Spurs នឹងចុះហត្ថលេខាជាមួយខ្សែបម្រើ Wanyama ពី Southampton

កីឡាករ Victor Wanyama ត្រៀមបំពេញការផ្ទេរក្នុងតម្លៃខ្លួន ១១លានផោនពីក្លិប Southampton ទៅសារិការព្រេង Tottenham Hotspur បន្ទាប់ពីក្លិបបានឈានដល់កិច្ចព្រមព្រៀងចំពោះតម្លៃនៃការផ្ទេរនេះ។

Victor-Wanyama

លក្ខខណ្ឌផ្ទាល់ខ្លួន និងការពិនិត្យរបស់ខ្សែបម្រើអន្តរជាតិរបស់ កេនយ៉ានេះ នឹងធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀង ហើយចំណុចទាំងពីរនេះ ទំនងជាមិនមានបញ្ហាអ្វីឡើយ។

លោក Mauricio Pochettino គ្រូបង្វឹកក្លិប Tottenham ធ្លាប់បានសរសើរកីឡាករ Wanyama នេះយូរមកហើយ ក្រោយពីធ្លាប់បានធ្វើការជាមួយកីឡាករនេះ នៅពេលដែលលោកដឹកនាំ Southampton។ រូបលោកធ្លាប់បានបរាជ័យ ក្នុងការនាំកីឡាករនេះ មកកីឡដ្ឋាន White Hart Lane ម្តងរួចហើយកាលពីរដូវក្តៅឆ្នាំមុន។

ពេលនោះ Southampton បានរារាំងកិច្ចព្រមព្រៀង ដែលធ្វើឲ្យ Wanama មិនសប្បាយចិត្ត ហើយនៅពេលនេះ វាច្បាស់ណាស់ថា Spurs នឹងបន្តទិញកីឡាករនេះទៀត នៅរដូវក្តៅនេះ។
កីឡាករវ័យ ២៤ឆ្នាំរូបនេះ នៅសល់កិច្ចព្រមព្រៀងមួយឆ្នាំទៀត នៅកីឡដ្ឋាន St Mary។

Southampton ប៉ុនប៉ងចង់បានតម្លៃខ្លួនល្អបំផុតមួយ ដើម្បីបើកផ្លូវឲ្យមានការផ្ទេរ ក្រោយពីក្លិបបានទិញក្នុងតម្លៃខ្លួន ១២.៥លានផោន ពីក្លិប Celtic កាលពីខែកក្កដាឆ្នាំ ២០១៣៕