ចប់ហើយអ្នកអត់លិឍ! រោងកុននៅហ្វីលីពីន ហាមមិនឲ្យ ចូលមើលរឿង «The Conjuring 2» តែម្នាក់ឯងឡើយ

ហ្វីលីពីន៖ កាលពីពេលថ្មីៗនេះ រូបថតមួយសន្លឹក ត្រូវបានគេបង្ហោះ និងចែកចាយ ពាសពេញបណ្តាញអ៊ីនធឺណែត ហើយក៏ធ្វើឲ្យ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងផងដែរ ដោយរូបថតនោះ បង្ហាញពីការសរសេរបម្រាមដាស់តឿន ហាមមិនឲ្យទស្សនិកជន ចូលមើលរឿង បែបលងបន្លាច រន្ធត់ញាប់ញ័រ «The Conjuring 2» តែម្នាក់ឯងឡើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បម្រាមនោះ ត្រូវបានសរសេរឡើងដោយ រោងកុនមួយកន្លែង ស្ថិតក្នុងប្រទេសហ្វីលីពីន មានឈ្មោះថា KCC Cinema ដែលត្រូវបានគ្រប់គ្រងដោយ ផ្សារទំនើបដ៏ធំមួយ ក្នុងប្រទេសហ្វីលីពីន  KCC Malls។

បើយោងតាមអត្ថន័យនៃបម្រាម ដែលធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលនោះ បានសរសេរថា «យោងតាមរបាយការណ៍ នៃការចាក់បញ្ចាំងខ្សែភាពយន្ត The Conjuring 2 ពីមុនៗមក គឺមានភាពមិនប្រក្រតី ហើយទស្សនិកជនជាច្រើន មានអារម្មណ៍ថាចម្លែកៗ ក្នុងអំឡុងពេល កំពុងទស្សនាខ្សែភាពយន្តនេះ។ ដោយសារតែមានក្តីកង្វល់ ពីសុខទុក្ខរបស់អ្នក យើងសូមដាស់តឿនអ្នក កុំឲ្យមើលរឿងនេះ តែម្នាក់ឯងឲ្យសោះ... ជាមួយគ្នានេះដែរ កុំស្ទាក់ស្ទើរ ក្នុងការរាយការណ៍ ចំពោះភាពមិនប្រក្រតីផ្សេងៗ ដល់បុគ្គលិករោងកុនយើងឲ្យសោះ»។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តដ៏ល្បីល្បាញ «The Conjuring 2» មួយនេះ ត្រូវបានផលិត ដោយផលិតកម្ម Warner Bros. Picture និងដឹកនាំដោយ អ្នកដឹកនាំរឿង ដែលមានដើមកំណើត ជាជនជាតិ ចិន-ម៉ាលេស៊ី James Wan ដែលតែងតែទទួលបាន ការកោតសរសើរ លើស្នាដៃនៃការផលិត ខ្សែភាពយន្តរបស់គាត់ ដូចជាខ្សែភាពយន្ត រឿង «Saw» រឿង «The Conjuring» រឿង «Furious 7» និង រឿង «Annabelle» ផងដែរ៕

សូមទស្សនាវីដេអូ Trailer នៃខ្សែភាពយន្ត រឿង The Conjuring 2 ទាំងអស់គ្នា៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងរឿង «The Conjuring 2» នេះដែរ កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ក៏មានហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើល និងរន្ធត់មួយ បានកើតឡើង ដោយមាន។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើង នៅក្នុងរោងកុនមួយកន្លែង មានឈ្មោះថា Sri Balasubramaniar Cinemas ស្ថិតក្នុងទីក្រុង Tiruvannamalai ប្រទេសឥណ្ឌា។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានទៅមើលកុនរឿង «The Conjuring 2» ជាមួយនឹង មិត្តភក្តិម្នាក់ទៀត។ ក្នុងអំឡុងពេលមើលរឿងនេះ ជនរងគ្រោះចេះតែត្អូញត្អែរ ថាឈឺទ្រូង ហើយមិនបានប៉ុន្មានផង ក៏បានដួលទៅលើដី នៅក្នុងរោងកុន លែងដឹងខ្លួនតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេប្រញាប់ប្រញាល់ បញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្បែរកន្លែងកើតហេតុមានឈ្មោះថា «Old Government Hospital» តែក្រោយមក គ្រូពេទ្យបានអះអាងថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីបានដឹងថា ជនរងគ្រោះស្លាប់ បុគ្គលិកមន្ទីរពេទ្យ ក៏ប្រាប់មិត្តភក្តិជនរងគ្រោះ ឲ្យយកសាកសពជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ «Tiruvannamalai Goverment Medical College Hospital» វិញ ដើម្បីធ្វើការពិនិត្យសាកសព តែមិនដឹងជាយ៉ាងម៉េច បុរសជាមិត្តភក្តិ និងសាកសពជនរងគ្រោះ ស្រាប់តែបាត់ខ្លួន ទាំង២នាក់តែម្តង។

យ៉ាងណាមិញ ប៉ូលិសកំពុងតែស្វែងរក សាកសព និងមិត្តភក្តិជនរងគ្រោះ ហើយក៏កំពុងតែ ស៊ើបអង្កេតរកអត្តសញ្ញាណ និងមូលហេតុពិតប្រាកដ នៃការស្លាប់ របស់ជនរងគ្រោះផងដែរ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍មនុស្សស្លាប់ ខណៈកំពុងតែមើលរឿងបែបនេះ គឺពិតជាកម្រ និងជាបាតុភូត គួរឲ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែវាមិនមែនកើតមាន តែចំពោះរឿងបែបភ័យរន្ធត់ឡើយ។

ដោយឡែករំលឹកកាលពីឆ្នាំ១៩៨៩ ធ្លាប់មានគ្រូពេទ្យជនជាតិដាណឺម៉ាកម្នាក់ មានឈ្មោះថា Ole Bentzen បានចាប់ផ្តើមសើចយ៉ាងខ្លាំង ក្នុងអំឡុងពេល កំពុងមើលការបង្ហាញមួយមានឈ្មោះថា «A Fish Named Wanda» បណ្តាលឲ្យបេះដូងរបស់គាត់ រីក និងលោតខុសពីធម្មតា រហូតដល់ទៅ ២០០-៥០០ដង ក្នុងមួយនាទី។ សំពាធបែបនេះ បានធ្វើឲ្យគាត់ គាំងបេះដូង និងស្លាប់ភ្លាមៗមួយរំពេច នៅក្នុងរោងកុនតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចប់ហើយអ្នកអត់លិឍ! រោងកុននៅហ្វីលីពីន ហាមមិនឲ្យ ចូលមើលរឿង «The Conjuring 2» តែម្នាក់ឯងឡើយ
បម្រាមដាស់តឿន នៅក្នុងរោងកុន KCC Cinema

ចប់ហើយអ្នកអត់លិឍ! រោងកុននៅហ្វីលីពីន ហាមមិនឲ្យ ចូលមើលរឿង «The Conjuring 2» តែម្នាក់ឯងឡើយ
ឈុតមួយក្នុងរឿង The Conjuring 2