Jack Ma ៖ របស់​ក្លែងក្លាយ​អាច​នឹង​ល្អ​ជាង​របស់​ពិត

មហាសេដ្ឋី និង​ជា​ស្ថាបនិក​គេហទំព័រ​លក់ទំនិញ​អន​ឡាញ​យក្ស​របស់​ចិន បាន​ចាត់​ទុក​ផលិតផល​ក្លែងក្លាយ​ដែល​ផលិត​នៅ​ចិន​ខ្លះ អាច​ល្អ​ជាង​ផលិតផល​ពិតប្រាកដ​ដែល​ជា​របស់ Brand ។

ថ្លែង​នៅ​ទីក្រុង​ហាង​ចូ​វ ប្រទេស​ចិន កាលពី​ពេល​ថ្មី​ៗ​នេះ លោក Jack Ma បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ថៅកែ​រោងចក្រ​កំពុង​តែ​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត ដើម្បី​លក់​ផលិតផល​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​ចុង​ក្រោយ​តែ​ម្ដង ដែល​ផ្ដល់​ឲ្យ​ពួក​គេ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ទិញ ។

ទោះបី​យ៉ាងណា មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ចំនួន​២៦,៥​ប៊ី​លាន​ដុល្លារ​រូប​នេះ ថ្លែង​ថា ៖ « បញ្ហា​នោះ​នៅ​ត្រង់​ថា ផលិតផល​ក្លែងក្លាយ​ឥឡូវនេះ គេ​ផលិត​ឡើង​ដោយ​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ជាង​ផលិតផល​ពិតប្រាកដ​ដែល​មានឈ្មោះ​ត្រឹមត្រូវ » ។

លោក​ថា ៖ « តាម​ពិត​ទៅ​មិនមែន​ផលិតផល​ក្លែងក្លាយ​ទេ​ដែល​បាន​បំផ្លាញ​ទីផ្សារ​ផលិតផល​ពិតប្រាកដ​នោះ តែ​ជា​ម៉ូ​ដែល​នៃ​អាជីវកម្ម​ថ្មី​ដែល​បំផ្លាញ​វា » ។

មហាសេដ្ឋី​លំដាប់​ទី​២៣ នៅ​លើ​ពិភព លោក​រូប​នេះ​បាន​ចេញ​មុខ​ការពារ​សកម្មភាព​ថៅកែ​រោងចក្រ​ចិន ដោយ​លើក​ឡើង​ថា ៖  « រោងចក្រ​ពិតប្រាកដ គឺ​វត្ថុធាតុដើម​ពិតប្រាកដ ប៉ុន្ដែ​ពួក​គេ​មិន​ប្រើ​ឈ្មោះ​របស់​ពួក​គេ​ទេ » ។

កាលពី​ពេល​កន្លង​មក គេហទំព័រ Alibaba ត្រូវ​គេ​រិះគន់​អំពី​រឿង​រក​ចំណូល​បាន ដោយសារ​ការ​លក់​ផលិតផល​ក្លែងក្លាយ ។

ក្រុមហ៊ុន​មួយ​នេះ​មាន​ប្រតិបត្តិការ​លក់​ច្រើន​ជាង​ក្រុមហ៊ុន Amazon និង eBay រួម​បញ្ចូល​គ្នា​ទៅ​ទៀត ហើយ​រំពឹង​ថា នៅ​ឆ្នាំ​នេះ​នឹង​អាច​ទាក់ទាញ​អ្នកទិញ​តាម​អន​ឡាញ​ចំនួន​៤២៣​លាន​នាក់​ជុំវិញ​ពិភពលោក ៕​