ដង​យោង​ស្ទូច​ស៊ីម៉ងត៍​ក្រុមហ៊ុន​ជី​ប​ម៉ុង​ក្រឡុក​ស៊ីម៉ងត៍​បាក់​សង្កត់​លើ​អ្នក​បើក​រថយន្ត​ស្លាប់​ម្នាក់​

ដង​យោង​ស្ទូច​ស៊ីម៉ងត៍​ក្រុមហ៊ុន​ជី​ប​ម៉ុង​ក្រឡុក​ស៊ីម៉ងត៍​បាក់​សង្កត់​លើ​អ្នក​បើក​រថយន្ត​ស្លាប់​ម្នាក់​



ព្រះសីហនុ ៖ យោង​តាម​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ​បុរស​អ្នក​បើករថយន្ត​ដឹក​ស៊ីម៉ងត៍​ម្នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ​ដោយសារ​បាក់ដង​យោង​ស្ទូច​សង្កត់​ពី​លើ​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​ជី​ប​ម៉ុង​ក្រឡុក​ស៊ីម៉ងត៍។

ហេតុការណ៍​នេះ​បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃទី​២០ ខែ​មិថុនា​នៅ​ក្នុង​ក្រុមហ៊ុន​ជី​ម​ម៉ុង​ក្រឡុកស៊ីម៉ងត៍ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ឃ្លាំង​លើ​ ក្រុម​៦ ​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​_​ខេត្ត​ព្រះសីហនុ​។

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ​សព​ជនរងគ្រោះ​មានឈ្មោះ​ឈួន សុវណ្ណ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មាន​មុខរបរ​បើកបរ​រថយន្ត​ និង​មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់​។ សមត្ថកិច្ច​បាន​ប្រាប់​ទៀត​ថា​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​រថយន្ត​ដឹក​ស៊ីម៉ងត៍​ចេញពី​កំពង់ផែ​កែវផុស​មក​ដាក់​នៅ​ក្រុមហ៊ុន​ជី​ប​ម៉ុង ហើយ​ក្នុង​ខណៈ​ពេល​ស្ទូច​ផ្ទេរ​ស៊ីម៉ងត៍​ចេញពី​រថយន្ត​នោះ​ស្រាប់តែ​ចៃដន្យ​ដង​យោង​ស្ទូច​នោះ​បាន​បាក់​សង្កត់​មក​លើ​ជនរងគ្រោះ​ បណ្ដាល​ឲ្យ​បែក​ក្បាល​ និង​បែក​គ្រឿងក្នុង​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ​ក្រុម​សមត្ថកិច្ច​បច្ចេកទេស​កោសល្យវិច័យ ​ត្រួតពិនិត្យ​សព​ ហើយ​បាន​សន្និដ្ឋាន​ថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​វត្ថុ​រឹង​សង្កត់​ពីលើ​ពិតប្រាកដ​មែន​ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​​ករណី​មនុស្សឃាត​នោះ​ទេ​។ សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ​សព​ក្រោយពេល​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួច​ក្រុមហ៊ុន​បាន​ជួយ​ដឹក​យក​ទៅ​ស្រុកកំណើត​ ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​
ដង​យោង​ស្ទូច​ស៊ីម៉ងត៍​ក្រុមហ៊ុន​ជី​ប​ម៉ុង​ក្រឡុក​ស៊ីម៉ងត៍​បាក់​សង្កត់​លើ​អ្នក​បើក​រថយន្ត​ស្លាប់​ម្នាក់​