ក្រុមព្រះស៊ីសុវត្ថិ និងព្រះយុគន្ធរ ដណ្តើមពានគ្នានៅរសៀលនេះ

ក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ និងក្រុមវិទ្យាល័យព្រះយុគន្ធរ នឹងត្រូវធ្វើការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ លើកទី១ ឆ្នាំ២០១៦(CamIU Football Cup 2016) នៅលើទីលានវិទ្យាល័យច្បារអំពៅ នារសៀលម៉ោង២ ថ្ងៃអង្គារនេះ ដើម្បីក្លាយជាម្ចាស់ជើងឯក អមដោយទឹកប្រាក់ចំនួន១០លានរៀល។

localnewsa

មុននឹងឡើងមកជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រនេះ ទាំងក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ និងក្រុមវិទ្យាល័យព្រះយុគន្ធរ សុទ្ធតែបានបង្ហាញភាពខ្លាំងរៀងៗខ្លួន តាមរយៈការឈ្នះគ្រប់ការប្រកួតតាំងពីវគ្គជម្រុះ១៥ក្រុមដំបូងរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ហេតុនេះការប្រកួតគ្នារវាងក្រុមទាំង២ ដែលធ្វើឡើងក្រោមការចូលរួមពីលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ និងសិស្សានុសិស្សរាប់រយនាក់ទៀត នៅរសៀលថ្ងៃនេះ ពិតជាមានភាពតានតឹងជាមួយខានឡើយ។

គ្មានអ្នកណាអាចសន្និដ្ឋានបានមុនពីលទ្ធផលនៃការប្រកួតនេះបាននោះទេ ប៉ុន្តែគេអាចធ្វើការប្រៀបធៀបជាប្រយោលនៃសមត្ថភាពលេងរបស់ក្រុមទាំង២បានខ្លះៗ តាមរយៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងមកនេះ ដោយក្នុងនោះក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ បានយកឈ្នះក្រុមវិទ្យាល័យច្បារអំពៅ ៣-២ ខណៈក្រុមវិទ្យាល័យព្រះយុគន្ធរ បានយកឈ្នះក្រុមវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ៣-១។

ចំណែកក្រុមវិទ្យាល័យច្បារអំពៅ បានបំបាក់ក្រុមវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ក្នុងលទ្ធផល ៦-០ នៅទីលានវិទ្យាល័យច្បារអំពៅ កាលពីថ្ងៃសុក្រ កន្លងមកនេះ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតដណ្តើមពានរង្វាន់ CamIU Football Cup 2016 ជាលើកដំបូងនេះ៕