នៅ​បារាំង​ការ​បំពុលបរិយាកាស​ស្លាប់​ច្រើន​ប្រហែល​ការ​ផឹកស្រា

យោង​តាម​ការ​សិក្សា​មួយ​នា​ពេល​ថ្មី​ៗ​នេះ​របស់​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​បារាំង​ថា ការ​បំពុលបរិយាកាស​ដោយសារ​ធូលី​តូច​ៗ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​៤៨.០០០​នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​បារាំង ។

លោក FRANCOIS BOURDILLON នាយក​របស់​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​ថ្មី​ដែល​ចេញផ្សាយ​ការ​សិក្សា​នេះ​កាលពី​ថ្ងៃ​ទី​២១ មិថុនា និយាយ​ថា ទោះបីជា​ការ​បំពុល​បរិយាកាស​មាន​មនុស្ស​ស្លាប់​តិច​ជាង​ឥទ្ធិពល​ថ្នាំជក់ ដែល​មាន​អ្នក​ស្លាប់​៨០.០០០​នាក់ ក្នុង​មួយ​ឆ្នាំ ក៏​ប៉ុន្តែ​ការ​ខូចខាត​ដោយសារ​ការ​បំពុល​ធាតុអាកាស​បច្ចុប្បន្ន​ស្ទើរតែ​ស្មើគ្នា ការ​ខូចខាត​ដោយសារ​ស្រា ៤៨.០០០​នាក់​ក្នុង​មួយ​ឆ្នាំ​ដែរ ។ បែប​នេះ​មាន​ន័យ​ថា សម្រាប់​មនុស្ស​អាយុ​៣០​ឆ្នាំ​ម្នាក់ ការ​បំពុល​នេះ​វា​កាត់​បន្ថយ​អាយុកាល​មធ្យម​របស់​គេ​យ៉ាង​តិច​២​ឆ្នាំ​។ ការ​បំពុល​ខ្យល់អាកាស​បច្ចុប្បន្ន​ជា​កត្តា​ទី​៣​នៃ​គ្រោះថ្នាក់ ។

ដើម្បី​អាច​វាយតម្លៃ​លើ​គ្រោះថ្នាក់​នៃ​ការ​បំពុលបរិយាកាស​នៅ​លើ​ដែនដី​បារាំង​ទាំងមូល ពួក​អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​លើ​មនុស្ស​២​ក្រុម​ធំ ក្នុង​នោះ​មួយ​ក្រុម​ជា​មនុស្ស​ធ្វើការ​ក្នុង​ក្រុមហ៊ុន​អគ្គិសនី​បារាំង EDF ដែល​មាន​មនុស្ស​សរុប​ជិត​៣០.០០០​នាក់ ។ បន្ទាប់​មក​គេ​បែងចែក​ជា​ក្រុម​រវាង​ពួក​អ្នក​រស់នៅ​ក្នុង​បណ្តា​ទីក្រុង​មាន​ប្រជាជន​ចាប់ពី​១០០.០០០​នាក់​ឡើង​ទៅ និង​បណ្តា​មនុស្ស​រស់នៅ​ក្នុង​បណ្តា​ទីក្រុង​មាន​ប្រជាជន​ចាប់ពី​១០.០០០​ទៅ​១០០.០០០​នាក់ រួច​ក្រុម​មួយទៀត​ជា​អ្នក​មក​ពី​តំបន់​ជនបទ ។ ពួក​គេ​សុទ្ធតែ​រង​ការ​បំពុល​ដោយ​ធូលី​តូច​ៗ ទាក់ទិន​នឹង​សកម្មភាព​មនុស្ស​ដូច​ជា​ការ​ដឹក​ជញ្ជូន ការ​ដុត​កំ​ដៅ ឬ​ការ​ប្រើ​រាល់​គ្រឿង​ឆេះ​ឯទៀត​ៗ​។ បែប​នេះ​ទើប​គេ​អាច​បង្កើត​បន្តិច​ម្តង​ៗ​នូវ​ខ្នាត​មួយ​នៃ​ការ​ខូចខាត​ដល់​សុខភាព ៕