ភ្លៀង​ លាយឡំ​​​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​ឆក់​យក​ជីវិត​មនុស្ស​ម្នាក់​ និង​រលំ​ផ្ទះ ប៉ើង​​ដំបូល​អស់​៣៩​ខ្នង

ភ្លៀង​ លាយឡំ​​​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​ឆក់​យក​ជីវិត​មនុស្ស​ម្នាក់​ និង​រលំ​ផ្ទះ ប៉ើង​​ដំបូល​អស់​៣៩​ខ្នង



សៀមរាប ​៖​ លោក​វរសេនីយ៍ត្រី​ទូច ​ប៊ុនធឿន​ អធិការ​ស្រុក​អង្គរធំ​ បាន​​បញ្ជាក់​ប្រាប់​កម្ពុ​ជា​ថ្មី​​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៤​ល្ងាច​ក្នុង​ថ្ងៃ​ទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០១៦ថា​ ​មាន​ភ្លៀង​ធ្លាក់​លាយ​ខ្យល់​កន្ត្រាក់​ និង​រន្ទះ​ បាន​បោកបក់​មក​លើ​ឃុំ​ពីរ​ គឺ​ឃុំ​ជប់​តា​ត្រាវ និង​ឃុំ​លាងដៃ​របស់​ស្រុក​អង្គរធំ​ខេត្ត​សៀមរាប ​​បណ្ដាល​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២៤​ខ្នង​ផ្ទះ​ ត្រូវ​​​ដួល​រលំ ​និង​ប៉ើង​ដំបូល ​និង​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​ ខណៈ​រូប​គាត់​ទៅ​ធ្វើ​ចម្ការ​ដំឡូង​មី​នៅ​ក្នុង​ទឹកដី​ស្រុក​អង្គរជុំ។

លោក​វរសេនីយ៍ត្រី​ទូច​ ប៊ុនធឿន​ អធិការ​ស្រុក​អង្គរធំ​បាន​បន្ត​ទៀត​ថា ​បុរស​ដែល​ស្លាប់​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​រន្ទះបាញ់​នេះ​ មាន​ឈ្មោះ​រឹក ជាតិ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ពងទឹក ឃុំ​ជប់​តា​ត្រាវ ​ស្រុក​អង្គរធំ​ ខេត្ត​សៀមរាប។ រូប​គេ​ត្រូវ​បាន​​​រន្ទះបាញ់​ស្លាប់​នៅ​ក្នុង​ចម្ការ​​ដំឡូង​មី​ស្ថិត​ក្នុង​ភូមិ​អន្ទិត​សុខ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប។

លោក​អធិការ​ស្រុក​អង្គរធំ​បាន​បញ្ជាក់​ទៀត​ថា នៅ​ស្រុក​អង្គរធំ មាន​ភ្លៀង​ធ្លាក់​លាយ​ខ្យល់​កន្ត្រាក់​ប៉ះ​ពីរ​ឃុំ​គឺ​ឃុំ​លាងដៃ​ និង​ឃុំ​ជប់​តា​ត្រាវ​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​២៤​ខ្នង ​ដួល​រលំ​ និង​របើក​ដំបូល។

លោក​​បន្តទៀត​ថា​ មកទល់​ថ្ងៃ​ទី​២០​ខែ​មិថុនា​ ឆ្នាំ​២០១៦​នេះ​កម្លាំង​របស់​លោក​បាន​ជួយ​រើ​ និង​ធ្វើ​ផ្ទះ​ជូន​ពួកគាត់​ផងដែរ​ហើយ។

ចំណែក លោក​អធិការ​ស្រុក​ពួក​ក៏បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា នៅ​ស្រុក​ពួក​ក៏មាន​ប៉ះ​ភ្លៀង​លាយ​ទ្បំ​ខ្យល់​កន្ត្រាក់​ប៉ះ​ទៅលើ​ឃុំ​ពីរ​គឺ ឃុំ​រើ​ល​និង ឃុំ​ល្វា​ក្នុងស្រុក​ពួក​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ចំនួន​៤​ខ្នង​ និង​ប៉ើង​ដំបូលផ្ទះ​ចំនួន​៦​ខ្នង ហើយ​នៅ​ឃុំ​ល្វា បាន​រលំ​ផ្ទះ​ចំនួន១​ខ្នង​និង​ប៉ើង​ដំបូលផ្ទះ​ចំនួន​៤​ខ្នង​(​ខូចខាត​សម្ភារៈ​ជាច្រើន។