តុលាការ​បញ្ចប់​ការសាកសួរ​លោក ណៃ វ៉ង់​ដា ពាក់ព័ន្ធ​បទ​ចោទ «​សូកប៉ាន់​សាក្សី​» និពន្ធដោយ : ម៉ៅ សុផា       June-21-2016, 1:16 pm         147

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការ​បញ្ចប់​ការសាកសួរ​លោក ណៃ វ៉ង់​ដា ពាក់ព័ន្ធ​បទ​ចោទ «​សូកប៉ាន់​សាក្សី​»​តុលាការ​បានបញ្ចប់​ការសាកសួរ លោក ណៃ វ៉ង់​ដា មន្ត្រី​អាដហុក​១​រូប ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ទាក់ទង​នឹង​ព័ត៌មាន​បន្ថែម​ពីបទ «​សូកប៉ាន់​សាក្សី​» ។​

​លោក ឡោ ជុន​ធី មេធាវី​ការពារ​លោក ណៃ វ៉ង់​ដា បាន​ឲ្យ​ដឹងថា នៅក្នុង​បន្ទប់​សាកសួរ​ពេញ​មួយ​ព្រឹក​នេះ​ចៅក្រម​ស៊ើបសួរ បាន​សួរនាំ​កូនក្ដី​លោក ជុំវិញ​ករណី​បទ​ចោទ «​សូកប៉ាន់​សាក្សី​»​នេះ ។ បើតាម​មេធាវី​រូបនេះ រាល់​ចម្លើយ​កូនក្ដី​លោក គ្មាន​ចំណុច​ណាមួយ​ដែល​អាច​ឲ្យ​តុលាការ​ដាក់បន្ទុក ចោទ​លើ​លោក ណៃ វ៉ង់​ដា ថា​បាន​ប្រព្រឹត្តិ​បទល្មើស​ពាក់ព័ន្ធ​នឹង​ករណី «​សូកប៉ាន់​សាក្សី​»​នេះឡើយ​។​

​មេធាវី​ការពារ​លោក ណៃ វ៉ង់​ដា សង្ឃឹមថា ចៅក្រម​ស៊ើបសួរ​នឹង​ពិចារណា​លើ​ចម្លើយ​របស់លោក ណៃ វ៉ង់​ដា ហើយនឹង​ដោះលែង​ឲ្យ​កូនក្ដី​លោក និង​មន្ត្រី​អាដហុក​ផ្សេងទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​

​បន្ទាប់ពី​បញ្ចប់​ការសាកសួរ​លោក ណៃ វ៉ង់​ដា នៅ​ព្រឹក​នេះ តុលាការ​នឹង​បន្ត​នាំខ្លួន​មន្ត្រី​អាដហុក​១​រូប​ទៀត គឺ​លោក នី សុខា ទៅ​សាកសួរ​ផងដែរ នៅ​ម៉ោង​ប្រហែល​២ រសៀល នា​ថ្ងៃទី​២១ មិថុនា​នេះឯង​។ ការសាកសួរ​លោក នី សុខា ទំនងជា​មិន​ខុសពី​ការសាកសួរ​លោក ណៃ វង់​ដា នោះទេ ពោលគឺ​ពាក់ព័ន្ធ​នឹង​អំពើ «​សូកប៉ាន់​សាក្សី​» ដូចគ្នា​។​

​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ តុលាការ​បាន​សួរ​មន្ត្រី​អាដហុក​២​រូប​រួចមកហើយ គឺ​លោកស្រី លឹម មុន្នី និង​លោក យី សុខសាន្ត ជុំវិញ​បទល្មើស «​សូកប៉ាន់​សាក្សី​» នេះ​។ ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរងរ​បស់​គជប ក៏ត្រូវ​បាន​សួរ​រួចហើយ​ដែរ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ទាក់ទិន​នឹង​អំពើ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ដែល​លោក​រង​ការចោទប្រកាន់​កន្លងមក​។​បើតាម​ការចោទប្រកាន់​របស់​តុលាការ មន្ត្រី​អាដហុក និង​មន្ត្រី​គជប សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រី មុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