អ្នក​នេសាទ​ខុសច្បាប់​ប្រុស​ស្រី​ចំនួន​១៦​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន ​បញ្ជូន​មក​កាន់​ទីបញ្ជាការ​ដើម្បី​សួរនាំ

អ្នក​នេសាទ​ខុសច្បាប់​ប្រុស​ស្រី​ចំនួន​១៦​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន ​បញ្ជូន​មក​កាន់​ទីបញ្ជាការ​ដើម្បី​សួរនាំ



សៀមរាប ​៖​ អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប​ បាន​ឆ្មក់​បង្ក្រាប​ករណី​នេសាទ​ខុសច្បាប់​នៅ​ចំណុច​រាំង​ឆត្រ ស្ថិត​​​ក្នុង​ឃុំ​កំបុងឃ្លាំង ក្នុងស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​កាលពី​វេលា​ម៉ោង​១១​យប់ ​​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦​ មកទល់​ព្រឹក​ក្នុង​ថ្ងៃ​ទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៦ ហើយ​ឈាន​ដល់​ធ្វើការ​ចាប់​ខ្លួន​​​ជនសង្ស័យ​ ដែល​រក​ស៊ី​បទល្មើស​នេសាទ​ខុសច្បាប់​ប្រុស​ស្រី​ចំនួន​១៦​នាក់ ​​​​ដោយ​​ដកហូត​​​វត្ថុ​តាង​រួមមាន​កាណូត​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ចំនួន​១១​គ្រឿង និង​ឧបករណ៍​នេសាទ​ខុសច្បាប់​ សាច់​ស៊ី​ប​ចំនួន​១១​គ្រឿង ព្រមទាំង​ដង​ស៊ីប​ចំនួន​១១​គូរ ស្មើ​នឹង​២២​ដង។ ក្រោយ​ពី​ឃាត់​ខ្លួន ​សមត្ថកិច្ច​ក៏​​​​​ ​​បញ្ជូន​​ពួកគេ​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សួរនាំ​បន្ត។

លោក​វរសេនីយ៍ឯក ស្រី​យូ​រ៉ា មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជក់​ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង ​បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ ​​បទល្មើស​ ដែល​ជនសង្ស័យ​បាន​ប្រកបមុខរបរ​ខុសច្បាប់​នេសាទ​នៅ​ក្នុង​រដូវ​ហាមឃាត់ ​និង​​ដោយ​មានការ​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប​ នៅ​​​ចំណុច​រាំង​​ឆត្រ​ព្រំប្រទល់​កំពង់​ភ្លក់​ជាប់​នឹង​កំពង់​ឃ្លាំង ស្ថិតនៅ​ក្នុងស្រុក​សូទ្រនិគម នៃ​ខេត្ត​សៀមរាប ​ទើប​ឈាន​ដល់​ធ្វើ​ការ​ចាប់​ខ្លួន​បាន​ចំនួន​១៦​នាក់ កាណូត​ចំនួន​១១​គ្រឿង និង​ឧបករណ៍​នេសាទ​ខុសច្បាប់ សាច់​ស៊ីប​ ចំនួន​១១​គ្រឿង ព្រមទាំង​ដង​​​ស៊ីប​ចំនួន​២២​ដង យក​មក​រក្សាទុក​ដើម្បី​ធ្វើ​ការ​ដុត​កម្ទេច​ចោល។

ចំណែក​ឯ​ជនសង្ស័យ​ទាំង​១៦​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ជលផល​កំពុង​ធ្វើការ​សួរនាំ​នៅ​ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​នៅ​​ឡើយ​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជលផល​បន្ត។

ទោះបីជា​ សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​យ៉ាងណាក៏ដោយ ក៏​គេ​នៅ​សង្កេតឃើញ​បទល្មើស​ជលផល​ហាក់បីដូចជា​កើត​ព្រោងព្រាត​នៅ​ឡើយ៕
​​