ខឹង​ប្តី​ស្រែក​ប្រាប់​គេ​ថា​ប្រពន្ធ​លួច​មាន់ យប់​ស្ងាត់​កាប់​ប្តី​ស្លាប់

ខឹង​ប្តី​ស្រែក​ប្រាប់​គេ​ថា​ប្រពន្ធ​លួច​មាន់ យប់​ស្ងាត់​កាប់​ប្តី​ស្លាប់



ខេត្តកំពង់ចាម ៖ ដោយសារ​ខឹងសម្បា​នឹង​ប្តី​របស់​ខ្លួន​ដែល​បាន​ហែកកេរ្តិ៍​ចោទ​រឿង​លួច​មាន់​ អ្នកស្រុក​នោះ លុះដល់​ពេល​យប់​ស្ងាត់​កូន​ៗ​ដេក​លក់​អស់ ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​លួច​កាប់​ប្រហារ​ប្តី​ត្រូវ​ចំ​គុម្ពត្រចៀក​១​ កាំបិត​បណ្តាល​ឲ្យ​ស្លាប់ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមិថុនា នៅ​ភូមិ​បឹង ឃុំ​ទងត្រឡាច ស្រុក​ស្រី​សន្ធរ លុះ​ព្រឹក​ឡើង​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅសួរនាំ និង​ចាប់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​ជាប់ចោទ​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា ។

លោក ​អនុសេនីយ៍ឯក ទុ​យ សា​វុ​ធ អធិការរង​នគរបាល​ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា បុរស​ជា​ប្តី​ឈ្មោះ យី យឹត អាយុ​៥៦​ឆ្នាំ ខណៈ​ផឹកស្រា​ស្រវឹង​ស្រឿង​ៗ​បាន​ស្រែក​ប្រាប់​អ្នក​ជិតខាង​ថា មាន​បងប្អូន​ណា​បាត់​មាន់​ទេ​ឲ្យ​មក​មើល​នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​គាត់​ ព្រោះ​ប្រពន្ធ​គាត់​ជា​អ្នក​លួច តែ​ការ​ស្រែក​នោះ​មិន​មាន​អ្នក​ណា​មក​មើល​ទេ ។

លោក​អធិការរង​បន្ត​ថា ពេល​នោះ​ទាំង​ប្តី​និង​ប្រពន្ធ​ផឹក​ស្រវឹង​ដូច​គ្នា លុះដល់​ពេល​យប់​ខណៈ​ប្តី​កំពុង​ដេក​នៅ​លើ​ផ្ទះ​ជាមួយនឹង​កូន​ៗ៦​នាក់ ប្រពន្ធ​ឈ្មោះ អ៊ុ​ក វ៉ា អាយុ​៥៣​ឆ្នាំ ដែល​ខឹងសម្បា​ប្តី​កាលពី​ព្រឹក​នោះ ក៏​ទៅ​ទាញ​យក​កាំបិត​ផ្គាក់​មក​កាប់​ប្តី​ចំ​គុម្ពត្រចៀក​ឆ្វេង​១​កាំបិត​ ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ​ស្លាប់​ក្នុង​ថ្លុកឈាម​។

ក្រោយ​ពី​កាប់​ ប្តី​ស្លាប់​ហើយ ស្រី្ត​ជា​ប្រពន្ធ​មិន​បាន​រត់គេច​ខ្លួន​ទៅ​ណា​នោះ​ទេ ព្រោះ​នឹក​ស្មាន​តែ​សមត្ថកិច្ច​មិនដឹង ។ លុះ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា មានការ​ភ្ញាក់ផ្អើល​មនុស្ស​ម្នា​មក​មើល​ច្រើន ក៏​ដឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ពិនិត្យ​ឃើញ​មាន​ស្នាម​របួស និង​ហៅ​ប្រពន្ធ​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​។ ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ឆ្លើយ​ថា រូប​គាត់​ពិតជា​បាន​កាប់​ប្តី​១​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​មែន មូលហេតុ​ដោយសារ​តែ​ខឹង​ប្តី​ស្រែក​ប្រាប់​គេ​ថា គាត់​លួច​មាន់​អ្នកស្រុក ។

នៅ ​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ស្ត្រី​ឈ្មោះ​អ៊ុ​ក វ៉ា ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ ចាត់ការ​តាម​ច្បាប់ ៕