PM យក​លុយ​ថ្លៃ​រទេះរុញ​នៅ​ប៉ោយ​ប៉ែ​ត កំពុង​បំផ្លាញ​សន្លឹក​ឆ្នោត CPP

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ក្រុម​អាជីវករ​ខ្មែរ​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញប្រទេស​ថៃ​ជាប់​ព្រំដែន​ស្រុក​អូរ​ជ្រៅ​ខេត្តបន្ទាយមានជ័យ បាន​រអ៊ូរទាំ​ពី​ការ​លក់ដូរ​មិនសូវ​ចំណេញ​ដោយសារ​បង់​ព​ន្ឋ​អាករ ពិសេស​ការ​កាក់​ទារ​លុយ​ពី​សំណាក់​មន្ត្រី​កងរាជអាវុធហត្ថ (PM) ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​គ្រាន់តែ​រទេះ​ឆា​លី (​មាន​ន័យ​ថា​រទេះរុញ​ដាក់​កង់​ម៉ូតូ​ឆា​លី​) ត្រូវ​បង់​ឲ្យ​PM ចាប់ពី​៣០០​ទៅ​៥០០​បាត ឬ ប្រហាក់ប្រហែល​ពី​៣​ទៅ​៥​ម៉ឺន​រៀល​ក្នុង​មួយ​រទេះ​។

សេចក្តីរាយការណ៍​បាន​ស្រង់​សំដី​ក្រុម​អាជីវករ​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​ៗ​មាន​រទេះរុញ​រាប់​សិប​រទេះ​ចេញចូល​ផ្សារ​រុង​ក្លឿ និង​ត្រូវ​បង់​ឲ្យ​ខាង PM ដឹកនាំ​ដោយ​ឈ្មោះ «​ដំ​» ។ ប្រភព​បញ្ជាក់​ទៀត​ថា មន្ត្រី PM ឈ្មោះ​«​ដំ​» បាន​ប្រើ​កូនចៅ​ឲ្យ​ឈរ និង​អង្គុយ​ជាមួយ​ប៉ូលិស​អន្តោប្រវេសន៍​នៅ​ចំណុច​រង្វង់​មូល​ប៉ោយ​ប៉ែ​ត ដើម្បី​ចាំ​កាក់​យក​លុយ​ថ្លៃ​រទេះរុញ ។

អាជីវករ​និង​មន្ត្រីរាជការ​មួយ​ចំនួន ដែល​ដឹង​រឿង​បាន​លើក​ឡើង​ថា ខាង​មន្ត្រី​កងរាជអាវុធហត្ថ​អត់​មានឈ្មោះ​នៅ​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​ច្រក​ត្រួតពិនិត្យ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឬ​នៅ​តាម​អម​សងខាង​ផ្លូវជាតិ​លេខ​៥​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ PM បែរជា​មាន​អំណាច​ខ្លាំង​ជាង​គណៈកម្មការ​ច្រក ឬ ប៉ូលិស​អន្តោប្រវេសន៍ និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ជា​ច្រើន​ទៀត ខាង​ទារ​លុយ​ពី​អាជីវករ និង​ពលរដ្ឋ​មួយ​ចំនួន​ដែល​ចេញចូល​ផ្សារ​រុង​ក្លឿ ។

ប្រភព​មួយទៀត​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ដែល PM កាក់​ទារ​លុយ​រទេះរុញ​កង់​ឆា​លី​ពី​៣​ទៅ​៥​ម៉ឺន​រៀល​នេះ គឺ​ទំនង​ដោយសារ​តែ​ថ្នាក់លើ​គេ​យក​លុយ​ពី​ពួក​គេ​ច្រើន​ដែរ ទើប​ក្រុម​នេះ​ធ្វើ​សកម្មភាព​ខ្លះ​ហាក់ដូចជា​ការ​ជំរិត​ទារប្រាក់ ។

ក្រុម​អាជីវករ​មួយ​ចំនួន​បាន​សំណូមពរ​ឲ្យ​មន្ត្រី​ថ្នាក់លើ ពិសេស​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​មក​ត្រួតពិនិត្យ​សកម្មភាព​របស់​មន្ត្រី PM ដែល​ឈរជើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បើ​មិន​ដូច្នេះ​ទេ​សន្លឹក​ឆ្នោត​នឹង​អាច​បាត់បង់​ច្រើន​ជាក់​ជា​មិន​ខាន ។

យ៉ាងណា​ក៍ដោយ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០១៦ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង ខាង​មន្ត្រី​ពាក់​ព័​ន្ឋ​ខាង​គណៈកម្មការ​ច្រក ៕