សហគ្រាស​ហ្គោ​ដ​ហៀ​ល​កម្ពុជា​សម្ពោធ​ផលិតផល​ថ្មពិល​ម៉ាក GP

សហគ្រាស​ហ្គោ​ដ​ហៀ​ល​កម្ពុជា​សម្ពោធ​ផលិតផល​ថ្មពិល​ម៉ាក GP



ភ្នំពេញ ៖ ដោយ​មើល​ឃើញ​សក្ដានុពល​សេដ្ឋកិច្ចកម្ពុជា​ ដែល​មាន​កម្រិត​ នៃ​ការ​កើនឡើង​ខ្លាំង​ពោល​គឺ​ក្នុង​រង្វង់ ៧​ភាគរយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​, សហគ្រាស​ហ្គោ​ដ​ហៀ​ល​កម្ពុជា​បាន​នាំចូល​ផលិតផល​ថ្មពិល​ម៉ាក GP ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ជីវភាព​រស់នៅ ក៏ដូចជា​ការ​ប្រកបរ​បរ​អាជីវកម្ម​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​អោយ​កាន់​រីកចម្រើន​ថែមទៀត​។​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មពិល​ម៉ាក GP មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ដែល​ប្រារព្វ​ឡើង​នៅ​សណ្ឋាគារ Inter-continental​កាលពី​ថ្ងៃទី ២០ មិថុនា ២០១៦។

លោក​អូន​គាត អគ្គនាយក​សហគ្រាស​ហ្គោ​ដ​ហៀ​ល​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ “​ហ្គោ​ដ​ហៀ​ល​មាន​វត្តមាន​រយៈពេល​២៣​ឆ្នាំ​ហើយ​នៅ​កម្ពុជា​ដោយ​រីកចម្រើន​ពី​ក្រុម​ហ៊ុន​ចែកចាយ​តូច​មួយ​ទៅជា​ក្រុម​ហ៊ុន​ចែកចាយ​ធំ​បំផុត​ទាំង​បី​ក្នុង​ប្រទេស​កម្ពុជា​។ យើង​រីករាយ​ណាស់​ដែល​ទទួល​បាន​សិទ្ធ​ចែកចាយ​ផ្តាច់​មុខ ថ្មពិល​ម៉ាក GP ដែល​ជា​ផលិតផល​មួយទៀត​ក្នុងចំណោម​ផលិតផល​ជាច្រើន​របស់​យើង​។ ហ្គោ​ដ​ហៀ​ល​តែងតែ​ផ្តល់​អាទិភាព​ទៅលើ​ម៉ាក់​សញ្ញា​ដែល​មាន​គុណភាព​ជាជាង​ប្រាក់ចំណេញ​។ នេះ​ប្រហែលជា​ហេតុផល​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​រីកចម្រើន​ទៅមុខ​ជានិច្ច​។

រោងចក្រ​ថ្មពិល​ម៉ាក GP​គឺជា​រោងចក្រ​ថ្មពិល​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដែល​មាន​ក្រុមការងារ​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ការ​ឥត​ឈប់ឈ​រលើ​ការ​ពង្រឹង​គុណភាព​ថ្មពិល​។ ហេតុ​ដូច្នេះ​ហើយ បានជា​ក្រុម​ហ៊ុន​ផលិត​បាន​ថ្មពិល​មានគុណ​ភាព​ខ្ពស់​គ្រប់​ប្រភេទ​ទាំងអស់​។ ថ្មពិល​ម៉ាក GP ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៦៤ ដោយមាន​ការិយាល័យ​ក​ណ្តា​ល​ជាស​កល​នៅ​ទីក្រុង ហុងកុង ហើយ​បាន វិ​វត្ត​ជា​បន្តបន្ទាប់​រហូត​ក្លាយ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្មពិល​នៅ​ទូទាំង​សកលលោក​។ ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បាន​ជួយ​អោយ​ក្រុមហ៊ុន​នេះ​មាន​ភាព​នាំ​មុខគេ​ក្នុង​វិស័យ​ថ្មពិល និង​ជួយ​ជំរុញ​ដល់​ឧស្សាហកម្ម​ថ្មពិល​អោយ​ឆ្ពោះ​ទៅមុខ​ផង​ដែរ​។ ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​ប្រមាណ ៥,៩០០ នាក់​នៅ​ទូទាំង​សកលលោក ជា​មួយនឹង​លទ្ធផល​លក់​ប្រចាំឆ្នាំ ៥៥០ លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៥​។

