ប្រមុខ​សិទ្ធិមនុស្ស UN ទាមទារ​ឲ្យ​មី​យ៉ាន់​ម៉ា បញ្ចប់​ការគាបសង្កត់​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-21-2016, 3:38 pm         72

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រមុខ​សិទ្ធិមនុស្ស UN ទាមទារ​ឲ្យ​មី​យ៉ាន់​ម៉ា បញ្ចប់​ការគាបសង្កត់​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​លោក Zeid Ra-ad al-Hussein ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់ UN​តាមរយៈ​របាយការណ៍​របស់ខ្លួន ប្រធាន​ស្ថាប័ន​សិទ្ធិមនុស្ស​ជាន់ខ្ពស់ នៃ​អង្គការសហប្រជាជាតិ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បញ្ឈប់​រាល់​ការរើសអើង និង​ការ​ធ្វើទុក្ខបុកម្នេញ ទៅលើ​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ក៏ដូចជា​ជនជាតិភាគតិច​ដទៃទៀត ដែល​រស់នៅ​លើទឹក​ដី​មី​យ៉ាន់​ម៉ា​។

​លោក Zeid Ra-ad al-Hussein ឧ​ត្ត​ម​ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​២០ ខែមិថុនា បានទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី លុបចោល​ការគាបសង្កត់ និង​រើសអើង ប្រឆាំងនឹង​ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។ ក្នុង​របាយការណ៍​រប​ស់​ខ្លួន ដែល​ទើបនឹង​ចេញ គេ​នៅតែ​ឃើញ​មានការ​ផ្លាស់ប្ដូរ​លំនៅ និង​ការរំលោភបំពាន​ផ្លូវភេទ លើ​ជនជាតិភាគតិច ដែល​កំពុង​រស់នៅ​តាម​រដ្ឋ​នានា ជាពិសេស​ក្នុង​រដ្ឋ Rakhine តែម្ដង​។​

​ក្នុង​របាយការណ៍ ដែលមាន​កម្រាស់​១៨​ទំព័រ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ រកឃើញ​ពី​ការរំលោភបំពាន​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ បញ្ហា​នេះ នាំ​មានការ​លើកឡើង​ពី​ការវាយប្រហារ​ជា​ប្រព័ន្ធ ដែល​នោះ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។ ជាមួយគ្នានេះ ក្រុមប្រឹក្សា​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លុបបំបាត់​ទាំងស្រុង បទបញ្ញត្តិ​មាន​លក្ខណៈ​រើសអើង​គ្រប់​ប្រភេទ នៅ​រដ្ឋ Rakhine ភាគ​ខាងលិច ដែលមាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា និង​ជនភៀសខ្លួន​ដទៃទៀត ជាង​១២​ម៉ឺន​នាក់​។​

​ទន្ទឹមនឹងនេះ លោក Zeid បញ្ជាក់​ក្នុង​របាយការណ៍​ខាងលើ​ទៀតថា រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា ជា​អ្នក​បន្តវេន​សកម្មភាព​របស់​រដ្ឋាភិបាល​ចាស់ ដែល​បានដាក់​ច្បាប់ ប៉ះពាល់​ដល់​សិទ្ធិ​មូលដ្ឋាន​នៃ​ជនភាគតិច​។ ជាងនេះទៅទៀត បញ្ហា​និ​ទណ្ឌ​ភាព នៅតែ​កត្តា​ប្រឈម ដែល​ធ្វើ​ឲ្យ​អំពើហិង្សា​កើនឡើង​យ៉ាងខ្លាំង​។ 

​បើតាម​សារព័ត៌មាន Asia Correspondence មន្ត្រីជាន់ខ្ពស់​សិទ្ធិមនុស្ស​រូបនេះ ប្រាប់​ឲ្យ​ដឹង ដែរ​ថា វា​អាចជា​រឿង​ពិបាក​លុបបំបាត់​ការរើសអើង​បែបនេះ ដោយសារ​ត្រូវការ​ពេលវេលា និង​ហិរញ្ញវត្ថុ​។ ប៉ុន្តែ​វា​ត្រូវតែ​គោលដៅ​ចម្បង ដើម្បី​បញ្ចប់​អំពើហិង្សា និង​រារាំង​ការកើតឡើង​បញ្ហា​ដូចនេះ លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ក៏ដូចជា ជនជាតិភាគតិច​ដទៃ​ទៀត​។

​យ៉ាងណាក្ដី បញ្ហា​នេះ ទំនងជា​ពិបាក​ដោះស្រាយ ខណៈ​រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា ហាក់ដូចជា​គ្មាន​បំណង​ដោះស្រាយ​នោះទេ​។ ក្នុងជំនួប​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់ UN ទីប្រឹក្សា​រដ្ឋ លោកស្រី អ៊ុង​សាន ស៊ូ​ជី បានបញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​មិន​មានបំណង​ប្រើប្រាស់​ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» ឡើយ​។

​សូម​រម្លឹកថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ត្រូវបាន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មុនៗ ផាត់​ចេញពី​បញ្ជី​ជនជាតិភាគតិច​ប្រទេស​នេះ និង​ចាត់ទុក​ក្រុម​នេះ ជា​មនុស្ស​គ្មាន​រដ្ឋ​។ ជម្លោះទឹកដី និង​ធនធានធម្មជាតិ ក្នុង​រដ្ឋ Rakhine ក្លាយជា​អំពើហិង្សា​រវាង​ក្រុម​ភាគច្រើន​ពុទ្ធសាសនិក និង​ក្រុម​ជនជាតិ​មូស្លីម​ភាគតិច​។ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ជាង​មួយ​សែន ត្រូវ​បង្ខំចិត្ត​ផ្លាស់ប្ដូរ​លំនៅ និង​ត្រូវ​រស់នៅ​ក្នង​ជំរំ​៕