ចង់​ដឹង​ទេ​ថា​យ៉ាងម៉េច​ហើយ ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ដែល​ត្រូវ​គេ​សែង​រាប់​សិប​គីឡូម៉ែត្រ?

ខេត្តក្រចេះ ៖ ដោយសារ​តែ​កា​រស់នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ព្រៃ​ជ្រៅ​លើ​ចម្ងាយ​ផ្លូវ​រាប់​សិប​គីឡូម៉ែត្រ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ត្រូវ​សម្រាលកូន​ម្នាក់​ពិបាក​នឹង​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ ដោយ​ត្រូវ​អ្នក​ភូមិ​ធ្វើ​ស្នែង​អង្រឹង​សែង​ដើរ​បណ្ដាក់​គ្នា កាត់​ព្រៃ កាត់​អូរ កាត់​ស្រែ លើ​ចម្ងាយ​ផ្លូវ​រាប់​សិប​គីឡូម៉ែត្រ​ចេញពី​ព្រៃសំដៅ​មក​មាត់ទន្លេ ដើម្បី​ជិះទូក​ឆ្លងទន្លេ មក​រក​រថយន្ត​ដឹក​សំដៅ​មក​មន្ទីរពេទ្យ ដោយ​ត្រូវ​ចំណាយ​រយៈពេល​ជាង​១​ថ្ងៃ ។ តែ​នៅ​ពេល​នេះ​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ត្រូវ​បាន​សម្រាលកូន​បាន​ដោយ​ជោគជ័យ​ហើយ​ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​ធ្វើការ​វះ​កាត់​រួចរាល់ ។

នៅ​ក្នុង​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​អំពី​សកម្មភាព​របស់​អ្នក​ភួ​មិ​ដែល​នាំ​គ្នា​សែង​ស្ត្រី​មាន​ផ្ទៃពោះ​ដេក​ក្នុង​អង្រឹងស្នែង កាត់​ស្រែ កាត់​ព្រៃ កាត់​អូរ ឆ្លងទន្លេ​មក​ត្រើយម្ខាង ដើម្បី​រក​គ្រូពេទ្យ​ឲ្យ​ជួយ​សង្គ្រោះ ដោយសារ​តែ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ពិបាក​សម្រាលកូន​តាម​ធម្មជាតិ គឺ​មើលទៅ​ហាក់ដូចជា​មាន​ភាព​អាណិត​អាសូរ​ជា​ខ្លាំង ។

តាម​ការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ត្រូវ​សម្រាលកូន​រូប​នេះ​ឈ្មោះ នុ​ត ស្តើង អាយុ​១៩​ឆ្នាំ និង​មាន​ប្តី​ឈ្មោះ រឿង រណ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​តំបន់​ព្រៃ​ដាច់​ស្រយាល ចំណុច​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ នៅ​ត្រើយម្ខាង​នៃ​ស្រុក​សំបូរ និង ក្បែរ​ព្រំប្រទល់​ខេត្តកំពង់ធំ ។ ការ​ឈឺពោះ​សម្រាលកូន​ម្តងនេះ ជា​កូនប្រុស​លើក​ទី​២ បន្ទាប់​ពី​កូនប្រុស​ម្នាក់​អាយុ​១៤​ខែ និង​បាន​ស្នាក់​នៅ​តំបន់​ដាច់​ស្រយាល​ខាងលើ ដោយ​ប្រកប​មុខរបរ​ធ្វើស្រែ​ចម្ការ ។

នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តក្រចេះ ក្រុម​គ្រួសារ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​បាន​ឈឺពោះ​គ្រប់​ខែ​សម្រាលកូន​តាំងពី​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា តែ​ស្ត្រី​រូប​នេះ​ពិបាក​សម្រាល ហើយ​ការ​ឈឺពោះ​កាន់តែ​ខ្លាំង​ទៅ​ៗ ។ តែ​តំបន់​នោះ​ដាច់​ស្រយាល នៅ​ក្នុង​ព្រៃ មិនសូវ​មាន​អ្នក​ភូមិ​រស់នៅ ទើប​ស្ត្រី​រូប​នេះ​ត្រូវ​អ្នក​ភូមិ​មួយ​ចំនួន​ដាក់​ស្នែង​ឫស្សី​សែង​ដើរ​កាត់​ព្រៃ កាត់​ជ្រលង​ដងអូរ កាត់​ស្រែ បណ្ដាក់​គ្នា​សែង ដើម្បី​បញ្ជូន​គាត់​មក​សង្គ្រោះ ។

យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​ការ​ធ្វើ​ដំណើរ​សែង​ថ្មើរជើង​លើ​ចម្ងាយ​ផ្លូវ​ជាង​៤០​គីឡូម៉ែត្រ​ចេញពី​ព្រៃ​មក​ភូមិ​សំដៅ​មក​មាត់​កំពង់ទឹក​ដើម្បី​ជិះទូក​ឆ្លងទន្លេ​មក​កាន់​ទីប្រជុំជន​ស្រុក សំដៅ​បន្ត​តាម​រថយន្ត​មក​មន្ទីរពេទ្យ និង​ក៏​បាន​មក​ដល់​មន្ទីរពេទ្យ​នៅ​ព្រលប់​ថ្ងៃ​ទី​២០ ខែមិថុនា ដោយ​ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ភ្លាម​ៗ រហូត​ទទួល​បាន​ជោគជ័យ ។

បើ​តាម​ក្រុម​គ្រូពេទ្យ​ផ្នែក​សម្ភព​បាន​ឲ្យ​ដឹង​ថា ព្រោះតែ​ទារក​ក្នុង​ផ្ទៃ​របស់​ស្ត្រី​រូប​នេះ​មាន​ទំ​នង់​ធ្ងន់ ទើប​ធ្វើ​ឲ្យ​រូប​គាត់​ពិបាក​សម្រាល​តាម​ធម្មជាតិ ក្រុម​គ្រូពេទ្យ​ក៏​បាន​វះកាត់​ឲ្យ​គាត់​បាន​ដោយ​ជោគជ័យ ៕