បុរសម្នាក់ ត្រូវគេគិតថាស្លាប់ ៣ឆ្នាំមកហើយ ស្រាប់តែឃើញត្រលប់មកផ្ទះវិញ

ចិន៖ ជារឿងមិនគួរឲ្យជឿ និងភ្ញាក់ផ្អើលមួយ ដែលបុរសវ័យចំណាស់ម្នាក់ត្រូវបាន ក្រុមគ្រួសាររបស់គាត់ គិតថារូបគាត់បានស្លាប់ អស់រយៈពេលជាង៣ឆ្នាំកន្លងទៅ និងថែមទាំងមានរៀបចំ ធ្វើជាផ្នូរបញ្ចុះយ៉ាងត្រឹមត្រូវដល់គាត់ផងដែរ។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ បែរជាពេលថ្មីៗកន្លងទៅនេះ បានលេចមុខគាត់ជាថ្មី ត្រលប់មកផ្ទះវិញ ជាហេតុធ្វើឲ្យអ្នកផ្ទះ រួមជាមួយនឹងអ្នកភូមិ ភ័យបះសក់ជ្រោងគ្រប់គ្នា។

បើតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងថា កាលពីក្នុងឆ្នាំ ២០១២ កន្លងទៅ បុរសចំណាស់វ័យ ៥០ផ្លាយ លោក Ma Jixiang ត្រូវបានសមាជិកក្រុមគ្រួសារ បញ្ចុះសពរបស់គាត់ ក្នុងទីក្រុង Xiangtan ខេត្ត Hunan ប្រទេសចិន ក្រោយពីក្រុមគ្រួសារមួយនេះ បានគិតថានេះពិត ជាសាកសពរបស់គាត់ពិតប្រាកដមែន ក្រោយពីបែកគ្នាអស់ជាច្រើនឆ្នាំ។

ជុំវិញករណីរឿងរ៉ាវទាំងអស់នេះដែរ ប្រភពបានឲ្យដឹងថា លោក Ma គឺជាមនុស្សម្នាក់ដែលបានសតិមិនសូវល្អ ដោយសារតែរូបគាត់មានវ័យចំណាស់ច្រើន (រាងវង្វេងវង្វាន់) ហើយបានបាត់ខ្លួនតាំងពីអំឡុង ឆ្នាំ២០០៩ មកម៉្លេះ។ ក្រោយការទន្ទឹងរង់ចាំ អស់ជាង៣ឆ្នាំ របស់ក្រុមគ្រួសារគាត់រួចមក  ថ្ងៃមួយគ្រួសាររបស់គាត់ ក៏បានទទួលការហៅចូលទូរស័ព្ទ ពីខាងប៉ូលិស ហើយបានប្រាប់ថា មានបុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ហើយបើតាមការពិនិត្យមើលសាកសព អាចទំនងជាលោក Ma ដែលបានបាត់ខ្លួនជាយូរមកហើយនោះ។

ជាមួយគ្នានេះដែរ ខាងមន្ទីរពិសោធន៍ ក៏បានធ្វើកោសល្យវិច្ច័យ ទៅលើសាកសព ដែលលទ្ធផលបញ្ជាក់ថា មានភាគរយខ្ពស់អាចបញ្ជាក់ថា ជាសាកសពរបស់លោក Ma Jixiang ដែលបានបាត់ខ្លួនកាលពីជាង ៣ឆ្នាំកន្លងមកនោះពិតប្រាកដមែន។ លើសពីនេះ ដោយមិនអស់ចិត្ត ខាងគ្រួសាររបស់លោក Ma ក៏បានសម្រេចចិត្ត ឲ្យខាងវេជ្ជសាស្រ្ត ធ្វើការពិនិត្យជាថ្មីតាមរយៈ ឌីអេនអេ (DNA) ដើម្បីចង់ដឹងពីលទ្ធផល ការពិតបន្ថែមទៀតផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនៅតែបង្ហាញចេញដូចគ្នាដដែល។

ប្រភពបន្ថែមទៀតថា ក្រោយពីទទួលស្គាល់ថាជាសាកសពរបស់លោក Ma យ៉ាងពិតប្រាកដហើយ ក្រោយមកសមាជិកក្រុមគ្រួសាររបស់គាត់ បានចំណាយលុយអស់រាប់រយដុល្លារ ដើម្បីកសាងផ្នូរបញ្ចុះសព និងបន្ថែមតោថ្មលម្អដោយពណ៌ទឹកមាសមួយគូ អមសងខាងយ៉ាងស្រស់ស្អាតសម្រាប់គាត់ផងដែរ ដើម្បីឲ្យគាត់អាចទៅរស់នៅ ចាប់ជាតិក្នុងពិភពដែលល្អស្អាតជាងនេះ។

ទន្ទឹមនឹងនោះផងដែរ ក្រោយពីរឿងរ៉ាវបានចប់សព្វគ្រប់ អស់រយៈជាយូរឆ្នាំកន្លងទៅហើយនោះ ស្រាប់តែពេលថ្មីៗនេះលោក Ma បានបង្ហាញខ្លួនត្រលប់មកផ្ទះវិញជាថ្មីម្តងទៀត ទាំងនៅរស់ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។ ដូច្នេះមានន័យថា ការធ្វើតេស្តពិនិត្យ DNA ការស្លាប់របស់គាត់កន្លងមក គឺសុទ្ធសឹងតែជារឿងមិនពិត មិនត្រឹមត្រូវទាំងអស់។

បើផ្នែកតាមរយៈ ការសម្ភាសន៍សួរឆ្លើយឆ្លងគ្នាជាមួយនឹងអ្នកកាសែត ការបាត់ខ្លួនរបស់លោក Ma ក្នុងរយៈពេលជាច្រើននេះ គឺរូបគាត់ត្រូវបានគេចាប់បង្ខំឲ្យធ្វើការនៅក្នុងរោងចក្រឡឥដ្ឋខុសច្បាប់មួយកន្លែង។ រហូតដល់វ័យ ៥៨ឆ្នាំ រោងចក្រខាងលើបានយកគាត់ មកទម្លាក់ចោលតាមដងផ្លូវនៃទីក្រុង Hengan ដោយសារតែរោងចក្រខាងលើយល់ឃើញថា គាត់កាន់តែចាស់មិនអាចធ្វើការបានទៀតឡើយ។

គួររំលឹកដែរថា បច្ចុប្បន្នលោក Ma កំពុងតែរស់នៅក្នុងផ្ទះចូលនិវត្តន៍សម្រាប់មនុស្សចាស់ ដែលជាកន្លែងសង្ឃឹមថា គាត់នឹងមិនអាចទៅណាបាន ដូចកាលពីលើកមុនម្តងទៀតផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ ត្រូវគេគិតថាស្លាប់ ៣ឆ្នាំមកហើយ ស្រាប់តែឃើញត្រលប់មកផ្ទះវិញ

បុរសម្នាក់ ត្រូវគេគិតថាស្លាប់ ៣ឆ្នាំមកហើយ ស្រាប់តែឃើញត្រលប់មកផ្ទះវិញ