​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​តរង​ការ​រិះគន់ថា​យកលុយ​ពី​កម្មករ​អូស​រទេះ​

កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​រិះគន់ថា ក្នុងពេលដែល​មុខរបរ​ពួកគាត់​កំពុងតែ​ជួយ​បញ្ហា​រក​ចំណូល​មិនបាន​ច្រើន​នោះ បែរជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ក្រុង​ប៉ោយប៉ែត​ទាមទារ​ប្រាក់​ពី​ពួកគាត់​ជា​ថ្នូរ​ដើម្បី​ដឹកជញ្ជូន​ឆ្លងដែន​បាន​រលូន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​ពួកគាត់​មិន​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ ពិសេស​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នោះ​ពួកគាត់​មិនអាច​អូស​រទេះ​ឆ្លងដែន​បាន​ដោយ​ងាយស្រួល​ឡើយ​។​

​អាជីវក​លក់ដូរ​នៅ​ក្រុង​ប៉ោយប៉ែត​បានបញ្ជាក់​ថា​ពួកគាត់​លក់ដូរ​មិនសូវ​ចំណេញ​ដោយសារ​បង់ពន្ធ​អាករ ពិសេស​ការ​កាក់​ទារលុយ​ពី​សំណាក់​មន្ត្រី​កងរាជអាវុធហត្ថ ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​គ្រាន់តែ​រទេះ​ឆា​លី មានន័យថា​រទេះរុញ​ដាក់​កង់​ម៉ូតូ​ឆា​លី ត្រូវ​បង់​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ចាប់ពី​៣០០​ទៅ​៥០០​បាត ឬ ប្រហាក់ប្រហែល​ពី​៣​ទៅ​៥​ម៉ឺន​រៀល​ក្នុង​មួយ​រទេះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​នៅពេលដែល​ត្រូវ​បង់លុយ​ដូចខាងលើ​នេះ​គឺ​វា​បានធ្វើ​ឲ្យ​តម្លៃ​នៃ​ការដឹកជញ្ជូន​ឆ្លងដែន​មានតម្លៃ​កាន់តែ​ខ្ពស់ ហើយ​កាត់បន្ថយ​ការ​ចំណេញ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ក្រុមអាជីវករ និង​កម្មករ​អូស​រទេះ បាន​បញ្ជាក់ថា ករណី​មន្ត្រី​អាវុធហត្ថ​ទារលុយ​ពី​រទេះរុញ​កង់​ឆា​លី​ពី​៣​ទៅ​៥​ម៉ឺន​រៀល​នេះ គឺ​ទំនង​ដោយសារតែ​ថ្នាក់លើ​គេ​យកលុយ​ពី​ពួកគេ​ច្រើន​ដែរ ទើប​ក្រុម​នេះ​ធ្វើ​សកម្មភាព​ខ្លះ​ហាក់ដូច​ជាការ​ជំរិត​ទារប្រាក់ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សូម​ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ​ជួយ​ត្រួតពិនិត្យ​បញ្ហា​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព​ផង ព្រោះ​នៅ​ច្រកទ្វារ​ខាងលើ​ក៏មាន​ករណី​ឃុបឃិត​រវាង​មន្ត្រី​ជំនាញ និង​ឈ្មួញ ដើម្បី​នាំចូល​ទំនិញគេចពន្ធ​ផងដែរ​៕

a3858a10-dfbb-4f6d-9794-c18373248e5a