ទីក្រុង​ខ្មែរ​នៅ​រដ្ឋ​ចចា​នឹង​ត្រូវ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៥ មិថុនា

សហគមន៍​ខ្មែរ​នៅ​ក្រុង​អាឡាន់តា (Atlanta)  នៃ​រដ្ឋ​ចចា (Georgia) សហរដ្ឋអាមេរិក កំពុង​រៀបចំ​ក្បួន​ព្យុហយាត្រា​លើក​ទី​មួយ​ដើម្បី​អបអរ​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​នៃ​ការ​បង្កើត​ទីក្រុង​ខ្មែរ នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

​សភា​តំណាងរាស្ត្រ​នៃ​រដ្ឋ​ចចា បាន​ទទួល​ស្គាល់​ឲ្យ​មាន​ការ​បង្កើត​ទីក្រុង​ខ្មែរ​នៅ​ទី​នោះ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លង​ទៅ។ យ៉ាងហោចណាស់​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ជាង ១​ម៉ឺន​នាក់​រស់​នៅ​ក្នុង​រដ្ឋ​នេះ។ ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​បាន​កសាង​វត្ត​ប្រាំ បង្កើត​សមាគម​ខ្មែរ​៤ និង​មាន​ហាង​លក់​ទំនិញ​ជា​ច្រើន​ទៀត។

ស្ថាបនិក​ទីក្រុង​ខ្មែរ​ម្នាក់ លោក ណែម ឈើង អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​យក​ទង់​ជាតិ និង​របស់​របរ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ រួម​មាន​ឧបករណ៍​ភ្លេង រូប​ចម្លាក់ ក្រមា ឬ​រូប​គំនូរ​ផ្សេង​ជា​ដើម ដើម្បី​ដាក់​ចូលរួម​នៅ​ថ្ងៃ​ដើរ​ព្យុហយាត្រា​នោះ។ ជាង​នេះ​ទៅ​ទៀត លោក ណែម ឈើង ក៏​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នៅ​ក្នុង​រដ្ឋ​នេះ​ចេះ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​របស់​ខ្លួន​កាន់​តែ​មាន​ភាព​រីកចម្រើន៖ «ខ្ញុំ​សូម​ឲ្យ​ខ្មែរ​យើង​គិត​អំពី​ការ​រួបរួម​គ្នា​នៅ​ក្នុង​សហគមន៍ ហើយ​គិត​ថា នេះ​គឺ​ជា​ការ​កសាង​ផ្ទះ​សម្រាប់​កូន សម្រាប់​ចៅ​យើង។ ម្ល៉ោះ​ហើយ​ការ​មក​ចូលរួម​នេះ​ជា​ការ​បង្ហាញ​នូវ​ភាព​សាមគ្គី​មួយ​ដែល​យើង​កសាង​គ្រឹះ​សម្រាប់​កូន សម្រាប់​ចៅ​យើង​ទៅ​ថ្ងៃ​ក្រោយ ហើយ​ជា​កន្លែង​មួយ​ដែល​យើង​មាន​មោទនភាព​ក្នុង​ការ​បង្ហាញ​ទៅ​ដល់​រដ្ឋាភិបាល​របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋអាមេរិក នេះ​ថា យើង​គឺ​ជា​ជនជាតិ​មួយ​ដែល​រស់​នៅ​ក្នុង​ទីក្រុង​អាឡាន់តា នៃ​រដ្ឋ​ចចា នេះ ក៏​មាន​មុខ​មាន​មាត់​មាន​អរិយធម៌ មាន​វប្បធម៌ ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ខ្លួន​ក្នុង​ការ​បង្ហាញ​ទៅ​ពិភពលោក​ផង​ដែរ»

ក្បួន​ព្យុហយាត្រា​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ខាង​មុខ​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​សមាជិក​រដ្ឋសភា​សមាជិក​ព្រឹទ្ធសភា និង​អាជ្ញាធរ​ដែនដី​ប្រចាំ​ទីក្រុង​អាឡាន់តា ហើយ អាច​នឹង​មាន​មនុស្ស​ប្រមាណ​ពី​៣០០ ទៅ ៥០០​នាក់​ចូល​រួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។