បច្ចុប្បន្ន ថ្មពិល​ម៉ាក GP គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្មពិល និង​ថ្មពិល​សាក​ថាមពល​ឡើងវិញ​បាន​ដ៏​សំខាន់​មួយ​របស់​ពិភពលោក​។​នៅ​អឺរ៉ុប ថ្មពិល​ម៉ាក​GP គឺជា​ម៉ាក​សញ្ញា​ថ្មពិល​ដែល​លក់ដាច់​លេខ​១​នៅក្នុង​ប្រទេស​រុស្ស៊ី និង​ជា​ស្លាក​សញ្ញា​ថ្មពិល​ដែល​អាច​សាក​ថាមពល​ឡើងវិញ​ដែល​លក់ដាច់​បំផុត​នៅ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ទ្វីប​អឺរ៉ុប​។​នៅ​តំបន់​អាស៊ី ថ្មពិល​ម៉ាក​GP គឺជា​ក្រុមហ៊ុន​ផលិត​ថ្មពិល​ធំ​បំផុត​ទី​២​នៅ​ក្នុង​ប្រទេស​ចិន​។ នៅ​ទីក្រុង​ហុងកុង ថ្មពិល​ម៉ាក​GP គឺជា​ម៉ាក​សញ្ញា​ផលិតផល អាល់​កា​ឡាំង ថ្មពិល & ឆ្នាំង​សាក លេខ​១​រយៈពេល​១២ ឆ្នាំ​ជាប់ៗ​គ្នា​។​

គួរ​បញ្ជាក់​ថា សហគ្រាស​ហ្គោ​ដ​ហៀ​ល​កម្ពុជា​បាន​ប្រតិបត្តិការ​តាំងពី​១៩៩១ ក្រោយ​ការ​ចុះហត្ថលេខា​ជា​ផ្លូវការ​ដើម្បី​ចាប់ផ្ដើម​ការ​លក់ និង​ចែកចាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ទា​ប់​ពី​ស្គាល់​ច្បាស់​ពី​សក្ដានុពល​នៃ​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ផលិតផល​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ​។ តាមរយៈ​ទស្សនវិស័យ បេសកកម្ម និង​តម្លៃ​នៃ​ការ​យកចិត្តទុកដាក់ សហគ្រាស​ហ្គោ​ដ​ហៀ​ល​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​ជា​ក្រុមហ៊ុន​លក់ និង​ចែកចាយ​ឈានមុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា ដោយ​នាំមក​នូវ​ផលិតផល​គុណភាព​ខ្ពស់ និង​បំពេញ​បាន​នូវ​ការ​ប្ដេជ្ញា​របស់​យើង​ចំពោះ​ម្ចាស់​ភាគហ៊ុន​ទាំងអស់​។ បច្ចុប្បន្ន សហគ្រាស​ហ្គោ​ដ​ហៀ​ល​គឺជា​ភ្នាក់ងារ​ចែកចាយ​ផ្តាច់​មុខ​នូវ​ម៉ាក​សញ្ញា​ផលិតផល​អន្តរជាតិ​ជាច្រើន​ដែល​ទទួល​បាន​ពី​ដៃគូ​អាជីវកម្ម។ ​សហគ្រាស​ហ្គោ​ដ​ហៀ​ល​ជឿជាក់ថា​កម្ពុជា​គឺជា​ទីផ្សារ​ដ៏​ល្អ​មួយ​សម្រាប់​ការ​វិនិយោគ ហើយ​យើង​មានគំនិត​សុ​ទិដ្ឋិ និយម​ចំពោះ​ការលូតលាស់​របស់​ប្រទេស​នេះ​ក្នុង​ពេល​អនាគត​៕