លោក​ ហ៊ុន ​សែន ​៖ ​កម្ពុជា​សុំ​នៅ​អព្យាក្រឹត​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុង​មាន​វិវាទ

ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានរិះគន់ការរាយការណ៍ដែលថាកម្ពុជាចុះញ៉មតាមសម្ពាធពីចិន និងបានជួយសម្លាប់សេចក្តីថ្លែងការណ៍មួយដោយប្រទេសអាស៊ីអាគ្នេយ៍ស្តីពីជម្លោះសមុទ្រចិនខាងត្បូងដោយលោកបានគូសបញ្ជាក់ថាកម្ពុជាមិនទៅប្រឆាំងប្រទេសណាមួយទេគឺកម្ពុជាសុំនៅអព្យាក្រឹតលើបញ្ហានេះ។

លោក​ ហ៊ុន ​សែន ​៖ ​កម្ពុជា​សុំ​នៅ​អព្យាក្រឹត​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុង​មាន​វិវាទ

លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំកាលពីម្សិលមិញថា៖ «បញ្ហាកម្ពុជាលើសមុទ្រចិនខាងត្បូងទុកឱ្យប្រទេសពាក់ព័ន្ធចរចាគ្នាទៅកម្ពុជាទោះបីតូច ឬ ក្រតែមិនងងឹតងងុលធ្វើនយោបាយបរទេសដោយមិនដឹងខ្យល់នោះទេ។ រឿងគេសោះមកដាក់កំហុសឱ្យកម្ពុជាជាអ្នកបំផ្លាញអាស៊ានទទួលយកមិនបានទេហេតុអីគេមកបង្ខំយើងហើយទម្លាក់កំហុសឱ្យយើង ខ្ញុំទទួលយកមិនបានទេ»។

លោកបានគូសបញ្ជាក់ថា លោកមិនឱ្យនរណាទាញប្រទេសកម្ពុជាទៅប្រឆាំងប្រទេសណាមួយផ្សេងទៀតទេដោយកម្ពុជាសុំនៅអព្យាក្រឹតលើបញ្ហានេះហើយសុំអំពាវនាវឲ្យប្រទេសនៅក្រៅតំបន់កុំលូកដៃចូលបញ្ហាសមុទ្រចិនខាងត្បូង។

សេចក្តីថ្លែងការណ៍អាស៊ានដែលសម្ដែង «ក្តីបារម្ភធ្ងន់ធ្ងរ» អំពីភាពតានតឹងដែលកំពុងកើនឡើង និងសង្កត់ធ្ងន់អំពីសារៈសំខាន់នៃ «ការមិនប្រើយោធា» និង «ភាពអំណត់អត់ធ្មត់» នៅពេលនិយាយអំពីជម្លោះដែនទឹកដែលកើតមានឡើងបន្ទាប់ពីកិច្ចប្រជុំមួយរវាងរដ្ឋមន្រ្តីការបរទេសអាស៊ីអាគ្នេយ៍ និងតំណាងចិននៅខេត្តគុនមីង ប្រទេសចិនពីសប្តាហ៍មុន។ ចេញដោយប្រទេសម៉ាឡេស៊ីនៅពេលបញ្ចប់នៃការជជែករយៈពេលពីរថ្ងៃសេចក្តីថ្លែងការណ៍ធំមួយដែលគេហៅថាជាសេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយត្រូវបានដកចេញវិញប៉ុន្មានម៉ោងបន្ទាប់ពីចេញ។

ប្រភពការទូតអាស៊ានដែលត្រូវបានដកស្រង់សម្តីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានថ្លែងថាប្រទេសឡាវ ម៉ាឡេស៊ី និងកម្ពុជាបានដកការគាំទ្ររបស់ខ្លួនចំពោះសេចក្តីថ្លែងការណ៍ក្រោមសម្ពាធពីចិន។

នៅក្នុងសុន្ទរកថាមួយកាលពីម្សិលមិញលោក ហ៊ុន សែន បានច្រានចោលការអះអាងបែបនេះថា «មិនអាចទទួលយកបាន» ដោយចោទប្រកាន់ប្រទេសដែលមិនបានបង្ហាញឈ្មោះថា «ប្រើប្រាស់កម្ពុជាទប់ទល់ជាមួយចិន»។

លោកនាយករដ្ឋមន្រ្តីបានថ្លែងថា៖ «ពួកគេប្រើប្រាស់យើង និងជេរយើង»។

លោកបន្តថា៖ «អ្នកខ្លះថាមកពីកម្ពុជាជិតចិនពេកទើបចេញសេចក្តីថ្លែងការណ៍មិនបាន ឬក៏ធ្វើ CoC មិនបាន។ ខ្ញុំសុំសួរទៅវិញវាអយុត្តិធម៌សម្រាប់កម្ពុជាមិនហ៊ានស្តីឲ្យប្រ៊ុយណេទេអត់ហ៊ានទេ។ ប៉ុន្តែយើងជាប្រទេសតូច គេព្រហើន គេប្រមាថ ខ្ញុំមិនឲ្យនរណាប្រមាថជាតិខ្មែរទេ»។

