សុំ​លុយ​១​ម៉ឺន​រៀល​មិនបាន ​បង្ក​របួស​ស្នាម​បំផ្លាញ​ទ្រព្យសម្បត្តិ ត្រូវ​​តុលាការ​ដាក់គុក

សុំ​លុយ​១​ម៉ឺន​រៀល​មិនបាន ​បង្ក​របួស​ស្នាម​បំផ្លាញ​ទ្រព្យសម្បត្តិ ត្រូវ​​តុលាការ​ដាក់គុក



កណ្ដាល​ ៖​ យុវជន​ម្នាក់​បាន​ត្រូវ​តុលាការ​ខេត្ត​កណ្ដាល​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦​សម្រេច​ចោទប្រកាន់​ និង​ឃុំខ្លួន​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ បន្ទាប់ពី​មន្ត្រី​នគរបាល​​យុត្តិធម៌​ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ ដោយសារ​បុរស​នេះ​​ប្រព្រឹត្ត​សកម្មភាព​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ និង​បង្ក​​របួស​ស្នាម។

បើ​តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កណ្ដាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ ​ដែល​ពាក់ព័ន្ធ​ករណី​ធ្វើ​ឲ្យ​ខូចខាត​ ដោយ​ចេតនា​ និង​បង្ក​ឲ្យ​មាន​របួស​ស្នាម​នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦ នោះ​ឈ្មោះ សយ ចាន់​រិ​ទ្ធ ភេទ ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​​មិន​ពិតប្រាកដ។

ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​កណ្ដាល​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​ខែ​មិថុនា​ ឆ្នាំ​២០១៦​ហើយ​នៅ​ពេល​រសៀល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​លោក​ស្រីអ៊ី ម៉ា​ណូ​កា សម្រេច​ចេញ​ដីកា​ឃុំខ្លួន​លេខ​១១៤៨ ដក​.​ស​.​ឃ​ខ ចុះ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦​ ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​តាម​មាត្រា​លេខ​៤១០​ក្រម​ព្រហ្មទណ្ឌ។

បើ​តាម​លោក​វរសេនីយ៍ ស៊ឹ ប៊ុត​ប​ណ្ឌឹ​ត អធិការ​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១១​និង​៣០​នាទី​ ជនល្មើស​ឈ្មោះ​សយ ចាន់​សិទ្ធ​មិន​ដឹង​ជា​មាន​រឿង​អ្វី​​ទេ ពេល​ដើរ​ដល់​មុខ​ផ្ទះ បាន​យក​ដុំ​ថ្ម គប់​មក​លើ​ទ្វារ​កញ្ចក់​ និង​យក​កំណាត់ឈើ​មក​វាយ​បង្អួច​បន្ថែម​ទៀត​បណ្ដាល​ឲ្យ​បែក​អស់ ហើយ​ស្រែក​ទារ​លុយ​ម្ដាយ​ចំនួន​មួយ​ម៉ឺន​រៀល តែ​ម្ដាយ​មិន​ឲ្យ​ ក៏​យក​ដំ​ថ្ម​គប់​មក​លើ​ម្ដាយ​ចំក្បាល​ជង្គង់​បណ្ដាល​ឲ្យ​របួស។ បន្ទាប់មក​នគរបាល​ប៉ុស្តិ៍​ដើម​មៀន​ ក៏​ចុះទៅ​អន្តរាគមន៍​ឃាត់ខ្លួន​តែ​ម្តង៕