១០គន្លឹះ ថែរក្សាសុខភាពឲ្យបានល្អ នៅអំឡុងរដូវភ្លៀង ដែលអ្នកគួរតែដឹង

រដូវភ្លៀង ជារដូវកាលមួយ ដែលពោរពេញទៅដោយ ភាពសប្បាយ រីករាយ ស្រស់ថ្លា ជាមួយនឹងបរិស្ថានជុំវិញដែលមានពណ៌យ៉ាងខៀវស្រង៉ាត់។ តែទោះជាយ៉ាងណា រដូវនេះក៏បាននាំយកនូវ បញ្ហាសុខភាព និងជំងឺជាច្រើនមកផងដែរ។ អ្នកគួរតែរក្សាការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ដើម្បីចៀសវាងបញ្ហាសុខភាព ជ្រៀតចូលទៅក្នុងរាងកាយរបស់អ្នក។ រីឯកុមារ កាន់តែ ត្រូវការមើលថែ បន្ថែមទៀតក្នុងអំឡុងរដូវកាលបែបនេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ។ នៅពេលនេះ ប្រព័ន្ធភាពស៊ាំរបស់អ្នកគឺខ្សោយណាស់ ហើយជំងឺដែលជាទូទៅ នាំមកដោយរដូវភ្លៀងមានដូចជា ៖

• គ្រុនឈាម

• ផ្តាសាយ

• គ្រុន

• ឆ្លងមេរោគពីអាហារ

• ឆ្លងមេរោគពីទឹក

• ជំងឺអាសន្នរោគ

• ជំងឺ Leptospirosos ដែលត្រូវបានបង្កឡើងដោយ បាក់តេរីដែលមាននៅលើខ្លួនមនុស្សឬសត្វមួយចំនួន។ វាអាចបង្កភាពធ្ងន់ធ្ងរដល់ តម្រងនោម ថ្លើម រលាកស្រោមខួរ និងបញ្ហាផ្លូវដង្ហើម។

ហេតុនេះ យើងគួរតែមានការប្រុងប្រយ័ត្ន ចំពោះសុខភាពឲ្យបានល្អ ដោយគន្លឹះខាងក្រោមទាំងអស់គ្នា ៖ 

១. ត្រៀមលក្ខណៈមុនជានិច្ច ៖ រឿងដែលអាចជួយបានយ៉ាងមានប្រសិទ្ធភាពបំផុតគឺ ត្រូវមានរបស់របរទុកការពារពេលមានភ្លៀង គ្រប់ពេលដែលអ្នកត្រូវចេញទៅក្រៅ។ វាជារឿងប្រសើរបំផុត ដែលអ្នកគួរមានឆ័ត្រជាប់ជាមួយ ដើម្បីការពារខ្លួនអ្នកពីភ្លៀងធ្លាក់ភ្លាមៗ ព្រោះយើងម្នាក់ៗមិនអាចទាយដឹងពីអាកាសធាតុ ដោយគ្រាន់តែសម្លឹងមើលមេឃនោះទេ។ សម្រាប់អ្នកជិះកង់ ឬម៉ូតូ គួរមានអាវភ្លៀង និងពាក់ស្បែកជើងដែលអាចជ្រាបទឹកបាន។

២. ងូតទឹកបន្ទាប់ពីត្រូវភ្លៀង ៖ នេះអាចស្តាប់ទៅដូចជា ចម្លែកបន្តិច ព្រោះអ្នកទើបតែសើមជោគពីទឹកភ្លៀងរួច ដូច្នេះអ្នកប្រាកដជាមិនចង់ទៅងូតទឹកបន្ថែមទៀតនោះទេ។ ប៉ុន្តែ ការងូតទឹកសម្អាតខ្លួន បន្ទាប់ពីត្រូវទឹកភ្លៀងរួច នឹងការពាររាងកាយអ្នកពីការឆ្លងមេរោគជាច្រើន។

៣. វីតាមីន C ៖ អ្នកគួរបង្កើនការទទួលទាន វីតាមីន C ព្រោះវាជាសារធាតុធម្មជាតិ និងដូចជាអាហារបំប៉ន ដែលជួយបណ្តេញមេរោគផ្តាសាយ បានលឿនបំផុត។ វីតាមីន C ជួយរាងកាយអ្នកឲ្យ មានភាពសកម្មឡើងវិញ និងកាត់បន្ថយអាការៈផ្តាសាយធ្ងន់ធ្ងរ បានយ៉ាងពិតប្រាកដ។

៤. ញ៉ាំរបស់ក្តៅៗ ៖ នេះជារដូវដែលអ្នករាល់គ្នា សុទ្ធតែចង់ញ៉ាំអ្វីដែលក្តៅៗ។ វិធីល្អបំផុត គឺធ្វើស៊ុបក្តៅៗ ញ៉ាំដោយខ្លួនឯង ឬយ៉ាងហោចណាស់ក៏ញ៉ាំទឹកដោះគោក្តៅ មួយកែវដែរ។ ទាំងនេះនឹងជួយអ្នកមិនឲ្យផ្តាសាយ និងការពារមិនឲ្យឆ្លងមេរោគ ដែលបណ្តាលមកពីការផ្លាស់ប្តូរសីតុណ្ហភាពក្នុងរាងកាយភ្លាមនោះ។ តែក្តៅរុក្ខជាតិ ត្រឹមតែមួយពែងក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នក មានភាពប្រសើរឡើង ដើម្បីប្រឆាំងនឹងមេរោគ និងបាក់តេរីបានយ៉ាងខ្លាំងក្លា។

