ដី​ចំណី​ព្រែក ​ត្រូវ​ជន​ឱកាសនិយម​ចាក់​ដី​សង់​ខឿន​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ

ដី​ចំណី​ព្រែក ​ត្រូវ​ជន​ឱកាសនិយម​ចាក់​ដី​សង់​ខឿន​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ



បាត់ដំបង​ ៖ ​រឿង​នេះ​មិន​អាច​បញ្ចប់​បានទេ ត្រូវ​ដាក់​កម្លាំង​ជំនាញ​សិក្សា​បន្ត។ នេះ​គឺជា​សម្ដី​របស់​លោក​អភិបាលក្រុង​បាត់ដំបង ដែល​បាន​និយាយ​​សំដៅ​ទៅ​លើ​ទីតាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ដែល​បាន និង​កំពុង​ទន្ទ្រាន​យក​ដី​ចំណី​ព្រែក​មក​ធ្វើជា​កម្មសិទ្ធិឯកជន​ ដោយសារតែ​អាជ្ញាធរ​ថ្នាក់ក្រោម​សំងំ​ឈឹង រហូត​ធ្វើ​ឲ្យ​ការសាងសង់​ខឿន​សឹងតែ រួចរាល់ មួយ​រយ​ភាគរយ។

ទីតាំង​ ដែល​គេ​កំពុងតែ​សាងសង់​ជា​ខឿន​តាម​បណ្តោយ​មាត់​ព្រែក ព្រមទាំង​បាន​ចាក់ដី​បំពេញ​ដើម្បី​ក្ដោបក្ដាប់​​ធ្វើ​កម្មសិទ្ធិឯកជន​នោះ គឺ​ស្ថិតនៅ​ក្បាលស្ពាន​វត្ត​គរ​ត្រើយ​ខាងលិច​ ក្នុងភូមិ​វត្ត​គេរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង គឺ​នៅ​លើ​ដី​ចំណី​ព្រែក​វត្ត​គរ​នេះ​តែម្តង។

តាម​ការ​រៀបរាប់​ពី​ចាស់ៗ ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​បាន​និយាយ​ថា ព្រែក​វត្ត​គរ​នេះ​គឺ​មាន​មក​ជា​យូរលង់​ណាស់​មក​ហើយ ដោយ​ផ្សារភ្ជាប់​ពី​ស្ទឹង​សង្កែ​ទៅ​វាលស្រែ​ឆ្ងាយៗ​ នៅក្នុង​សង្កាត់​នេះ។ ម្យ៉ាងទៀត​ព្រែក​វត្ត​គរ​មាន​តួនាទី​យ៉ាងសំខាន់​គឺ នៅ​រដូវ​ទឹកជំនន់​ ទឹក​អាច​ហូរ​ចូល​តាម​ព្រែក​នេះ​ទៅ​ស្រោចស្រព​ផលដំណាំ ពិសេស​គឺ​ស្រូវ​ស្រែ​តែម្តង។ លុះ​នៅ​រដូវវស្សា ដែល​នៅតាម​វាលស្រែ​មាន​ទឹកជំនន់​បែក​វាល​នោះ គឺ​ព្រែក​វត្ត​គរ​មាន​នាទី​ជួយ​រំដោះ​ទឹក​ទម្លាក់​មក​ក្នុង​ស្ទឹង​សង្កែ​វិញ។

ប៉ុន្តែ​បច្ចុប្បន្ន​ស្រាប់​តែ​មាន​ជន​ឱកាសនិយម​បាន​សាងសង់​ជា​ខឿន​បិទ​យក​ដី​ចំណី​ព្រែ​ក​នៅ​ចំក្បាល​ព្រែក​បែបនេះ វា​អាច​ធ្វើ​ឲ្យ​ក្បាល​ព្រែក​មាន​សភាព​រួម​តូច និង​អាច​ធ្វើ​ឲ្យ​ទំហំ​ទឹក ​ដែល​ត្រូវ​ហូរ​ក៏​អាច​មាន​បរិមាណ​តិច​ទៅតាម​ហ្នឹង​ដែរ ដែល​មិន​គួរ​ណា​អាជ្ញាធរ​ថ្នាក់ក្រោម​សំងំ​បិទ​ភ្នែក​យ៉ាង​នេះ​សោះ។

