បើពិតជាមានភាព​មិន​ប្រក្រតី​លើ​ញត្តិ​គណបក្ស​សង្គ្រោះ​ជាតិមែន ​អ្នកណា​ទទួលខុសត្រូវ​?

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានថានឹងចាត់វិធានការតាមច្បាប់ ចំពោះការភូតកុហក ព្រះមហាក្សត្រ តាមរយៈស្នាមផ្តិតមេដៃ របស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក។ សម្តេចបញ្ជាក់ថា នេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់ព្រះចេស្តា ព្រះមហាក្សត្រ និងប្រជារាស្ត្រ។ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២០ មិថុនានេះ។

បើពិតជាមានភាព​មិន​ប្រក្រតី​លើ​ញត្តិ​គណបក្ស​សង្គ្រោះ​ជាតិមែន ​អ្នកណា​ទទួលខុសត្រូវ​?

ក្រោយការលេចលឺ ពីភាពមិនប្រក្រតី លើញត្តិ របស់គណបក្សសង្គ្រោះជាតិ ដែលបានប្រមូលនៅគ្រប់រាជធានី-ខេត្តទូរទាំងប្រទេស ថាប្រជាពលរដ្ឋម្នាក់ មានស្នាមផ្តិតមេដៃលើសពីមួយ រួចមក ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីស្រាវជ្រាវ លើករណីនេះ។

ក្រោយការស្រាវជ្រាវ សមត្ថកិច្ច បានប្រកាសថា នៅក្នុងញត្តិរបស់គណបក្សសង្គ្រោះជាតិ មានភាពមិនប្រក្រតីមួយចំនួន រួមមាន៖

១. ស្នាមមេដៃធ្វើឡើង តែ២១រាជធានី-ខេត្ត ខុសពីការបញ្ជាក់ថា ប្រមូលនៅទូទាំង២៥រាជធានី-ខេត្ត។

២. ក្នុងញត្តិមួយចំនួន មានស្នាមមេដៃ តែអត់មានឈ្មោះ មានខ្លះទៀត មានស្នាមមេដៃ មានឈ្មោះតែគ្មានអាស័យដ្ឋាន និងខ្លះទៀតមានឈ្មោះ អត់មានស្នាមមេដៃ និងអ្វីដែលពិសេសនោះ គឺមានស្នាមមេដៃតែមួយ បានផ្តិតលើឈ្មោះអ្នកដទៃរហូតទៅដល់៨៦នាក់។

យ៉ាងណាក៏ដោយ ប្រសិនបើលទ្ធផលនៃ ការស្រាវជ្រាវ ប្រកាសជាផ្លូវការថា ពិតជាមានករណីនេះ កើតឡើងមែននោះ តើអ្នកណា ជាអ្នកទទួលខុសត្រូវ? វិទ្យុវាយោ មិនអាចសុំការអត្ថាធិប្បាយពីភាគីពាក់ព័ន្ធ ក្នុងរឿងនេះបានទេ ដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។

គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែឧសភា តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ជាច្រើនរូប បានហែរញត្តិ តាមរថយន្ត ដែលមានស្នាមមេដៃប្រជាពលរដ្ឋ ជាង១៧ម៉ឺនស្នាមមេដៃ ដាក់ថ្វាយព្រះមហាក្សត្រ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិ មនុស្សអាដហុក ៤រូប អគ្គលេខាធិការ រងគ.ជ.ប១រូប, ដោះលែង សកម្មជនមន្ត្រីជាន់ខ្ពស់ និងតំណាងរាស្ត្រ គណបក្សគណបក្សសង្គ្រោះជាតិ ព្រមទាំងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ ទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិផងដែរ៕

ប្រភពៈ វាយោ