជា​បន្តបន្ទាប់ ដែល​មកពី​បណ្ដា​ខេត្ត​នានា​រួមមាន ខេត្តសៀមរាប កំពង់ចាម មណ្ឌល​គី​រី កំពត និង​ព្រៃវែង ជាដើម ដើម្បី​ពង្រឹង​ថ្នាក់ដឹកនាំ​នៅ​មូលដ្ឋាន​ដែល​លោក​ចាត់ទុកថា​ជា​តួអង្គ​សំខាន់​ដើម្បី​មានប្រៀប​ឈ្នះ​ការបោះឆ្នោត​។​

​ទោះបីជា លោក កឹម សុខា មិនអាច​ចុះ​តាម​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​ជិត​មួយខែ​នេះ​ក្តី ក៏​វា​មិនមែនជា​ឧបសគ្គ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ និង​រូបលោក ដើម្បី​បង្ហាញ​គោលនយោបាយ​របស់ខ្លួន​ទៅកាន់​ប្រជាពលរដ្ឋ និង​ទាក់ទាញ​ការគាំទ្រ​ឡើយ​។ ផ្ទុយទៅវិញ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាននិងកំពុង​ជួប​អ្នកគាំទ្រ បង្ហាញ​សារ​នយោបាយ​មុន​ការបោះឆ្នោត​កាន់តែ​ងាយស្រួល​ទៅកាន់​អ្នកគាំទ្រ​ខ្លួន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ទទួលបាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​ជាង​មុន ។​

ជុំវិញ​ការគាបសង្កត់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​មកលើ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​តាម​គ្រប់​រូបភាព អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​វាយតម្លៃថា យុទ្ធសាស្ត្រ​គណបក្សកាន់អំណាច កំពុងតែ​ដាក់​សម្ពាធ​លើ​គណបក្សជំទាស់​មិន​ឲ្យ​មានឱកាស​បំពេញ​កិច្ច​ការចុះ​តាម​មូលដ្ឋាន​ជួប​អ្នកគាំទ្រ​ខ្លួន សម្រាប់​ការប្រកួតប្រជែង​សំឡេងឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ និង​បោះឆ្នោត​សកល​២០១៨  ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​នេះ​គ្មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន និង​ដឹងថា​អ្វី​ត្រូវ​អ្វី​ខុស​៕

13509131_1386934037990558_6167782149949659578_n