៥. ផឹកទឹកឲ្យបានច្រើន ៖ អ្នកប្រាកដជាមិនចង់ញ៉ាំទឹកច្រើននោះទេ នេះក៏ដោយសារតែសីតុណ្ហភាពត្រជាក់ដែលនៅជុំវិញអ្នក។ តែវាជារឿងល្អ ដែលអ្នកត្រូវញ៉ាំទឹកឲ្យបានច្រើន ទោះបីអ្នកមិនស្រេកក៏ដោយ ព្រោះវានឹងជួយបង្ហូរជាតិពុលចេញពីរាងកាយរបស់អ្នក។ 

៦. ចៀសវាងអាហារតាមដងផ្លូវ ៖ មនុស្សជាច្រើនចូលចិត្តបរិភោគអាហារចៀន ឬបំពង នៅអាកាសធាតុបែបរដូវភ្លៀងនេះ។ តែអ្នកដឹងទេថា គេមិនបានផ្លាស់ប្តូរប្រេងទេ ថែមទាំងមានទឹកភ្លៀងចូលលាយជាមួយប្រេងនោះទៀតផង។ លើសពីនេះទៅទៀត អ្នកគួរផឹកតែទឹកបរិសុទ្ធបានហើយ និងជៀសវាងទឹកក្រូច ឬភេសជ្ជៈផ្សេងៗនៅតាមដងផ្លូវ ព្រោះវាអាចមានភាពកខ្វក់ដោយសារទឹកភ្លៀង និងបង្កឲ្យមានជាតិអំបិលមិនល្អនៅក្នុងនោះទៀតផង។

៧. អនាម័យស្បែក ៖ ព្យាយាមរក្សាអនាម័យ ជុំវិញខ្លួនអ្នកជារឿងដ៏សំខាន់នៅក្នុងរដូវភ្លៀង។ អ្នកត្រូវលាងដៃនឹងសាប៊ូ និងទឹកសម្លាប់មេរោគ ឲ្យបានញឹកញាប់បំផុត ជាពិសេសមុនពេលបរិភោគ ឬចាប់កាន់អាហារ ក៏ដូចជាបន្ទាប់ពី ពេលដែលអ្នកប៉ះពាល់វត្ថុដែលមានជាតិកខ្វក់ពីទឹកភ្លៀង។

៨. របបអាហារ ៖ ត្រូវលាងសម្អាត បន្លែ ផ្លែឈើទាំងអស់ ឲ្យបានហ្មត់ចត់ ជាពិសេសបន្លែស្លឹក និងផ្កាខាត់ណា ព្រោះវាអាចសំបូរពពួកសត្វដង្កូវ និងដីភក់កខ្វក់ច្រើន។ អាហារដែលមានដូចជា ខ្ទឹមស ម្រេច ខ្ញី រមៀត និងល្ង សុទ្ធតែជួយបង្កើនការរំលាយអាហារ និងពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ ក្នុងរដូវភ្លៀងនេះ។

៩. សំលៀកបំពាក់ ៖ អ្នកគួរចៀសវាង ការស្លៀកសំលៀកបំពាក់ខូវប៊យ ព្រោះវាជាប្រភេទសំលៀកបំពាក់ដែលមិនងាយស្ងួតនោះទេ។ វិធីល្អបំផុតគឺ អ្នកគួរជ្រើសរើសសំលៀកបំពាក់ ដែលមានសាច់ក្រណាត់ជាកប្បាស (cotton) ឲ្យបានគ្រប់ពេល ដើម្បីការពារ ការឆ្លងមេរោគផ្សិត។ សម្រាប់អ្នកដែលកំពុងកើតជំងឺទឹកនោមផ្អែម មិនត្រូវដើរជើងទទេរ ឬពាក់ស្បែកជើងសើមជាដាច់ខាត។

១០. បញ្ហាមូស ៖ ក្នុងរដូវភ្លៀង សត្វមូសប្រាកដជាកើនឡើងចំនួនច្រើន ដែលនឹងបណ្តាលឲ្យកើតជំងឺគ្រុនឈាម ក៏ព្រោះតែសំបូរទឹកដក់ ដែលអនុញ្ញាតឲ្យពួកវាបង្កកំណើតបាន។ ហេតុនេះ អ្នកត្រូវបង្ហូរទឹកចេញឲ្យអស់ពីរបស់របរក្រៅផ្ទះដូចជា សំបកកង់ កំប៉ុង ឬផើងផ្កាផ្សេងៗ៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

១០គន្លឹះ ថែរក្សាសុខភាពឲ្យបានល្អ នៅអំឡុងរដូវភ្លៀង ដែលអ្នកគួរតែដឹង

១០គន្លឹះ ថែរក្សាសុខភាពឲ្យបានល្អ នៅអំឡុងរដូវភ្លៀង ដែលអ្នកគួរតែដឹង

១០គន្លឹះ ថែរក្សាសុខភាពឲ្យបានល្អ នៅអំឡុងរដូវភ្លៀង ដែលអ្នកគួរតែដឹង