លោកបានថ្លែងទៀតថា៖ «ខ្ញុំមិនគាំទ្រនរណាទេតែខ្ញុំសុំឲ្យយុត្តិធម៌ខ្ញុំសុំឲ្យប្រទេសទាំងអស់អត់ធ្មត់កុំប្រើកម្លាំង ឬ កុំគំរាមប្រើប្រាស់កម្លាំងក្នុងសមុទ្រចិនខាងត្បូងរួចនាំគ្នាធ្វើ CoC ប៉ុន្តែសំខាន់ជាងហ្នឹងទៀតអំពាវនាវប្រទេសពាក់ព័ន្ធចរចាគ្នាទៅវៀតណាមជាមួយចិន ចិនជាមួយហ្វីលីពីន ហ្វីលីពីនជាមួយវៀតណាម។ លោកឯងមិនចរចាឲ្យខ្ញុំទៅចរចាជំនួសលោកឯង!»។

ចិនអះអាងដែនទឹកសមុទ្រចិនខាងត្បូងភាគច្រើនបំផុតថាជារបស់ខ្លួនដែលតាមរយៈសមុទ្រចិនខាងត្បូងពាណិជ្ជកម្មសកលជាង ៥ ពាន់ពាន់លានដុល្លារបានឆ្លងកាត់ជារៀងរាល់ឆ្នាំ។ វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីន និងតៃវ៉ាន់ បានអះអាងអធិបតេយ្យដែនទឹកប្រឆាំងនឹងចិន។

ខណៈចិនបាននិងកំពុងប្រែក្លាយតំបន់ផ្កាថ្ម និងថ្មរាក់ៗទៅជាកោះសិប្បនិម្មិតដើម្បីឲ្យយន្តហោះចេញចូលបានប្រទេសហ្វីលីពីនបានយកករណីនេះទៅតុលាការអាជ្ញាកណ្តាលអចិន្រៃ្តយ៍នៅទីក្រុងឡាអេដែលត្រូវបានរំពឹងថានឹងសម្រេចលើបញ្ហានេះនៅប៉ុន្មានសប្តាហ៍ខាងមុខ។

លោក ហ៊ុន សែន សំដៅទៅតុលាការអន្តរជាតិដោយចោទប្រកាន់ថាតុលាការនេះលម្អៀង និងបង្ហាញថា «មានការឃុបឃិតនយោបាយ»។

លោកបានថ្លែងថា៖ «នេះមិនមែនអំពីច្បាប់វាគឺអំពីនយោបាយទាំងស្រុង។ ខ្ញុំនឹងមិនគាំទ្រការវិនិច្ឆ័យណាមួយដោយតុលាការទេ»។

កម្ពុជាជាយូរមកហើយត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួនហើយការយល់ឃើញបែបនេះរឹតតែត្រូវបានគេយល់ឃើញខ្លាំងថែមទៀតនៅឆ្នាំ ២០១២ នៅពេលដែលកម្ពុជាជាប្រធានអាស៊ានបានជួយសម្លាប់សេចក្តីថ្លែងការណ៍ស្រដៀងគ្នាស្តីពីសមុទ្រចិនខាងត្បូងដែលលើកទីមួយក្នុងរយៈពេល ៤៥ ឆ្នាំក្នុងប្លុកអាស៊ានបរាជ័យមិនអាចចេញសេចក្តីថ្លែងការណ៍រួមគ្នាបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស។

ទីក្រុងប៉េកាំងបានអះអាងថាសមុទ្រចិនខាងត្បូងគឺជាបញ្ហាទ្វេភាគីរវាងរដ្ឋអះអាងអធិបតេយ្យ និងចិនទោះបីជាជាប្រទេសអាស៊ានដែលមានជម្លោះជាមួយចិនលើបញ្ហាសមុទ្រចិនខាងត្បូងចង់ឲ្យអាស៊ានធ្វើការងារជាក្រុមក៏ដោយ។

អ្នកវិភាគប្រចាំតំបន់លោក Carl Thayer ដែលជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ New South Wales បានថ្លែងថាសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចេញផ្សាយទាំងស្រុងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយវៀតណាមគឺវាមានលក្ខណៈស្វិតស្វាញជាងជំហរកាលពីពេលមុនជាពិសេសឃ្លាដែលទាញការជាប់ទាក់ទងផ្ទាល់រវាងទំនាក់ទំនងរបស់ប្លុកអាស៊ានជាមួយទីក្រុងប៉េកាំង និងបញ្ហានេះ។

លោក Carl Thayer បានថ្លែងថាទោះយ៉ាងណាក្តីការយល់ច្រឡំការទូតដែលបានកើតមានជុំវិញសេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុនជាថ្មីម្តងទៀតបង្ហាញអំពីអសមត្ថភាពរបស់ប្លុកថាមិនមានគោលជំហររួបរួមគ្នាហើយបានហៅវាថាជា «ស្ថានភាពការិយាធិបតេយ្យ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