​យុវជន​ម្នាក់​ជាប់ចោទ​ពី​បទ​ចង់​ធ្វើឃាត​លោក TRUMP

កាលពី​ថ្ងៃ​ទី​១៨ មិថុនា កន្លង​មកនេះ យុវជន​ម្នាក់​ឈ្មោះ MICHAEL SANDFORD ជនជាតិ​អង់គ្លេស​អាយុ​១៩​ឆ្នាំ ដែល​ប៉ុនប៉ង​ដណ្តើម​យក​កាំភ្លើង​ពី​ប៉ូលិស​ម្នាក់​នៅ​ឡាស់​វេ​ហ្គា​ស់ នោះ​បើ​តាម​ឯកសារ​នានា​របស់​តុលាការ​ថា រូបគេ​មាន​បំណង​ចង់​ធ្វើឃាត​លោក DONALD TRUMP ។

ពាក្យបណ្តឹង​មួយ​ដាក់​ដោយ​ភ្នាក់ងារ​សម្ងាត់​ម្នាក់​បញ្ជាក់​ថា យុវជន SANDFORD លាតត្រដាង​ថា រូបគេ​មាន​ផែនការ​មក​កាន់​ឡាស់​វេ​ហ្គា​ស់ ដើម្បី​សម្លាប់​លោក TRUMP ។ យោង​តាម​កំណត់ហេតុ​មួយ​ថា យុវជន​រូប​នេះ​បាន​មក​កាន់​កន្លែង​ហាត់​បាញ់កាំភ្លើង​មួយ​កន្លែង​នៅ​ឡាស់​វេ​ហ្គា​ស់ ដើម្បី​ឱ្យ​ចេះ​ប្រើ​កាំភ្លើង ហើយ​នៅ​ទីនោះ​រូបគេ​ហាត់​បាញ់​អស់យ៉ាង​តិច​១០​គ្រាប់ ។

ពាក្យបណ្តឹង​នេះ​បញ្ជាក់​ថា ជនជាប់ចោទ​បាន​ទទួលស្គាល់​ថា រូបគេ​ប្រហែលជា​អាច​បាញ់​បាន​យ៉ាងច្រើន​មួយ​គ្រាប់ ឬ​២​គ្រាប់ ហើយ​ជឿជាក់​ថា គេ​នឹង​ត្រូវ​កងកម្លាំង​ប៉ូលិស​បាញ់​ស្លាប់​ពេល​ប៉ុនប៉ង​ធ្វើការ​វាយប្រហារ ។

SANDFORD ដែល​មាន​ប័ណ្ណបើកបរ​អង់គ្លេស​ក៏​សារភាព​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ដែរ​ថា បាន​ទិញ​សំបុត្រ​មួយ ដើម្បី​ចូលរួម​ក្នុង​មី​ទ្ទីង​មួយ​ឯ​ទីក្រុង PHOENIX រដ្ឋ​អា​រី​ហ្សូ​ណា ជាមួយ​ចេតនា​សាកល្បង​ជា​ថ្មី​សម្លាប់​លោក DONALD TRUMP ប្រសិនបើ​ផែនការ​របស់​គេ​ត្រូវ​បរាជ័យ​នៅ​ឡាស់​វេ​ហ្គា​ស់ ៕