ជនអន្តោប្រវេសន៍​វៀតណាម​ស្នាក់​នៅ​និង​ចេញ-ចូល​លេង​កាស៊ីណូ

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ មាន​ជនអន្តោប្រវេសន៍​វៀតណាម​រាប់រយ​នាក់​មក​ដេក​ក្នុង​អង្រឹង​រយីងរយោង​នៅ​ចំណុច​ខាងជើង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត សង្ស័យ​ថា​គ្មាន​លិខិតឆ្លងដែន ក៏​ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ណា​អើពើ​ឡើយ ។

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​នគ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ជនអន្តោប្រវេសន៍​ជនជាតិ​វៀតណាម​ទាំងនោះ​បាន​ឆ្លង​ដែន​តាម​ច្រករបៀង​មក​លេងល្បែង​នៅ​កាស៊ីណូ ពេល​ចាញ់ល្បែង​អស់​មក​ចង​អង្រឹង​ដេក​រយីងរយោង​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ចម្ងាយ​១០០​ម៉ែត្រ សង្ស័យ​ថា គ្មាន​លិខិតឆ្លងដែន លោក​នឹង​រាយការណ៍​ទៅ​ថ្នាក់លើ​ស្នើ​សុំ​គោលការណ៍ ។ ក៏​ប៉ុន្តែ​សមត្ថកិច្ច​ឆ្លើយ​ដាក់​គ្នា​មិន​ទទួលខុសត្រូវ ហើយ​បាន​ចោទប្រកាន់​ថា មាន​លោក​ឧកញ៉ា​ម្នាក់​ជា​ម្ចាស់​ដី​បាន​ជួល​ដី​ទៅ​ឲ្យ​ជនជាតិ​វៀតណាម​សង់រោង​សម្រាប់​ជួល​ឲ្យ​ជនអន្តោប្រវេសន៍​ទាំង​អស់នេះ​ស្នាក់​នៅ ។

បើ​តាម​សំដី​ជនជាតិ​វៀតណាម​ម្នាក់​ដែល​អះអាង​ថា ជា​អ្នក​ជួល​ដី​សង់រោង​ចង​អង្រឹង​ជួល​ឲ្យ​ជនជាតិ​វៀតណាម​ស្នាក់​នៅ​នោះ​បាន​ឲ្យ​ដឹង​ថា រូបគេ​បាន​ជួល​ដី​ពី​លោក​ឧកញ៉ា លី ប៉ោ​យូ ថៅកែ​កាស៊ីណូ ពិភព​ថ្មី ក្នុង​១​ខែ​តម្លៃ​១៥០០​ដុល្លារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ កាលពីមុន​ជួល​ដី​នៅ​ចំណុច​ខាងជើង​ផ្សារ​រាត្រី ក៏​ប៉ុន្តែ​បច្ចុប្បន្ន​កន្លែង​ចាស់​លោក​ឧកញ៉ា លី ប៉ោ​យូ បាន​សង់​អាគារ​ថ្មី​ក៏​ឲ្យ​មក​សង់រោង​នៅ​ជិត​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​នេះ ។

បុរស​ម្នាក់​អះអាង​ថា ជា​មេការ​របស់​លោក​ឧកញ៉ា លី បោ​យូ បាន​និយាយ​ថា លោក​ឧកញ៉ា​ទិញ​ដី​អស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ បើ​មិន​ជួល​ទុក​ដី​ឲ្យ​ទំនេរ​គឺ​ខាត​ចំណូល ។ រីឯ​លោក​ឧកញ៉ា លី ប៉ោ​យូ ម្ចាស់​ដី និង ជា​ថៅកែ​កាស៊ីណូ​ពិភព​ថ្មី មិន​អាច​ទាក់ទង​រក​ការ​បំភ្លឺ​បាន​ទេ ។

ទាក់ទិន​ករណី​នេះ​ដែរ នគ​បាល​វរៈ​ការពារ​ព្រំដែន​ច្រករបៀង​កំពង់​ស្ពាន​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២១មិថុនា​នេះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​នគ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​រាយការណ៍​ជូន​ថ្នាក់លើ​ឲ្យ​មក​ពិនិត្យ និង ស្នើ​សុំ​គោលការណ៍​ចុះ​ត្រួតពិនិត្យ​ករណី​ជនអន្តោប្រវេសន៍​ឆ្លង​ដែន​ខុសច្បាប់​ខាងលើ​នេះ ពីព្រោះ​ទីតាំង​ដែល​ជន​អន្តោ​ប្រ​វ​សន៍​វៀតណាម​មក​ដេក​នេះ គឺ​នៅ​ក្នុង​បរ​វេន​របស់​ទីបញ្ជាការដ្ឋាន​នគ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​ជា​អ្នកគ្រប់គ្រង ៕