ជួប​ជាមួយ​កម្ពុ​ជាថ្មី​តាមរយៈ​ទូរស័ព្ទ លោក សៀង​ឯម វូ​ន​ស្ហ៊ី អភិបាលក្រុង​បាត់ដំបង​បាន​គូស​បញ្ជាក់​ថា បញ្ហា​នេះ​លោក​ទើបតែ​បាន​ទទួល ហើយ​លោក​ក៏បាន​ចាត់​កម្លាំង​ជំនាញ​ឲ្យ​ចុះទៅ​សិក្សា និង​ត្រួតពិនិត្យ​ម្តង​រួច​មក​ហើយ ដោយ​ម្ចាស់​ដី​បាន​អះអាង​ថា​លោក​មិន​យក​ធ្វើជា​កម្មសិទ្ធិ​នោះទេ​ ហើយ​ការសាងសង់​ខឿន​នេះ​គ្រាន់តែ​ទប់​ដី​កុំ​ឲ្យ​បាក់​តែប៉ុណ្ណោះ។ ប៉ុន្តែ​ទោះជា​មាន​ចម្លើយ​បែបនេះ​ក្តី ក៏​លោក​ត្រូវតែ​ឲ្យ​កម្លាំង​សិក្សា​សាជាថ្មី​ឲ្យ​បាន​ច្បាស់ ព្រោះ​នេះ​គឺជា​ដី​ចំណី​ព្រែក ហើយក៏​ជា​ដី​របស់​រដ្ឋ​ដែរ ដោយ​មិន​មាន​អ្នកណាម្នាក់​មាន​សិទ្ធិ​ធ្វើ​អ្វី​ទៅតាម​អំពើ​ចិត្ត​នោះទេ។

ប្រភព​មួយ​ចំនួន​ ដែល​រស់នៅ​ក្នុង​តំបន់​ខាង​លើ​នេះ​បាន​លួច​ខ្សឹប​​​តិចៗ​ថា និយាយ​សុទ្ធតែ​មិន​យក​ធ្វើជា​កម្មសិទ្ធិ​ទេ តែ​ការ​សង់​ខឿន​នេះ​ត្រូវ​បាន​ម្ចាស់​ដី​ចាក់ដី​នៅ​ខាងក្នុង​ដី​របស់​គេ​ទៅ​ទល់នឹង​ខឿន​នេះ​ដើម្បី​ឲ្យ​មាន​ផ្ទៃដី​ស្មើគ្នា ថែមទាំង​បិទ​របង​យ៉ាង​ជិត​ធ្វើជា​ដី​កម្មសិទ្ធិ​របស់ខ្លួន​ទៅហើយ នៅ​ហ៊ាន​និយាយ​តាំងខ្លួន​ឲ្យ​ល្អ​ទៀត។ ដូច្នេះ​គេ​រង់ចាំ​មើល​ថា​តើ​អាជ្ញាធរ​ក្រុង​មាន​វិធានការ​បែប​ណា​ទៅលើ​ម្ចាស់​ដី ដែល​ហ៊ាន​សាងសង់​លើ​ដី​ចំណី ព្រែក​នេះ​ បើ​គ្មាន​វិធានការ​ទេ ដូច្នេះ​ថ្ងៃក្រោយ​ព្រែក​ដ៏​វែង​អន្លាយ​នេះ​ប្រាកដ​ជា​មាន​អ្នក​សាងសង់​អ្វីមួយ​នៅ​លើ​ព្រែក​ដែរ ​ តើ​អាជ្ញាធរ​ហ៊ាន​ដេញ​ដែរ​ទេ​?៕
ដី​ចំណី​ព្រែក ​ត្រូវ​ជន​ឱកាសនិយម​ចាក់​ដី​សង់​ខឿន​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ

ដី​ចំណី​ព្រែក ​ត្រូវ​ជន​ឱកាសនិយម​ចាក់​ដី​សង់​ខឿន​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