អា​មេ​រិ​ក​បំផ្ទុះ​គ្រាប់បែក​យ៉ាង​ខ្លាំង​មួយ​ក្បែរ​នាវាចម្បាំង​ដ៏​ទំនើប​សាកល្បង​ភាពរឹងមាំ​នៃ​នាវា​នេះ

ដើម្បី​សាកល្បង​មើល​ភាពរឹងមាំ​នៃ​នាវាចម្បាំង​ថ្មី​សន្លាង​របស់​ខ្លួន​ឈ្មោះ USS JACKSON សហរដ្ឋ​អា​មេ​រិ​ក បាន​បំផ្ទុះ​គ្រឿងផ្ទុះ​ដ៏​ខ្លាំង​មួយ​មាន​ទម្ងន់​ដល់​ទៅ​៤,៥​តោន​នៅ​ចម្ងាយ​ត្រឹមតែ​៩០​ម៉ែត្រ​ពី​នាវា​នេះ ។

រូបថត​ដ៏​អស្ចារ្យ​មួយ​នៃ​ការ​ពិសោធន៍​មើល​នេះ​ត្រូវ​បាន​ផ្សាយ ។ ភាព​លម្អិត​នៃ​ការ​សាកល្បង​នេះ​គេ​ពុំ​បាន​រាយការណ៍​ឡើយ ក៏​ប៉ុន្តែ​បណ្តា​យោធា​អា​េ​ម​រិ​ក​អះអាង​ថា នាវា​នេះ​ដែល​មាន​តម្លៃ​ដល់​ទៅ​៣៦០​លាន​ដុល្លារ ក្រោយ​ពេល​បំផ្ទុះ​គ្រាប់បែក​ដ៏​ខ្លាំង​នេះ​រង​ការ​ខូចខាត​ស្រាល​ប៉ុណ្ណោះ រួច​លទ្ធផល​ដែល​ទទួល​បាន​គឺ​លើស​ពី​ការ​ស្មាន ។ នា​ពេល​ខាង​មុខ​នេះ នាវា USS JACKSON នឹង​ត្រូវ​ធ្វើការ​សាកល្បង​ប្រភេទ​នេះ​ជា​ច្រើន​សារ​ទៀត ដោយ​បន្ទាប់​ពី​នោះ​បណ្តា​អ្នក​ជំនាញការ​នឹង​ធ្វើ​បញ្ជី​នៃ​ការ​កែតម្រូវ​ជាយថាហេតុ​នានា ។

ម្យ៉ាងវិញទៀត កង​ម៉ា​រី​ន​អា​មេ​រិ​កបាន​ដាក់​បញ្ចូល​ទឹក ហើយ​នូវ​នាវា​ពិឃាត​បំបាំងកាយ​មួយ​ដែល​មាន​លំនាំ​ដូច​នាវា​ពិឃាត​ទាំងឡាយ​នៃ​ខ្សែភាពយន្ត សង្គ្រាម​ផ្កាយ​STAR WARS​។ នោះ​ជានា​វា​មហា​ទំនើប​មួយ​ដែល​បណ្តា​រ៉ា​ដា​ពួក​សត្រូវ​ចាប់​មិន​បាន ។

នាវា​មានឈ្មោះ​ថា USS ZUMWALT នេះ​គឺជា​នាវាចម្បាំង​ដ៏​ទំនើប​បំផុត​ជំនាន់​ថ្មី ។ កង​ម៉ា​រី​ន​អា​េ​ម​រិ​ក​ចាប់តាំងពី​ថ្ងៃ​ទី​២០ មិថុនា មក បាន​ធ្វើការ​សាកល្បង​នូវ​នាវា​ពិឃាត​បំបាំងកាយ​ដ៏​ធំ​នេះ ដែល​ពុំ​ធ្លាប់​កសាង​ទាល់តែ​សោះ ដែល​វា​មាន​រូបរាង ដូច​នាវា​ពិឃាត​នៃ​សង្គ្រាម​ផ្កាយ ។ នាវា​នេះ​នឹង​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​កា​ពី​តែ​ន JAMES KIRK ។ នាវា​បំបាំងកាយ​នេះ​មើលទៅ​មាន​រាង​ដូច​នាវា​នេសាទ​មួយ​គ្រឿង តែ​វា​មាន​បណ្តោយ​ដល់​ទៅ​ជាង​២០០​ម៉ែត្រ និង​មាន​ចំណុះ​១៥.០០០​តោន ដែល​នឹង​ជានា​វា​ប្រយុទ្ធ​ដ៏​សំខាន់​បំផុត​មួយ​របស់​អា​េ​ម​រិ​ក បន្ទាប់​ពី​បណ្តា​នាវា​ផ្ទុក​យន្តហោះ និង​នាវាមុជទឹក ។ នាវា USS ZUMWALT នឹង​បំពាក់​ដោយ​ថាមពល​ពិសេស​ដែល​អាច​ធានា​ផ្តល់​អគ្គិសនី​សម្រាប់​ការ​ប្រើ​អាវុធ​ទំនើប​ៗ ឧទាហរណ៍​ដូច​ជា​កាណុង​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក ឬ​ក៏​អាវុធ​ឡាស៊ែរ ។

នាវា​ពិឃាត​នេះ​ក៏​អាច​ចូល​ទៅ​កៀក​ៗ​មាត់ច្រាំង​សមុទ្រ ហើយ​ជួយ​ទ្រទ្រង់​ដល់​កងទ័ពជើងគោក ដោយសារ​ការ​បាញ់កាំភ្លើង​ធំ រួច​ក៏​មាន​សមត្ថភាព​ការពារ​អាកាស ហើយ​អាច​ធ្វើការ​ប្រយុទ្ធ​តាម​ជើង​ទឹក ។ នាវា​នេះ​ត្រូវ​កសាង​ឡើង​ដោយ​ចំណាយ​ប្រាក់​ប្រមាណ​ជា​៤,៣​ពាន់​លាន​ដុល្លារ​ឯណោះ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត ។ នាវា​ប្រភេទ​នេះ​តែ​៣​គ្រឿង​ប៉ុណ្ណោះ​ត្រូវ​បាន​កសាង ខណៈ​កង​ម៉ា​រី​ន​អា​េ​ម​រិ​ក​ចង់បាន​ដល់​ទៅ​៣២​គ្រឿង ។ ដោយសារ​បញ្ហា​ថវិកា​ដែល​សភា​អា​មេ​រិ​ក​កម្រិត​ការ​ផលិត​ត្រឹម​៣​គ្រឿង ៕