មិនគួរឲ្យជឿ! អ្នកទោសម្នាក់ លួចរត់ចេញពីគុក តាមប្រហោងតូចមួយ សម្រាប់ដាក់អាហារ (មានវីដេអូ)

រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ បុរសជាអ្នកទោសម្នាក់ បានព្យាយាមលួចរត់ចេញពីគុក បានដោយជោគជ័យ តាមរយៈប្រហោងតូចមួយ ដែលគេប្រើប្រាស់ សម្រាប់ដាក់អាហារ ចូលទៅក្នុងគុក ឲ្យទៅអ្នកទោស។

បើតាមខ្សែវីដេអូឃ្លីប ដែលថតបានតាមរយៈ កាមេរ៉ាសុវត្ថិភាពនៅក្នុងគុក បានបង្ហាញឲ្យឃើញ នូវសកម្មភាពដ៏អស្ចារ្យ របស់អ្នកទោសរូបនោះ លូនចូលតាមប្រហោង សម្រាប់ដាក់អាហារ យឺតៗ និងម្តងបន្តិចៗ។ នៅទីបំផុត គាត់ក៏លូនចេញពីគុកបានសម្រេច ប៉ុន្តែមិនបានរត់ភ្លាមទេ គឺគាត់បានលូកដៃ ចូលតាមប្រហោងដដែលនោះ យកអាវ និងស្បែកជើង រួចរៀបចំខ្លួនយ៉ាងស្រស់ស្អាត ដើរចេញពីគុក ដូចជាគ្មានរឿងអ្វីកើតឡើងអីចឹង។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាអ្នកទោសរូបនោះ មានឈ្មោះថា Rustam Shahrudinov អាយុ២៥ឆ្នាំ ត្រូវបានប៉ូលិសឃុំខ្លួន ពីបទចោរកម្ម ខណៈហេតុការណ៍ រត់គេចខ្លួនចេញពីគុក ដ៏អស្ចារ្យនេះ បានកើតឡើង នៅវេលាម៉ោង ៤ និង ៥០នាទីល្ងាច ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងទីក្រុង Izberbash ប្រទេសរុស្ស៊ី។

គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុ ទំនងជាអ្នកទោសរូបនោះ បានមើលឃើញថា ប្រហោងសម្រាប់ដាក់អាហារ មានទំហំធំល្មមនឹងខ្លួនគាត់ អាចឆ្លងកាត់បាន ខណៈពេលដែលអ្នកយាមគុក ជាក់ស្តែងមិនបានចាប់អារម្មណ៍ ចំពោះហេតុការណ៍នេះ ដោយសារតែវា កម្រនឹងកើតមានណាស់ អ្នកទោសដែលហ៊ានលួចរត់ តាមរយៈប្រហោងដាក់អាហារបែបនេះ។

ទោះបីជាយ៉ាងណា មន្ត្រីពន្ធនាគារ បានឲ្យដឹងថា នឹងចាត់វិធានការ ទៅលើអ្នកយាមគុក ដែលមានតួនាទីយាមកាម នៅពេលកើតហេតុ ព្រោះការរត់គេចខ្លួននេះ អាចមើលឃើញ យ៉ាងច្បាស់ក្រឡែត តាមរយៈកាមេរ៉ាសុវត្ថិភាព ប៉ុន្តែជាក់ស្តែង គឺគ្មាននរណាម្នាក់ បានមើលវាឡើយ។ ជាមួយគ្នានេះដែរ សេចក្តីរាយការណ៍ បានឲ្យដឹងថា អ្នកយាមគុក ដែលមានតួនាទីយាមកាម នៅពេលកើតហេតុ ទាំងនោះ កំពុងតែប្រឈមមុខ នឹងការបណ្តេញចេញ ផងដែរ។

យ៉ាងណាមិញ ប្រព័ន្ធផ្សាយផ្សាយក្នុងស្រុក បានឲ្យដឹងថា ជំនាញរបស់អ្នកទោស រូបនោះ គឺការលបចូលលួចវត្ថុមានតម្លៃ និងពូកែឆ្មក់ចូលផ្ទះ តាមរយៈបង្អួចតូចៗ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ដោយឡែក វីដេអូឃ្លីបស្តែងមួយ បានបង្ហាញឲ្យឃើញ អ្នកទោសជិត ៤០នាក់ ក្នុងគុកមួយកន្លែង នៅប្រទេសប្រេស៊ីល ផ្លោះរបង និងរត់ចេញពីគុក។

តាមរយៈឃ្លីបវីដេអូមួយ ថតដោយកាមេរ៉ាសុវត្ថិភាព នៅគុក Frei Damiao de Bozanno ជាយទីក្រុង Recife ក្នុងរដ្ឋ Pernambuco នៅភាគឦសានប្រទេសប្រេស៊ីល បង្ហាញនូវទិដ្ឋភាព អ្នកទោសរាប់សិបនាក់ នាំគ្នាផ្លោះរបងគុក រត់ចេញមកខាងក្រៅ ដោយអ្នកខ្លះទៀត បានរត់ទៅផ្លូវ ដែលមានផ្ទះប្រជាជននៅក្បែរនោះ ដើម្បីលាក់ខ្លួន។ បន្តិចក្រោយមក ស្រាប់តែអ្នកទោសមួយចំនួន បានបកក្រោយ ហើយរត់ទៅក្នុងគុកនោះវិញ ដោយមិនបានដឹង ពីមូលហេតុអ្វី បានជាពួកគេ ប្តូរគំនិតនោះទេ។

យ៉ាងណាមិញ ក្នុងចំណោមអ្នកទោស ៤០នាក់ ដែលបានផ្លោះរបងរត់នោះ មានតែម្នាក់ទេ ដែលរត់រួច ដោយ ៣៦នាក់ទៀត ត្រូវបានចាប់ខ្លួនដោយប៉ូលិស ហើយ២នាក់ទៀត បានស្លាប់ និងម្នាក់ទៀត រងរបួស ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សឹងមិនគួរឲ្យជឿ នេះគឺជាករណីទីពីរ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីអ្នកទោស ៥៣នាក់ បានរត់គេចខ្លួន តែត្រូវប៉ូលិសចាប់ខ្លួនបាន ១៣នាក់មកវិញ ពីពន្ធនាគារមួយផ្សេងទៀត នៅជាយក្រុង នេះដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា គុកនៅរដ្ឋ Pernambuco គឺជាគុកធំជាងគេបង្អស់ នៅប្រទេសប្រេស៊ីល។ បើតាមការសិក្សាមួយ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស ឆ្នាំ ២០១៥ បានឲ្យដឹងថា គុកនេះរចនាឡើងសម្រាប់ ដាក់អ្នកទោសបាន ១០,៥០០នាក់ ហើយអាចឡើងដល់ ៣២,០០០នាក់ឯណ្ណោះ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការដែលអាចលួចរត់ចេញទៅបានដូច្នេះ ដោយសារតែកង្វះខាតបុគ្គលិក ក្នុងការមើលខុសត្រូវ ៕

សូមទស្សនាវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនគួរឲ្យជឿ! អ្នកទោសម្នាក់ លួចរត់ចេញពីគុក តាមប្រហោងតូចមួយ សម្រាប់ដាក់អាហារ (មានវីដេអូ)
សកម្មភាពលួចចេញពីគុក តាមប្រហោងដាក់អាហារ របស់អ្នកទោស